ដោយ:ពៅនិមល/ភ្នំពេញ៖ អគារមន្ទីរពិសោធន៍ថ្មី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើរបាយការណ៍សង្ខេបជូនលោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អំពីដំណើរការនៃការសាងសង់អគារមន្ទីរពិសោធន៍ថា អគារថ្មីនេះបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២១ និងបញ្ចប់ទាំងស្រុងនៅខែវិច្ឆិកា ឆ្នាំ២០២២ ដែលចំណាយពេលវេលាសាងសង់ប្រមាណ ១៧ខែ (ក្នុងដំណាក់កាលដ៏លំបាកនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩)។ លោកឲ្យដឹងទៀតថា អគារនេះមានបណ្តោយ ២៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្ពស់ ៥ជាន់។ ជាន់ផ្ទាល់ដី ជាចំណតសម្រាប់ចតរថយន្ត ដោយមានបំពាក់ជណ្តើរយន្តពីជាន់ផ្ទាល់ដី ដល់ជាន់ទី៥។ ជាន់ទី១ និងទី២ មានបន្ទប់ការិយាល័យចំនួន ៧ និងបន្ទប់ទឹកចំនួន១ (មានខណ្ឌចែកបន្ទប់ទឹកបុរស និងនារី ដាច់ដោយឡែកពីគ្នា)។ ជាន់ទី៣ និងទី៤ ពុំទាន់រៀបចំខណ្ឌជាបន្ទប់នៅឡើយ (ទីធ្លាវាល) ដែលក្នុងគម្រោងសម្រាប់អនាគត នឹងត្រូវរៀបចំជាមន្ទីរពិសោធន៍វិភាគមីក្រូជីវសាស្ត្រ សម្រាប់ជាន់ទី៣ និងអាចរៀបចំជាមន្ទីរវិភាគគីមីសាស្ត្រម្ហូបអាហារ សម្រាប់ជាន់ទី៤។ អគារមន្ទីរពិសោធន៍នេះ ក៏បានបំពាក់ផងដែរនូវសម្ភារៈពិសោធន៍មួយចំនួន និងបានរៀបចំការិយាល័យ មានតុ កៅអី កុំព្យូរទ័រ ម៉ាស៊ីព្រីន ម៉ាស៊ីនកូពី និងសម្ភារៈការិយាល័យផ្សេងៗ សម្រាប់មន្ត្រីមន្ទីរពិសោធន៍ បំពេញការងារប្រចាំថ្ងៃ។
នៅក្នុងពិធីនាឱកាសនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម ពិសេសក្រុមការងារសាងសង់ ដែលបានខិតខំប្រឹងប្រែងរៀបចំគម្រោង និងដំណើរការសាងសង់ រហូតដល់ចេញជារូបរាងអគារដ៏ស្រស់ស្អាត ដូចយើងទាំងអស់គ្នាបានឃើញនៅទីនេះ ដែលអគារមន្ទីរពិសោធន៍នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលក្រសួងពាណិជ្ជកម្ម ពិសេសអគ្គនាយកដ្ឋាន ក.ប.ប. ទទួលបាននាដើមឆ្នាំ២០២៣នេះ។
លោករដ្ឋមន្រ្តី បានលើកឡើងថា ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធរឹង ក្រសួងពាណិជ្ជកម្មបានយកចិត្តទុកដាក់និងប្រឹងប្រែងធ្វើការអភិវឌ្ឍតាមរយៈការកសាងបាននូវអគាររដ្ឋបាលនិងមន្ទីរពិសោធន៍នៅថ្នាក់កណ្តាល និងអគាររដ្ឋបាលនិងមន្ទីរពិសោធន៍ខ្នាតតូចនៅតាមបណ្តាខេត្ត ដែលរហូតមកដល់បច្ចុប្បន្ននេះ ខេត្តចំនួន១៦ មានអគារដែលទើបសាងសង់ថ្មីសម្រាប់បំពេញការងាររួចហើយ។ ក្រៅពីនេះ យើងនៅបំពាក់រថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈនិងម្ហូបអាហារចំនួន៩គ្រឿង និងឧបករណ៍សម្រាប់បម្រើឱ្យការងារត្រួតពិនិត្យនិងវិភាគក្នុងមន្ទីរពិសោធន៍ មួយចំនួនទៀត។
សូមបញ្ជាក់ថា បន្ទាប់ពីពិធីសម្ពោធអគារមន្ទីរពិសោធន៍ថ្មីរួចមក លោករដ្ឋមន្រ្តី ក៏បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងចែកទានជូនយាយជី តាជី ចំនួន ១២៣នាក់ផងដែរ៕ N

រូបភាព៖ ពៅនិមល