ដោយៈ សុណ្ណកុម្ភៈ / ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថាៈ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរលើកទី៦ ឆ្នាំ២០២៣ នៅខេត្តសៀមរាប មានអ្នករត់ បានចុះឈ្មោះ ជាង ៨០០ នាក់ មកពី ៣៧ ប្រទេស ច្រើនជាងរាល់ឆ្នាំៗ រហូតដល់ ២ ដង បង្ហាញថា ការរត់ឆ្នាំនេះ នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ជនបរទេស និងប្រជាពលរដ្ឋខ្មែរ រស់នៅក្នុង និងក្រៅប្រទេស។

លោកអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើង ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរលើកទី៦ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៣ នាសាលប្រជុំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកបានបន្តថាៈ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរលើកទី៦ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ លើវិញ្ញាសាជាច្រើន រួមមាន រត់ចម្ងាយ ១០០ គីឡូម៉ែត្រ រត់ចម្ងាយ ៦៤ គីឡូម៉ែត្រ រត់ចម្ងាយ ៤២ គីឡូម៉ែត្រ រត់ចម្ងាយ ៣២ គីឡូម៉ែត្រ រត់ចម្ងាយ ១៦ គីឡូម៉ែត្រ និងរត់ចម្ងាយ ៨ គីឡូម៉ែត្រ ដោយមានអ្នករត់ អ្នកមកពី ៣៧ ប្រទេស ក្នុងនោះ ៣ ប្រទេស មានអ្នករត់ច្រើនជាងគេ គឺប្រទេសកម្ពុជា មាន ១៩១ នាក់ ប្រទេសបារាំង និងប្រទេសវៀតណម៕/V-PC