ដោយៈសុផល/ភ្នំពេញ៖សភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មកម្ពុជា នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះបានរួមគ្នារៀបចំវេទិកាស្តីពី “ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តក្វាងស៊ី)” ក្រោមវត្តមានសហគ្រិន និងវិនិយោគិនកម្ពុជា-ចិន ជាច្រើនរូប នៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកានេះប្រព្រឹត្តឡើងក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ សភាពាណិជ្ជកម្មជនជាតិជាំង ក្វាងស៊ីមកកម្ពុជា ក្នុងគោលបំណង ជួបពិភាក្សាការងារសិក្សាលទ្ធភាពក្នុងការសហការ និងស្វែងរកឱកាសក្នុងការវិនិយោគ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដោយផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាលទ្ធផល ចេញពីវេទិកានេះ ទាំងសហគ្រិន និងវិនិយោគិន កម្ពុជា និងវិនិយោគិនចិន ពីមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលចូលរួមក្នុងវេទិកានេះ បានសម្រេចចុះអនុស្សរណៈ សហការគ្នានាំចេញ និងនាំចូលលើវិស័យជាច្រើន ប្រកបដោយផ្លែផ្កា។

ថ្លែងក្នុងវេទិកាពាណិជ្ជកម្មនេះ លោក កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការគាំទ្រយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញជាបន្តនូវយុទ្ធសាស្ត្រចតុកោណដែលជាការតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយជាមួយ រដ្ឋាភិបាលចិន ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យមានប្រៀបលើការប្រកួតប្រជែងក្នុងរបស់ទីផ្សារពិភពលោក ដែលកំពុងធ្វើបដិវត្តន៍ឌីជីថល៤.០។

លោកបានបន្តថា៖ក្នុងរយៈពេលជាង១០ឆ្នាំ ចុងក្រោយមុនវិបត្តិសាកលកូវីដ-១៩ កម្ពុជាបានសម្រេចកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ក៏ដូចជាសម្រេចបាននូវការកាត់បន្ថយនូវភាពក្រីក្រ និងវិសមភាពក្នុងសង្គម គួរឱ្យកត់សម្គាល់។ លើមូលដ្ឋាននេះ កម្ពុជាបាន ប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥កន្លងទៅ។ សមិទ្ធិផលទាំងអស់នេះបានជំរុញឱ្យកម្ពុជាកំណត់ ចក្ខុវិស័យ និងបំណងប្រាថ្នារយៈពេលវែង សំដៅឈានឡើងទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០និងទៅជា ប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ខាងមុខ។

លោក កៅ កោសល បានឱ្យដឹងទៀតថា ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិនក្នុងឆ្នាំ២០២១សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១.១៩៤ (ដប់មួយពាន់ មួយរយកៅសិនបួន) លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅប្រទេសចិន បានជាង ១.៥១០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង ៩.៦៨៤ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០។

បន្ថែមពីនេះទៀត កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្ម មានដូចជាបានបង្កើត មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ចំនួន៩ទីតាំងនៅតាមទីក្រុងធំៗមួយចំនួននៃប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពល កម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគ របស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន។ ថ្មីៗកន្លងទៅនេះ កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយក ដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិ ជាំងក្វាងស៊ី ប្រទេសចិនក្នុងគោលដៅជំរុញ ផលិតផល សក្តានុពលកម្ពុជាទៅកាន់ទីផ្សារចិនក្នុងនោះនឹងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជា ៤០ ម៉ឺនតោន ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២២-២០២៣នេះ។

លោកអគ្គនាយកជំរុញពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា៖កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរកម្ពុជា-ចិន ក្រោមក្របខ័ណ្ឌ តំបន់ ភាគីទាំងពីរបានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ (RCEP)។ ក្រោមក្របខ័ណ្ឌទ្វេភាគី កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិនកាល ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដែលបានត្រួសត្រាយផ្លូវ
សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន៕/PC