ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទលាក់ថ្នាំញៀនកូកាអ៊ីន១០០គ្រាប់នៅក្នុងពោះក្នុងបំណងលួចនាំចូលប្រទេសអូស្ត្រាលី។
ជនសង្ស័យជាបុរសអេស្ប៉ាញបានទៅដល់អាកាសយានដ្ឋានទីក្រុងស៊ីដនីក្នុងដំណើរទៅពីបារាំង ដោយឆ្លងកាត់ហុងកុងកាលពីថ្ងៃ១មករា ជាមួយនឹងថ្នាំញៀនកូកាអ៊ីនទម្ងន់១,៦គីឡូក្រាមទៅជាមួយ។
កងកម្លាំងព្រំដែនអូស្ត្រាលីបានពិនិត្យវ៉ាលីសដាក់អីវ៉ាន់របស់ជនសង្ស័យ និងការស្គែននៅពេលក្រោយមកបានរកឃើញថ្នាំញៀនពេញណែនពោះរបស់គាត់។ក្រោយបង្ខំអោយបន្ទោរបង់ ថ្នាំញៀនកូកាអ៊ីន១០០គ្រាប់ ដោយមួយគ្រាប់ៗទម្ងន់១៦ក្រាម ត្រូវបានរាប់ឃើញ។
ហេតុការណ៍លួចនាំចូលថ្នាំញៀនដ៏ចម្លែកនេះបានកើតឡើងក្រោយបុរសអៀឡង់អាយុ២៨ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់នៅសប្តាហ៍នេះផងដែរចំពោះការលាក់ថ្នាំកូកាអ៊ីន៦គ្រាប់ទម្ងន់១២០ក្រាមនៅក្នុងពោះ។
ស្នងការរងប៉ូលីសស៊ើបអង្កេតអូស្ត្រាលី លោកកាលី ស្មីត(Carly Smith)បាននិយាយថា ពួករត់ពន្ធថ្នាំញៀនប្រភេទនេះមិនត្រឹមតែប្រឈមគ្រោះថ្នាក់ដល់ជីវិត តែប៉ះពាល់ដល់សហគមន៍ផងដែរ។«នរណាដែលលួចលាក់ថ្នាំញៀនក្នុងពោះមិនត្រឹមតែប្រឈមការជាប់គុក តែក៏បង្កហានិភ័យចំពោះសុខភាពនិងសុខុមាលភាពផងខ្លួនឯងដែរ»៕
ប៉ូលិសបានអោយដឹងថា ជនសង្ស័យចុងក្រោយបានលេបគ្រាប់ថ្នាំមុនចាកចេញពីបារាំង ។ជននេះត្រូវបានចោទប្រកាន់មួយករណីចំពោះការនាំចូលថ្នាំញៀនកូកាអ៊ីន ដែលអាចជាប់គុកច្រើនបំផុត២៥ឆ្នាំ