ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ចិនបានច្រានចោលការសុំផ្តល់វ៉ាក់សាំងទំនើបម្តងជាពីរដងនៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងខិតខំទប់ទល់នឹងរលកកូវីដ១៩ដ៏រាលដាលចំពេលពួកមន្ត្រីអាម៉េរិកព្រួយបារម្ភអំពីការផ្ទុះឡើងវិញជំងឺកូវីដ១៩នៅចិន។
អាម៉េរិកសុំផ្តល់វ៉ាក់សាំងទំនើបប្រឆាំងកូវីដ១៩ ដល់ចិនតាមបណ្តាញមិនផ្លូវការ
ដោយបារម្ភអំពីការកកើតឡើងនៃវីរុសបំប្លែងខ្លួនថ្មីនិងផលរបស់វាលើសេដ្ឋកិច្ចចិន អាម៉េរិកម្តងហើយម្តងទៀតបានសុំផ្តល់វ៉ាក់សាំងប្រើបច្ចេកវិទ្យាmRNAនិងជំនួយដទៃទៀតទៅកាន់រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ី ជីនភីង តាមបណ្តាញឯកជន នេះបើតាមការអោយដឹងពីមន្ត្រីអាម៉េរិកដែលសុំមិនបញ្ចេញឈ្មោះ។
ពួកមន្ត្រីអាម៉េរិកក៏បានស្នើបង្កើតផ្លូវមិនផ្ទាល់ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងក្នុងកិច្ចខិតខំសម្រួលភាពរសើបផ្នែកនយោបាយនៅចិនចំពោះការទទួលជំនួយអាម៉េរិក។
ការសុំផ្តល់របស់អាម៉េរិកធ្វើឡើងដោយមន្ត្រីការទូតជាន់ខ្ពស់ រួមមានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក ដានៀល គ្រីថិនប្រ៊ីង(Daniel Kritenbrink)និងនាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក លួរ៉ា រ៉ូសិនប៊ឺហ្គ័រ(Laura Rosenberger)កាលពីខែធ្នូ ព្រមទាំងតាមរយៈមន្ត្រីសុខាភិបាលនិងអន្តរការី។
ក្រសួងការបរទេសចិនមិនបានឆ្លើយតបនឹងសំណួរអ្នកកាសែតភ្លាមៗនៅឡើយទេ តែគេថារដ្ឋាភិបាលទីក្រុងប៉េកាំងបានច្រានចោលម្តងជាពីរដងសំណើរបស់អាម៉េរិកនិងថា ខ្លួន«មានវ៉ាក់សាំងគ្រប់គ្រាន់»ហើយ។
ពួកអ្នកវិភាគនិយាយថា ការព្រមទទួលយកវ៉ាក់សាំងmRNAពីអាម៉េរិកនឹងបង្ហាញថា ចិនបរាជ័យក្នុងការអភិវឌ្ឍនិងផលិតវ៉ាក់សាំងកូវីដ១៩តាមបច្ចេកវិទ្យាmRNAផ្ទាល់របស់ខ្លួនចំពេលដែលចិនជំរុញការពឹងលើខ្លួនឯង ក្នុងយុទ្ធសាស្ត្រធំមួយដើម្បីទប់ទល់នឹងយុទ្ធនាការរាំងខ្ទប់ពីអាម៉េរិកមិនអោយចិនងើបផុតខ្លួន។
សូមបញ្ជាក់ថា ចិនរំពឹងថានឹងមានកំណើននៃការធ្វើដំណើរក្នុងអំឡុងរដូវចូលឆ្នាំចិននាពេលខាងមុខ ដោយការធ្វើដំណើរប្រហែលជា២,១ទ្រីលានជើង នឹងធ្វើឡើងតាមផ្លូវគោក អាកាសនិងផ្លូវទឹក ដោយកើនលើសពេលដូចគ្នាកាលពីឆ្នាំមុន។ការបន្ធូរបន្ថយការគ្រប់គ្រងកូវីដកាលពីពេលថ្មីៗនិងការបើកព្រំដែនឡើងវិញចាប់ពីចុងសប្តាហ៍នេះទៅវានឹងជំរុញអោយមនុស្សវិលទៅស្រុកនិងចេញទៅក្រៅប្រទេសតែវាកំពុងបង្កការព្រួយបារម្ភអំពីការនាំមេរោគកូវីដ១៩ទៅពាសពេញផ្ទៃប្រទេសដោយមិនអាចគ្រប់គ្រងបាន៕
ការធ្វើដំណើររបស់ប្រជាជនចិនក្នុងអំឡុងពេលចូលឆ្នាំថ្មី២១-២៧មករា ត្រូវរំពឹងថានឹងកើនទ្វេ រហូតល់២,១ទ្រីលានជើង