ដោយៈ ចាន់តូ/ភ្នំពេញ: មន្ត្រីនគរបាលម្នាក់ត្រូវបានប្រពន្ធតាមទាន់លួចលាក់មានស្រីថ្មី នៅបន្ទប់ជួល ហើយមានទំនាស់គ្នាបែកផ្សែងប្តឹងនគរបាលមូលដ្ឋានអោយជួយអន្តរាគមន៍ តែស្រីស្នេហ៍ និងបុរសជាប្តី បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោងប្រមាណ១២:៣០នាទីយប់ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសជាប្តី ឈ្មោះប្រាក់ សុភារ៉ា ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខ របរជាមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯក (ពាក់សក្ត័៣) នៅរាជបណ្ឌិតសភា។ ចំណែកស្ត្រីជាប្រពន្ធ ឈ្មោះ សុខ ថាវរី អាយុ២៩ឆ្នាំ មានលំនៅស្នាក់នៅ ភូមិ៣ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។ មានកូនស្រីតូចម្នាក់រស់នៅក្នុងបន្ទុក។ ដោយឡែក នារីជាស្រីស្នេហ៍ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ។
តាមស្ត្រីជាប្រពន្ធ បានអោយដឹងថា គាត់នឹងប្តី បានរួមរស់នៅជាមួយគ្នា ជាប្តីប្រពន្ធរយៈពេល ៤ឆ្នាំ មកហើយ ដោយពុំបានរៀបការឡើយបានត្រឹមតែសែនព្រេន និងបានចុះអេតាស៊ីវិលត្រឹមត្រូវ។ ការរស់នៅជាមួយគ្នា បានកូនស្រីមួយ ។នៅពេលថ្មីៗ គាត់២នាក់ប្តី ប្រពន្ធ មិនសូវចុះសម្រុងគ្នា ហើយ ប្តី តែងតែ បង្កជំលោះក្នុងគ្រួសារ និងប្រើហឹង្សាជាញឹកញាប់ និងបានគេចមិនចូលផ្ទះ។
តាមស្ត្រីជាប្រពន្ធបានអោយដឹងទៀតថា ដោយមានការសង្ស័យគាត់ក៍បានជួលគេឲ្យតាមដានប្តី និងដឹងដំណឹងថា ប្តីមានស្រី និងបើករថយន្តស្លាកលេខ នគរបាល មកដេកនៅផ្ទះជួលជាមួយស្រីស្នេហ៍ ខាងលើ។ បន្ទាប់មកគាត់ក៍បាននាំ ម្តាយ និងកូនស្រីជួលរថយន្តគេជិះមកពីស្រុកកំណើតតាមរកប្ដីហើយ បានប្រទះឃើញ ប្តី នៅក្នុងបន្ទប់ជួលជាមួយស្រីស្នេហ៍ ក៏មានទំនាស់គ្នា បង្កអោយផ្អើលពេញភូមិ ។ ខណៈនោះ បុរសជាប្តី បានគំរាមកំហែងប្រុងប្រើហឹង្សាមកលើស្ត្រីជាប្រពន្ធទៀតផង៕/R