ដោយ: បូកគោ/កំពត: អាជ្ញាធរ និងមន្ត្រីជំនាញបានអះអាងថា ប្រជាពលរដ្ឋគ្រប់មូលដ្ឋាននៅទូទាំងខេត្តកំពតភាគច្រើនបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទីបួន។ បច្ចុប្បន្នពលរដ្ឋកំពុងត្រៀមចាក់ដូសបន្ទាប់ខណៈដែលដូសទី៦ នឹងចាប់ផ្តើមចាក់នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ខាងមុខ។ អាជ្ញាធរកំពុងបន្តផ្សព្វផ្សាយ និងជំរុញពលរដ្ឋឲ្យមកទទួលវ៉ាក់សាំងគ្រប់ដូសតាមពេលវេលាកំណត់។
លោកនូ ច័ន្ទដា អភិបាលស្រុកបន្ទាយមាសបានមានប្រសាន៍ថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាកត្តាសំខាន់ដើម្បីធានាដល់អាយុជីវិត និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ សហគមន៍ និងសង្គមជាតិ។ កន្លងមក អាជ្ញាធរស្រុកបានសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញក្នុងការផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ដូសតាមពេលវេលាកំណត់។ លោកអភិបាលស្រុកបានបញ្ជាក់ថាបច្ចុប្បន្នប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រមាណជាង៨០ភាគរយបានទទួលវ៉ាក់សាំងដូសទី៤។
ប្រជាពលរដ្ឋរស់នៅភូមិព្រែកចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាសបានប្រាប់ឲ្យដឹងថាពួកគាត់កំពុងត្រៀមទទួលវ៉ាក់សាំងដូសទី៥ និងដូសបន្តបន្ទាប់ទៀតតាមការណែនាំរបស់អាជ្ញាធរ។ ការទទួលវ៉ាក់សាំងនៅក្នុងមូលដ្ឋានមានភាពងាយស្រួល និងមិនរំខានដល់ការងារប្រចាំថ្ងៃឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថាទាំងនេះដោយសារការយកចិត្តទុកដាក់របស់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធដោយមិនគិតពីពេលវេលាផ្ទាល់ខ្លួន។
តាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកំពតបានបញ្ជាក់ថាលទ្ធផលនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តកំពត រួមមាន ដូសទី១ ពីអាយុ៣ឆ្នាំឡើងបានប្រមាណជាង ៥៥ម៉ឺននាក់ ស្មើ១០៤ភាគរយនៃផែនការប្រជាពលរដ្ឋដែលត្រូវទទួលវ៉ាក់សាំង។ ដូសទី២បានជាង៥២ម៉ឺននាក់ ដូសទី៣បានជាង៣៤ម៉ឺននាក់ ដូសទី៤ ពីអាយុ៥ឆ្នាំឡើងបានជាង១២ម៉ឺនាក់ និងដូសទី៥បានជាង២ម៉ឺនាក់។ ឯការចាក់វ៉ាក់សាំងដូសទី៤ជូនកុមារអាយុ៣ឆ្នាំ និងដូសទី៥ជូនកុមារអាយុ៥ឆ្នាំឡើង ព្រមទាំងដូសទី៦នឹងចាប់ផ្តើមបើកយុទ្ធនាការនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕/R