ដោយ: សុផល/ភ្នំពេញ៖ ដោយចាត់ទុកប្រជាពលរដ្ឋជាធំ និងបង្កលក្ខណៈងាយស្រួលជូនអតិថិជន ធនាគារអេស៊ីលីដា ភីអិលស៊ីសាខាថ្មីនៅផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីនអន ៣)ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី៦មករា ដោយបើកបម្រើសេវាកម្មតាំងពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ សូម្បីថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យក៏ដោយចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៧ល្ងាច”។ទីតាំងនេះគឺជាសាខាទី២៦៤របស់ធនាគារអេស៊ីលីដានៅទូទាំងប្រទេស។
អ្នកស្រី កែប ពិសី នាយិកាសាខាធនាគារអេស៊ីលីដាសាខាផ្សារទំនើបអ៊ីអនមានជ័យ បានថ្លែងថា៖ធនាគារអេស៊ីលីដា តែងតែបានពង្រីកសាខាថ្មីជាបន្តបន្ទាប់ដែលក្នុងនោះមានផ្សារទំនើបអ៊ីអនមានជ័យនេះក្នុងគោលបំណងបង្កើនលទ្ធភាពក្នុងការផ្តល់សេវាកម្មជូនអតិថិជនដល់ ទីកន្លែងដែលកាន់តែរហ័ស និង មានសុវត្ថិភាព។
អ្នកស្រី កែប ពិសី បានមានប្រសាសន៍ថា៖ លក្ខណៈពិសេសរបស់ធនាគារអេស៊ីលីដាសាខាថ្មីនេះគឺការផ្តល់សេវាកម្មជូនអតិថិជនបាជារៀងរាល់ថ្ងៃ បើទោះបីស្ថិតក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ឬ ថ្ងៃឈប់សម្រាកបុណ្យទានអ្វីក៏ដោយ។
អ្នកស្រីនាយិកា បានថ្លែងប្រាប់អ្នកសារពត៌មានយ៉ាងដូច្នេះថា«សម្រាប់អតិថិជន គឺមានភាពងាយស្រួល។ បានន័យថាថ្ងៃបុណ្យ ថ្ងៃឈប់សម្រាកពីការងារសាធារណជនអាចមកទទួលសេវាកម្មនៅធនាគារអេស៊ីលីដាសាខាផ្សារទំនើបអ៊ីអនមានជ័យនេះបាន។ចំពោះអ្នកដែលទំនេរពីការងារនាពេលល្ងាចក៏អាចមកទទួលសេវាកម្មនានារបស់ធនាគារអេស៊ីនៅសាខាផ្សារទំនើបអ៊ីអនមានជ័យនេះបាន ផងដែរ»។
ចំណែកអ្នកស្រី សុខ សោភានាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សាររបស់ធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា៖ការពង្រីកសាខាធនាគារអេស៊ីលីដានៅអ៊ីអនមានជ័យនេះ គឺជាការដើរតាមអតិថិជនគោលដៅរបស់ខ្លួនដែលមានការកើនឡើងជាលំដាប់ខណៈផ្សារទំនើបអ៊ីអនជាដៃគូយុទ្ធសាស្ត្ររបស់អេស៊ីលីដា។
អ្នកស្រីបានលើកឡើងថា៖ « ផ្សារទំនើបអ៊ីអនពង្រីកដល់ទីណា សេវាកម្មធនាគាររបស់យើងក៏ត្រូវតែដល់ទីនោះដែរដើម្បីតាមបម្រើដៃគូរបស់យើង ក៏ដូចជាបម្រើអតិថិជនរបស់ធនាគារយើង»។
នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានបន្ថែមថា៖ជាយុទ្ធសាស្ត្រធនាគារអេស៊ីលីដានឹងត្រូវបានពង្រីកទីតាំងឬសាខានៅគ្រប់ទីកន្លែនិងតំបន់នានា ដើម្បីបម្រើសេវាកម្មដល់អតិថិជនរបស់ខ្លួនដែលមានដល់ជិត៤លាននាក់នៅទូទាំងប្រទេសនាពេលបច្ចុប្បន្ន។ក្រៅពីការផ្តលសេវាឱ្យអតិថិជនដោយផ្ទាល់ហើយនោះ អេស៊ីលីដា ម៉ូបាល (ACLEDA Mobile) ក៏កំពុងបំពេញតួនាទីក្នុងការផ្តល់សេវាកម្មយ៉ាងល្អ រហ័សនិងងាយស្រួលដល់អតិថិជន ស្របតាមការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជាផងដែរ។
ដោយឡែកទាក់ទងនឹងប្រតិបត្តិការកន្លងមក អ្នកស្រី សុខ សោភា បានឱ្យដឹងថា៖នៅក្នុងឆ្នាំ២០២២ កំណើនប្រតិបត្តិការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្ពស់ធៀបនឹងឆ្នាំ២០២១កន្លងទៅ ហើយតាមរយៈកំណើនៃការទូទាត់តាមប្រព័ន្ធឌីជីថលនេះដែរបានជំរុញឱ្យបណ្ដាធនាគារនានាបង្កើនការផ្គត់ផ្គង់សេវាកម្មថ្មីៗដោយផ្ដោតលើប្រព័ន្ធឌីជីថល ។កំណើននៃការប្រើប្រាស់លើឌីជីថលកើនឡើង៨០ភាគរយលើសាច់ប្រាក់ដែលអតិថិជនធ្វើប្រតិបត្តិការលើឌីជីថល ហើយ៧៨ភាគរយលើចំនួនប្រតិបត្តិការ។
អ្នកស្រីបន្តថា៖កាលពីឆ្នាំ២០២១ ចំនួនទឹកប្រាក់ដែលធ្វើប្រតិបត្តិការតាមប្រព័ន្ធឌីជីថលមានចំនួនជាង ៨៨លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០២២ទឹកប្រាក់ធ្វើប្រតិ បត្តិការតាមឌីជីថលមានចំនួន ១៣៧លានដុល្លារអាមេរិក ដូច្នេះមានកំណើនខ្ពស់ ។ ចំណែកចំនួនប្រតិបត្តិការវិញឃើញថាបានកើនឡើងពី ៧៧លានប្រតិបត្តិការក្នុងឆ្នាំ២០២១ កើនឡើងដល់ ១៣៧លានប្រតិបត្តិការ”៕Ph