ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មន្ត្រីជំនាញ អាជ្ញាធរដែនដី ផ្នែ្ឯកជន និងមិត្តបរទេស នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានជំរុញឱ្យកូនៗ ក្មួយៗ ជាសិស្សានុសិស្ស ខិតខំពេញទំហឹងក្នុងការរៀនសូត្រ ឱ្យបានចំណេះជំនាញ ត្រូវត្រងត្រាប់ស្តាប់ការអប់រំ ណែនាំឱ្យដំបូន្មានពីលោកគ្រូអ្នកគ្រូ អាណាព្យាបាល មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបានក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ។

ក្នុងនោះដែរ ក៏ជំរុញឱ្យក្មួយៗសិស្សានុសិស្សចូលចិត្តអាន ហើយសិក្សាស្រាវជ្រាវជាមួយសៀវភៅ និងក្នុងអ៊ិនធឺណែត ។

មន្ត្រីដូចខាងលើ ចាប់អារម្មណ៍និងថ្លែងដូច្នោះក្នុងពិធីសម្ពោធអាគារបណ្ណាល័យតូច ១ខ្នង នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រះនេត្រព្រះ ស្ថិតនៅភូមិកណ្ដាល ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បណ្ណាល័យនេះ សាងសង់ក្រោមការគាំទ្រមូលនិធិ ដោយប្រាសាក់ និងសហគមន៍ ហើយអនុវត្តគម្រោងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

លោក ប៊ូន លាងផេង អភិបាលរងស្រុកព្រះនេត្រព្រះ បានឱ្យដឹងថាៈ ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រះនេត្រព្រះ នាឆ្នាំសិក្សាថ្មីនេះ មានការឧបត្ថម្ភ គាំទ្រពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជួយសាងសង់អគារបណ្ណាល័យ១ខ្នង សម្រាប់ការសិក្សាស្រាវជ្រាវ និងរក្សាទុកឯកសារសម្រាប់សាលា។
វាមានទំហំ ៩ ម៉ែត្រ គុណនឹង ១២ ម៉ែត្រ ដែលចំណាយថវិកាសុប ៤៤.៩៣៥ ដុល្លារអាម៉េរិក ។ សាលាបង្កើតឡើង នៅឆ្នាំ១៩៩៣ ។ ទីធ្លាសាលា មានទំហំ១៣.៦២០ ម៉ែត្រក្រឡា មានអគារ ៥ ខ្នង បន្ទប់ ១៨ បន្ទប់ ក្នុងនោះ មានថ្នាក់រៀន ១០ បន្ទប់។ ដោយឡែក ចំពោះស្ថានភាពទូទៅសាលា អនុវិទ្យាល័យ នាឆ្នាំនេះ មាន ១០ ថ្នាក់ សិស្ស ៤០៧ នាក់ ស្រី ២១៥ នាក់ អាហារូបករណ៍ចំនួន ៧៤ នាក់។ មានបុគ្គលិក ១៩ នាក់ គ្រូអប់រំកាយនិងកីឡា ១៩ នាក់ ។

លោក គឹម យន់ជុង តំណាងធនាគារខេប៊ីមីន ប្រទេសកូរ៉េខាងត្បូង ដែលជាដៃគូរបស់ប្រាសាក់ ក៏ដូចជាលោក អ៊ុ សំាអឿន នាយកប្រតិបត្តិស្ថាប័នឯកជនមីក្រូហិរញ្ញវត្ថុប្រាសាក់ លោក ស៊ុន ប៊ុនណា តំណាងក្រសួងអប់រំ យុវជន និងកីឡា បានអបអរចំពោះសមិទ្ធផលអគារបណ្ណាល័យ ១ខ្នងនេះ និងគ្រឿងសង្ហារឹម និងសៀវភៅអានចម្រុះ យ៉ាងច្រើន ដែលមូលនិធិប្រាសាក់ សហគមន៍ខ្មែរ និងកូរ៉េខាងត្បូង ផ្តល់ឱ្យសាលារៀន សម្រាប់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រើប្រាស់ ជាប្រយោជន័ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស នៅមូលដ្ឋាន។

អស់លោក បានបន្តថាៈ ដើម្បីមានអនាគតល្អ ហើយគ្រួសារមានជីវភាពប្រសើរឡើង ហើយសហគមន៍មូលដ្ឋាន និងប្រទេស មានការរីកចម្រើន គឺទាល់តែកូនចៅពលរដ្ឋ ពលរដ្ឋជាធនធានមនុស្ស មានចំណេះជំនាញ ខិតខំនិងមានភាពប៉ិនប្រសប់ ក្នុងការធ្វើការងារ ប្រកបរបររកស៊ី និងធ្វើអាជីវកម្ម។

ចំណែកលោក លី សុវណ្ណារឺទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា: គ្មានសហគមន៍ និងប្រទេសមួយណា មានការរីកចម្រើនបានទេ បើគ្មានអ្នកចេះដឹង ។ បើទោះជាមាន កេរមរតកធនធានធម្មជាតិសម្បូរបែបយ៉ាងណា ក៏ចាំបាច់ត្រូវតែមានមនុស្ស ដែលមានចំណេះដឹងទូទៅ និងចំណេះជំនាញ សម្រាប់ទាញយកប្រយោជន៍ពីវា ។ ហេតុនេះ ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច ដៃគូអភិវឌ្ឍន៍ លោកសូមជំរុញឱ្យក្មួយៗ សិស្សានុសិស្ស ខិតខំរៀន យកចិត្តទុកដាក់ស្តាប់ និងអនុវត្តតាមគ្រូបង្រៀន។

លោក លី សុវណ្ណារឹទ្ធិ ក៏លើកទឹកចិត្តឱ្យក្មួយៗចូលចិត្តអាន ហើយស្រាវជ្រាវពីសៀវភៅក្នុងនិងក្រៅសាលា ពីក្នុងបណ្ណាល័យថ្មីនេះ និងពីក្នុងអ៊ិនធឺណែត ៕ V / N