ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុមមាន់ខ្នាយមាស Tottenham ថ្ងៃសៅរ៍នេះមានសង្ឃឹមឈ្នះខ្ពស់ជាងគេក្នុងការប្រកួត FA Cup ដែលមានសរុប ៣១ គូនៅចុងសប្តាហ៍នេះនៅពេលពួកគេស្វាគមន៍គីឡូស្រាល Portsmouth។ ដោយឡែក Real Madrid និង Juventus ក៏ជាក្រុមរំពឹងឈ្នះផងដែរនៅលីកអេស្ប៉ាញនិងអ៊ីតាលីរៀងៗខ្លួន។
– Tottenham vs Portsmouth
ត្រឹមតែបីថ្ងៃបន្ទាប់ពីការប្រកួត Derby ក្នុងទីក្រុងឡុងដ៍ទល់នឹងក្រុម Crystal Palace ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងធ្វើការប្រកួតក្នុងជុំទីបីនៃពានរង្វាន់ FA Cup ។
កូនក្រុមរបស់លោក Antonio Conte នឹងលេងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Portsmouth នៃក្របខណ្ឌ League One ក្នុងការប្រកួត FA Cup នៅថ្ងៃសៅរ៍នេះ។
ដោយនេះជាការប្រកួតតូច យើងរំពឹងថាអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះនឹងដាក់ឈុតតូចឱ្យលេងនៅថ្ងៃសៅរ៍នេះ ជាពិសេសដោយដឹងថា Spurs ជាគីឡូធ្ងន់ស្រាប់នៅទីនេះ ទោះដាក់បម្រុងឈុតទីប៉ុន្មានក៏ដោយ។
ទោះយ៉ាងណា យើងត្រូវតែនិយាយដោយត្រង់ថា ទម្រង់លេងនាពេលថ្មីៗនេះរបស់ Tottenham មិនគួរឱ្យចាប់អារម្មណ៍នោះទេ។ កូនក្រុមរបស់លោក Conte បានរបូតគ្រាប់បាល់២គ្រាប់ក្នុងប្រកួតនីមួយៗនៃ Premier League ពីរលើកចុងក្រោយ បន្ទាប់ពីការសម្រាកវើលខាប់។
ពួកគេដណ្តើមបានតែមួយពិន្ទុប៉ុណ្ណោះក្នុងដំណើរការនេះ ដោយលេងស្មើ ២-២ នៅទឹកដី Brentford និងចាញ់ ០-២ នៅផ្ទះរបស់ Aston Villa ។
លោក Conte មានបញ្ហាធំណាស់ ដោយកីឡាករជាច្រើននាក់បានរងរបួស ខណៈកីឡាករ Dejan Kulusevski ថ្មីៗនេះបានចូលរួមក្នុងបញ្ជីរបួសពេលចាញ់ Villa។
ជាសំណាងល្អសម្រាប់ Spurs និងអ្នកគាំទ្ររបស់ពួកគេ ពួកគេត្រូវលេងទល់នឹងក្រុមធ្លាក់ជើងមកពី League One។ Portsmouth មិនខ្វល់ពីការប្រកួត FA Cup សូម្បីតែបន្តិច ព្រោះឥឡូវពួកគេកំពុងស្ថិតក្នុងតំបន់គ្រោះថ្នាក់ បន្ទាប់ពីការប្រកួតលីកចំនួន ៩ លើកជាប់ៗគ្នា ដោយមិនទទួលជ័យជម្នះសោះ។
Portsmouth រកបានមិនលើសពីពីរពិន្ទុទេក្នុងការប្រកួត League One ៥លើកចុងក្រោយ។ ពួកគេក៏ស៊ុតមិនចូលទីគេនោះដែរនៅ៥ប្រកួតក្រៅទឹកដីចុងក្រោយ។
ក្រុមទាំងពីរខានជួបគ្នាជាង១០ឆ្នាំមកហើយ ប៉ុន្តែប្រវត្តិជួបគ្នាគឺ Spurs ឈ្នះ ១០ ស្មើ ៧ ចាញ់ ៤ ដូច្នេះត្រឹមគីឡូបម្រុងរបស់ Spurs ក៏ពួកគេអាចយកឈ្នះក្រុម Portsmouth ដែលគ្មានទឹកចិត្តលេងនោះដែរ។
លទ្ធផលព្យាករណ៍ Spurs ឈ្នះ ៤-១។
– Villarreal vs Real Madrid
ក្រុមស្តេចស Real Madrid បានទាញយកប្រយោជន៍ពីការភ្លាត់ស្នៀតរបស់ Barcelona កាលពីចុងសប្តាហ៍មុន ដើម្បីស្មើពិន្ទុគ្នាជាមួយនឹងក្រុម Catalans នៅលើកំពូលតារាង La Liga បន្ទាប់ពីទទួលជ័យជម្នះ ០-២ លើ Valladolid ។
ស្តេចសលេងមិនបានល្អទេនៅប្រកួតទី១ក្រោយវើលខាប់។ ពួកគេជួបការលំបាកក្នុងការទម្លុះសំណាញ់ទី ហើយពួកគេអាចស៊ុតចូលទីបាន បន្ទាប់ពី Valladolid សល់គ្នា១០នាក់នៅលើទីលាន (កាតក្រហមសម្រាប់កីឡាករ Sergio Leon) ។
Karim Benzema បានបង្ហាញថាជាអ្នកសង្គ្រោះសម្រាប់ក្រុមរបស់លោក Carlo Ancelotti ម្តងទៀត។ កីឡាករសញ្ជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទីក្នុងរយៈពេល ៧ នាទីចុងក្រោយនៃការប្រកួតដើម្បីផ្តល់ឱ្យក្រុមរបស់គាត់នូវបីពិន្ទុយ៉ាងសំខាន់។
បច្ចុប្បន្ន Real Madrid មានជ័យជម្នះ៧លើកនៅក្រៅទឹកដីក្នុងរដូវកាលនេះ។ កំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍បែបនេះនឹងស្ថិតក្នុងគ្រោះថ្នាក់នៅថ្ងៃសៅរ៍នេះ នៅពេលពួកគេជួប Villarreal ក្នុងជុំទី ១៦ នៃ La Liga ។
Villarreal ក៏នឹងចូលក្នុងការប្រកួតនេះជាមួយស្មារតីខ្ពស់ផងដែរ។ ពួកគេបានទទួលជ័យជម្នះ ២-១ លើក្រុម Valencia កាលពីចុងសប្តាហ៍មុន ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Samu Chukwueze និង Juan Foyth ។
វាជាការឈ្នះ La Liga លើកទីពីរជាប់ៗគ្នាសម្រាប់ Villarreal ដែលនាំឱ្យពួកគេឡើងមកចំណាត់លេង ៧ ។ ប្រសិនបើយើងរាប់ការប្រកួតទាំងអស់ កូនក្រុមរបស់លោក Quique Setien គឺលេងឈ្នះ ៦ លើកជាប់ៗគ្នាហើយ។
តែទោះយ៉ាងណា គិតត្រឹមជំនួប ១០ លើកចុងក្រោយនេះ គឺ Villarreal មិនដែលឈ្នះ Real Madrid ម្តងណាឡើយ ហើយមិនអាចស៊ុតចូលទីរបស់ស្តេចសសូម្បីមួយគ្រាប់។
លទ្ធផលព្យាករណ៍ Real Madrid ឈ្នះ ១-០។
– Juventus vs Udinese
Juventus បានបន្តការឈ្នះរបស់ពួកគេកាលពីថ្ងៃពុធ ដោយដណ្តើមបានជ័យជម្នះក្នុងលីកជាលើកទីប្រាំពីរជាប់ៗគ្នាក្នុងការប្រកួតដំបូងបន្ទាប់ពីការសម្រាកវើលខាប់។
ក្រុមសេះបង្កង់បានយកឈ្នះ Cremonese ០-១ នៅក្រៅទឹកដីដោយសារគ្រាប់បាល់នាទី៩០ពីកីឡាករ Arkadiusz Milik ។ ដូច្នេះ អតីតខ្សែប្រយុទ្ធរបស់ Napoli រូបនេះបានស៊ុតបញ្ចូលទីសរុបចំនួន ៥ គ្រាប់ហើយសម្រាប់រដូវកាលនេះ។
ខ្សែប្រយុទ្ធប៉ូឡូញរូបនេះត្រូវគេរំពឹងថានឹងដឹកនាំតំបន់ប្រយុទ្ធសម្រាប់ Juventus ជាថ្មីម្តងទៀតនៅថ្ងៃសៅរ៍នេះទល់នឹង Udinese ដោយហេតុថាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុម គឺកីឡាករ Dusan Vlahovic នៅមិនទាន់ជាពីរបួស។
Juventus នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងតារាង Serie A ប៉ុន្តែពួកគេបានកាត់បន្ថយគម្លាតពីក្រុមនាំមុខ Napoli មកត្រឹម ៧ ពិន្ទុបន្ទាប់ពីពួកគេចាញ់នៅទឹកដី Inter Milan កាលពីបីថ្ងៃមុន។
កូនក្រុមរបស់លោក Massimiliano Allegri ឥឡូវនេះនឹងត្រូវប្រឈមមុខនឹងការងារលំបាកជាងការងារដែលពួកគេបានសម្រេចកាលពីថ្ងៃពុធ ព្រោះពួកគេត្រូវជួបជាមួយ Udinese ដែលជាគីឡូពាក់កណ្តាលតារាង។
Udinese កំពុងឈរនៅលេខ៨ក្នុងតារាង Serie A ។ ពួកគេលេងល្អណាស់បន្ទាប់ពីវើលខាប់ ប៉ុន្តែបានត្រឹមស្មើក្នុងផ្ទះទល់នឹង Empoli កាលពីថ្ងៃពុធ ត្បិតលេងល្អខ្លាំងក៏ដោយ។
ក្រុមដែលដឹកនាំដោយលោក Andrea Sottill បានស៊ុត ២១ ជើងក្នុងឱកាសនោះ ប៉ុន្តែចុងបញ្ចប់បានត្រឹមស្មើ ១-១ យ៉ាងខកចិត្តបំផុត។
វាគឺជាការស្មើលើកទី ៤ ក្នុងការប្រកួតលីកចំនួន ៥ លើកចុងក្រោយសម្រាប់ Udinese និងជាការប្រកួត Serie A ទី៨ជាប់ៗគ្នារបស់ពួកគេដោយគ្មានជ័យជម្នះ។
ផ្អែកតាមប្រវត្តិ Juventus ឈ្នះ ៣៩ ស្មើ ៩ និងចាញ់ ៩ ទល់នឹង Udinese ហើយជួបគ្នា៤លើកចុងក្រោយគឺ Juventus ឈ្នះ ២ ស្មើ២ និងស៊ុតចូលជាមធ្យម ២ គ្រាប់។
លទ្ធផលព្យាករណ៍ Juventus ឈ្នះ ២-០៕
Real Madrid ដែលមានកំណត់ត្រាល្អក្រៅទឹកដី នៅតែមានសង្ឃឹមឈ្នះនៅទឹកដី Villarreal ដើម្បីប្រជែងលេខ១ជាមួយ Barcelona