ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងថាជ័យជម្នះ៧ មករាបានផ្តល់កំណើតទីពីរដល់ប្រជាជនកម្ពុជាបើគ្មានជ័យជម្នះ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានជនណាឬកម្លាំងណាអាចមក បំភ្លេចនិងបំផ្លាញបានឡើយ ។ មានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះដែលប្រឆាំងនឹងជ័យជម្នះ ៧មករា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីមីន្ទិញរំឭកខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧ មករា(០៧.០១.១៩៧៩ – ០៧.០១.២០២៣)នាព្រឹកថ្ងៃទី៧ ខែមករា ២០២៣ នៅកោះពេជ្រ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ជ័យជម្នះ ៧មករាបានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតនិងបើកឡើងនូវសករាជថ្មីរបស់កម្ពុជាគឺឯក រាជ្យ សេរីភាព ប្រជា ធិបតេយ្យនិងវឌ្ឍនភាពសង្គមដោយបានសង្គ្រោះ អាយុជីវិតប្រជាជនរាប់លាននាក់ពីគ្រោះមរណៈបាននាំយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវ បាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ជាពិសេសសិទ្ធិនៃការរស់រានមានជីវិត,បានធ្វើឲ្យរាល់តម្លៃខាងស្មារតីនិងសម្ភារៈរបស់ប្រជាជាតិខ្មែរដែលត្រូវបានកសាងពូនជ្រុំនៅ ក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះបានរស់ឡើងវិញ ។ ជ័យជម្នះ៧មករាបានផ្តល់កំណើ តទីពីរដល់ប្រជាជនកម្ពុជាបើគ្មានជ័យជម្នះ៧មករាគឺគ្មានកម្ពុជា នៅថ្ងៃនេះទេ ។នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លេ ចបំផ្លាញបានឡើយ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាលើមូលដ្ឋានជ័យជម្នះ ៧មករា សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើងដឹកនាំដោយក្រុមប្រឹក្សាប្រជា ជនបដិវត្តន៍ កម្ពុជាដែលត្រូវគ្រប់គ្រងប្រទេសក្នុងស្ថានភាពមានសន្តិភាពផង និងមានសង្គ្រាមផងមិនតែប៉ុណ្ណោះត្រូវមជ្ឈដ្ឋានខាងក្រៅមួយចំនួនហ៊ុមព័ទ្ធសេដ្ឋកិច្ចនិងឯកោខាង នយោបាយយ៉ាងអយុត្តិធម៌និងអមនុស្សធម៌ថែមទៀត។ ភារកិច្ចចម្បងរបស់យើងនៅពេលនោះ គឺការពារការរស់ឡើងវិញរបស់ប្រជាជនទប់ស្កាត់មិនឲ្យរបបប្រល័យពូជ សាសន៍វិលត្រឡប់មកវិញបាន ខិតខំស្តារ កសាងសេដ្ឋកិច្ច សង្គម និងជីវភាពប្រជាជនឡើងវិញពីចំណុចសូន្យនិងពីបាតដៃទទេឲ្យមានស្ថិរភាពជាជំហានៗ។

អាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងកម្លាំងមហាសាមគ្គីជាតិ យើងបាននាំប្រទេសជាតិឲ្យចេញផុតពីដំណាក់កាលដ៏សែនលំបាកបំផុតជាបន្តបន្ទាប់រហូតអាច ពង្រឹងពង្រីកខ្លួនបានដែលបានបង្កបុព្វបទនិងលក្ខណសម្បត្តិចាំបាច់ឲ្យប្រជាជាតិយើងបន្តដំណើរទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។ នៅលើមាគ៌ានេះ យើងបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨ មក ។ សន្តិភាពបានបង្កើតឱកាសមាសសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងភាពសុខសាន្តរបស់ប្រជាជនយើងរយៈ ពេល ៤៤ឆ្នាំ ហើយ៕