ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសនិងមន្ត្រីសាលាក្នុងទីក្រុងញូវផតញូវស៍ (Newport News) បាននិយាយថា សិស្សអាយុ ៦ឆ្នាំម្នាក់បានបាញ់របួសអ្នកគ្រូម្នាក់នៅរដ្ឋវើជីនៀ(Virginia)កាលពីថ្ងៃសុក្រទី៦មករាក្នុងអំឡុងពេលផ្ទុះជម្លោះនៅក្នុងបន្ទប់រៀនថ្នាក់ទី១។
ប៉ូលិសបាននិយាយថាមិនមានសិស្សណារងរបួសក្នុងការបាញ់ប្រហារនៅសាលាបឋមសិក្សារីចណេក (Richneck) នោះទេ។ អ្នកគ្រូបអាយុ៣០ឆ្នាំប្លាយបានរងរបួសធ្ងន់ធ្ងរ ដែលគំរាមដល់អាយុជីវិត ។ មេប៉ូលិសក្រុងញូវផតញូវស៍ លោក ស្ទីវ ឌ្រូ (Steve Drew) បានប្រាប់អ្នកយកព័ត៌មានថា ស្ថានភាពរបស់អ្នកគ្រូបានប្រសើរបន្តិចហើយនៅរសៀលថ្ងៃសុក្រ។
ប៉ូលិសបាននិយាយថា ក្មេងនោះមានកាំភ្លើងខ្លីមួយដើមនៅក្នុងថ្នាក់រៀន ហើយបានចាប់ខ្លួនសិស្សនោះទៅឃុំហើយ។
លោកឌ្រូបានប្រាប់អ្នកយកព័ត៌មានថា “យើងគ្មានស្ថានភាពដែលមនុស្សដើរបាញ់បោះជុំវិញសាលានោះទេ។ យើងមានស្ថានភាពនៅទីតាំងជាក់លាក់មួយ ដែលមានការបាញ់កាំភ្លើងមួយគ្រាប់”។
លោកបានបន្ថែមថា ការបាញ់ប្រហារនេះមិនមែនជាឧបទ្ទវហេតុទេ។
សាលាសាធារណៈញូវផតញូវស៍ (Newport News Public Schools) បានសរសេរនៅលើ Facebook ថា ឪពុកម្តាយនិងសិស្សបានជួបជុំគ្នានៅមាត់ទ្វារកន្លែងហាត់ប្រាណមួយ។
ញូវផតញូវស៍គឺជាទីក្រុងមួយដែលមានមនុស្សប្រហែល ១៨៥.០០០ នាក់នៅភាគអាគ្នេយ៍នៃរដ្ឋវើជីនៀ ដែលល្បីខាងកន្លែងផលិតនាវាដែលបានសាងសង់នាវាផ្ទុកយន្តហោះរបស់ប្រទេសនិងនាវាផ្សេងទៀតរបស់កងទ័ពជើងទឹកអាម៉េរិក។
សាលារីចណេកមានសិស្សប្រហែល ៥៥០ នាក់ ដែលរៀនថ្នាក់មត្តេយ្យដល់ថ្នាក់ទី ៥ នេះបើយោងតាមវេបសាយរបស់មន្ទីរអប់រំរដ្ឋវើជីនៀ។មន្ត្រីសាលាបាននិយាយរួចហើយថានឹងមិនមានថ្នាក់រៀននៅសាលានៅថ្ងៃចន្ទនោះទេ៕
ប៉ូលិសចេញអន្តរាគមន៍ក្រោយមានករណីសិស្សបាញ់គ្រូនៅសាលាបឋមសិក្សារីចណេកកាលពីថ្ងៃសុក្រ