ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖រដ្ឋាភិបាលក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានបានរិះគន់ព្រះអង្គម្ចាស់ហារី នៃចក្រភពអង់គ្លេសដែលកំពុងគង់នៅអាម៉េរិក ក្រោយពីទ្រង់បានមានបន្ទូលក្នុងសៀវភៅកំណត់ប្រវត្តិមួយថា មនុស្ស២៥នាក់ត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថានពេលទ្រង់បំរើការជាអ្នកបើកឧទ្ធម្ភាគចក្រយោធាមួយ ដោយពណ៌នាពួកគេជា«កូនអុកដែលត្រូវដកចេញពីក្តារអុក»។
សៀវភៅSpareដែលរៀបរាប់អំពីជីវិតឯកជនច្រើនរបស់ហារីត្រូវបានចេញលក់នៅអេស្ប៉ាញនៅប៉ុន្មានថ្ងៃមុនការដាក់លក់វាជាផ្លូវការនៅថ្ងៃ១០មករា។វាទម្លាយអោយដឹងនូវជំរៅនៃការបែកបាក់រវាងព្រះអង្គម្ចាស់និងព្រះរាមវីលៀម ដែលជារជ្ជទាយាទ ព្រមទាំងបានបញ្ចេញអោយដឹងរឿងរ៉ាវផ្ទាល់ខ្លួនដទៃទៀត ដូចជាការសេពគ្រឿងញៀននិងការបាត់បង់ភាពបរិសុទ្ធផ្លូវភេទរបស់ទ្រង់ជាដើម។
សៀវភៅSpareដែលរៀបរាប់អំពីជីវិតឯកជនច្រើនរបស់ហារីត្រូវបានចេញលក់នៅអេស្ប៉ាញនៅប៉ុន្មានថ្ងៃមុនការដាក់លក់វាជាផ្លូវការនៅថ្ងៃ១០មករា
នៅវគ្គមួយ ព្រះអង្គព្រះជន្ម៣៨វស្សាអង្គនេះបានរំលឹកអំពីបេសកកម្មពីរលើករបស់ទ្រង់នៅអាហ្វហ្គានីស្ថាន ដោយដំបូងរវាងឆ្នាំ២០០៧-២០០៨ ជាអ្នកគ្រប់គ្រងបញ្ជាការវាយប្រហារតាមអាកាសនិងម្តងទៀតនៅឆ្នាំ២០២១ ជាអាកាសយានិកអមនិងជាអ្នកកាន់បញ្ជាកាំភ្លើងឧទ្ធម្ភាគចក្រApache។
ព្រះអង្គម្ចាស់បានមានបន្ទូលថាបានសម្លាប់មនុស្សមួយចំនួន និងថា«វាមិនជារឿងមោទនភាពនិងភាពអាម៉ាសទេ។ពេលខ្ញុំធ្លាក់ចូលក្នុងកំដៅនិងភាពច្របូកច្របល់នៃជម្លោះ ខ្ញុំមិនបានគិតថាអ្នក២៥នាក់នោះជាមនុស្សទេ។ពួកគេប្រៀបដូចជាកូនអុកដែលត្រូវបានដកចេញពីក្តារអុក។មនុស្សអាក្រក់ត្រូវកំចាត់ចោលមុនព្រះសម្លាប់ពួកគេ»។
លោក អាប់ឌុល កាហា បាល់ឃី(Abdul Qahar Balkhi)អ្នកនាំពាក្យក្រសួងការបរទេសរបស់តាលីបង់ បានរិះគន់សម្តីនេះ។លោកបាននិយាយថា«ការកាន់កាប់របស់លោកខាងលិចលើអាហ្វហ្គានីស្ថានជាព្រឹត្តិការណ៍និងពេលដ៏គួរអោយស្អប់ខ្ពើមក្នុងប្រវត្តិសាស្ត្រមនុស្ស និងសម្តីរបស់ហារី តំណាងអោយផ្នែកតូចមួយនៃការបង្កស្នាមរបួសលើប្រជាជនអាហ្វហ្គានីស្ថានក្រោយដៃកម្លាំងកាន់កាប់ដែលបានសម្លាប់ជនស្លូតត្រង់ដោយគ្មានការទទួលខុសត្រូវ»។
នៅពេលត្រូវបានសួរអំពីបន្ទូលរបស់ព្រះអង្គម្ចាស់ហារី អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិអង់គ្លេសបាននិយាយថា«យើងមិននិយាយលម្អិតអំពីប្រតិបត្តិការនេះទេ ដោយហេតុផលសន្តិសុខ»។
ការចេញលក់សៀវភៅពីសមាជិករាជវង្សតែងតែត្រូវបានគ្រប់គ្រងយ៉ាងតឹងតឺង ជាពិសេសពាក់ព័ន្ធនឹងព័ត៌មានរបស់រាជវង្ស ។តែវាកើតឡើងក្រោយព្រះអង្គម្ចាស់ហារី និងប្រពន្ធជាជនជាតិអាម៉េរិកនាង មេហ្កាន ម៉ាខល( Meghan Markle)ចាកចេញព្រះរាជតួនាទីនិងរាជកិច្ចអង់គ្លេសនៅឆ្នាំ២០២០ ហើយរើទៅរស់នៅសាងជីវិតថ្មីនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ចាប់តាំងពីពេលនោះមក ប្តីប្រពន្ធនេះបានបញ្ចេញការរិះគន់បន្តបន្ទាប់លើរាជវង្សនិងសារព័ត៌មានអង់គ្លេស៕
ហារីត្រូវបានបញ្ជូនទៅបំពេញបេសកកម្មនៅអាហ្វហ្គានីស្ថានពីរលើក