ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សេតវិមានបានប្រកាសកាលពីថ្ងៃសុក្រទី៦មករាថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនអាវុធយោធានិងជំនួយផ្សេងទៀតតម្លៃ ៣,៧៥ពាន់លានដុល្លារដល់អ៊ុយក្រែននិងប្រទេសជិតខាងរបស់ខ្លួននៅប៉ែកខាងកើតរបស់អង្គការណាតូ ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងបន្ត។
ជំនួយចុងក្រោយបំផុតនេះនឹងរួមបញ្ចូលជាលើកដំបូងនូវរថពាសដែក Bradleyសម្រាប់អ៊ុយក្រែន។ រថពាសដែកនេះត្រូវបានប្រើដើម្បីដឹកកងទ័ពទៅប្រយុទ្ធ និងត្រូវគេស្គាល់ថាជា”អ្នកពិឃាដរថក្រោះ” ដោយសារតែមីស៊ីលប្រឆាំងរថក្រោះដែលវាអាចបាញ់ចេញ។
កញ្ចប់ជំនួយដ៏ធំបំផុតរបស់អាម៉េរិករហូតមកដល់បច្ចុប្បន្នសម្រាប់រដ្ឋាភិបាលក្រុងគៀវនេះគឺរួមមានការដកនូវទឹកប្រាក់ចំនួន ២,៨៥ ពាន់លានដុល្លារពីកញ្ចប់ជំនួយយោធារបស់មន្ទីរបញ្ចកោណ ដែលនឹងត្រូវបញ្ជូនដោយផ្ទាល់ទៅអ៊ុយក្រែន និង ២២៥ លានដុល្លារជាហិរញ្ញប្បទានយោធាបរទេសដើម្បីកសាងសមត្ថភាពរយៈពេលវែងនិងគាំទ្រទំនើបកម្មយោធារបស់អ៊ុយក្រែន នេះបើយោងតាមសេតវិមាន។ វាក៏រួមបញ្ចូលផងដែរនូវការផ្តល់ហិរញ្ញប្បទានយោធាបរទេសចំនួន ៦៨២ លានដុល្លារសម្រាប់សម្ពន្ធមិត្តអឺរ៉ុបដើម្បីជួយបំពេញការបរិច្ចាគសម្ភារៈយោធាដែលពួកគេបានផ្តល់ឱ្យអ៊ុយក្រែន។
អ្នកនាំពាក្យសេតវិមាន នាង ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយនៅក្នុងការប្រកាសអំពីជំនួយនេះថា “សង្គ្រាមកំពុងស្ថិតនៅចំណុចសំខាន់ហើយយើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី”។
ជំនួយផ្ទាល់សម្រាប់អ៊ុយក្រែននេះរួមមានរថពាសដែក Bradley ៥០ គ្រឿង ព្រមទាំងមីស៊ីលប្រឆាំងរថក្រោះ ៥០០ ដើម និងគ្រាប់កាំភ្លើងចំនួន ២៥០.០០០ សម្រាប់រថពាសដែកនេះ។ សហរដ្ឋអាម៉េរិកក៏នឹងបញ្ជូនរថពាសដែក M113 ចំនួន ១០០ គ្រឿង រថពាសដែកទប់ទល់នឹងគ្រាប់មីន ឬ MRAPS ចំនួន ៥៥ គ្រឿង និង រថយន្ត Humvees ចំនួន ១៣៨គ្រឿងក៏ដូចជាគ្រាប់សម្រាប់ប្រព័ន្ធគ្រាប់រ៉ុក្កែតចល័តការពារអាកាស HMARS ព្រមទាំងអាវុធផ្សេងទៀត និងកាំភ្លើងធំរាប់ពាន់គ្រាប់ផងដែរ នេះបើតាមមន្ទីរបញ្ចកោណ៕
រថពាសដែក Bradley ៥០ គ្រឿងនឹងរួមបញ្ចូលក្នុងកញ្ចប់ជំនួយថ្មីរបស់អាម៉េរិកដល់អ៊ុយក្រែន