ព្រះមហាក្សត្រ យាង​ជា​ព្រះរាជអធិបតីភាព ក្នុង​ព្រះ​រាជពិធី​រុក្ខទិវា​ប្រចាំឆ្នាំ នៅ​ស្រុក​ទឹកឈូ ខេត្តកំពត

1377
ចែករម្លែក

​ដោយ : វិបុល / កំពត ៖ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​សព្វ​រាជហឫទ័យ ស្ដេចយាង​ជា​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ព្រះរាជ​ពី​ធីរុក្ខទិវា ដែល​ប្រារព្ធ​ធ្វើឡើង នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត កំពត​នា​ព្រឹកងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​យាង​និង​អញ្ជើញ​អម​ព្រះរាជដំណើរ​ព្រះករុណា​ព្រះមហាក្សត្រ ក្នុងឱកាស​នោះ មាន​វត្តមាន សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, សម្ដេចចៅហ្វា​វាំង គង់ សំអុល ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ព្រមទាំង ឯកឧត្ដម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​របស់​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​យ៉ាងច្រើន កុះករ​។​

​គួរ​បញ្ជាក់ដែរថា ជា​រៀងរាល់ឆ្នាំ​កម្ពុជា​តែងតែ​រៀបចំ​ពិធី​រុក្ខទិវា​ថ្ងៃ​៩​កក្កដា ក្រោម​ព្រះ រាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​បានបង្ហាញ​ពី​ការយក​ព្រះទ័យ​ទុកដាក់​ខ្ពស់​ក្នុងការ ចូលរួមចំណែក​យ៉ាង​ប្រពៃ ក្នុង​ការជួយ​ពង្រឹងស្មារតី​ម្ចាស់ការ​ទទួលខុសត្រូវ​លើ​ជោគវាសនា​អនាគត នៃ​ការ​គ្រប់​ធនធានធម្មជាតិ​បានល្អ​ប្រសើរ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

​ម្យ៉ាងទៀត គោលបំណង​សំខាន់​នៃ​ពិធី​រុក្ខទិវា​គឺ​ដើម្បី​បំផុសស្មារតី​ចូលរួម​ស្តារ និង​ដាំ​ឈើ​ឡើងវិញ ធ្វើឱ្យ​ប្រសើរឡើង​នូវ​សោភណភាព ទេសភាព​ធម្មជាតិ បរិស្ថាន រក្សា​និយតភាព​ប្រភពទឹក និង​ចូលរួម​កាត់បន្ថយ​ការឡើង​កម្តៅ នៃ​ភពផែនដី ការបង្ក​ភាព​រហោស្ថាន ឬ​ឱនភាព​ដី និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។ ជាមួយគ្នានេះដែរ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត រួមទាំង​រដ្ឋបាល​រាជធានី​-​ខេត្ត ក៏បាន​បំផុស​ចលនា​ប្រជាជន​ដើម្បី​ចូលរួម​ដាំ​ដើមឈើ ក្នុង​គោលបំណង​បង្កើន​គម្រប​ព្រៃឈើ​ឱ្យបាន​ល្អប្រសើរ ដែលជា​សារប្រយោជន៍​ដ៏​សម្បូរបែប ដល់​សង្គមជាតិ​ទាំងមូល ហើយ​ក្នុងនោះ​ក៏មាន​ការចូលរួម​ដាំ​ឈើ​ជាមួយ​ដៃគូ​ជាមួយ​វិស័យ​ឯកជន​ផងដែរ ។​

​សូម​រំ​ម្លឹ​ក​ដែរ​ថា បុណ្យ​រុក្ខទិវា ៩​កក្កដា កាលពី​ឆ្នាំ​២០១៧ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ស្រុក អង្គស្នួល​ខេត្តកណ្ដាល ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុង​ពិធី​នោះ កូនឈើ​ក្រញូង ធ្នង់ និង​គីនីន ចំនួន ៨.៨៣០​ដើម ត្រូវបាន​ដាំ​នៅលើ​ផ្ទៃដី​ចំនួន ១០​ហិកតា ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល​៕B

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ