ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាបានសំដែងការប្តេជ្ញាចិត្តក្នុងនាមជាសមា ជិកដ៏សកម្មមួយនៃ អង្គការសហប្រជាជាតិក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការការពារសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់និងការពង្រឹងប្រព័ន្ធពហុភាគីនិយមដែលប្រកបដោយបរិយាបន្ន តម្លាភាព យុត្តិធម៌និងបើកចំហដើម្បីធានាដល់ការកសាងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងការលើកកម្ពស់គុណភាពនៃជីវិតនិងការរស់នៅរបស់ប្រជាជន។

សម្តេចតេជោនាយករដ្ឋមន្តីបានថ្លែងនៅក្នងមីទ្ទីងរំឭកខួបលើកទី៤៤នៃទិវាជ័យជម្នះ៧មករា(០៧.០១.១៩៧៩ -០៧.០១.២០២៣ )នាព្រឹកថ្ងៃទី៧ ខែមករា ២០២៣នៅកោះ ពេជ្រ ដែលមានមហាជនចូលរួមប្រមាណជិត ៣ ម៉ឺននាក់ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ការប្រែប្រួលដ៏ស្មុគស្មាញតានតឹងនៃសភាពការណ៍សកលលោកបច្ចុប្បន្ននេះ ដែលបណ្តាលមកពីការប្រកួតប្រជែងខាងភូមិសាស្ត្រ នយោបាយរវាងមហាអំណាចធំៗ ដែលបានធ្វើឲ្យរង្គោះរង្គើរដល់សណ្តាប់ធ្នាប់អន្តរជាតិនិងគំរាមកំហែងដល់ សន្តិភាព ស្ថិរភាពនិងវិបុលភាពជាសាកលនោះ ។ កម្ពុជាសូម យកឱកាសនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាដែលជាប្រទេសសមាជិកដ៏សកម្មមួយនៃអង្គការសហប្រជាជាតិក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការ ការពារសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់និងការពង្រឹងប្រព័ន្ធពហុភាគីនិយម ដែលប្រកបដោយបរិយាបន្ន តម្លាភាព យុត្តិធម៌ និងបើកចំហដើម្បីធានាដល់ការ កសាងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពនៃជីវិត និងការរស់នៅរបស់ប្រជាជន។

សម្តេចបន្តថាកម្ពុជាប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ បទដ្ឋាន ព្រមទាំងគោលការណ៍ទាំងឡាយដែលត្រូវបានទទួលស្គាល់ជាសាកល ហើយជំទាស់ដាច់ ខាតចំពោះការប្រើប្រាស់កម្លាំងឬការគំរាមកំហែងដោយកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ ។ ចំពោះបញ្ហាសង្គ្រាមនិងសន្តិភាពឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ដែលកម្ពុ ជាបានជួបរួចមកហើយនោះ ។

សម្តេចតេជោបន្តថា៖«យើងយល់ថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយមានតែការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនានិងពិគ្រោះយោបល់ប៉ុណ្ណោះទើបអាចសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពបាន »៕