​ពលរដ្ឋ​ស្វាគមន៍​វត្តមាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ក្នុង​មូលដ្ឋាន​រស់នៅ​

1133
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ប្រជាពលរដ្ឋ​ជិត​២​ពាន់​គ្រួសារ រស់នៅក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង​បានបង្ហាញ​ការស្វាគមន៍​យ៉ាងខ្លាំង​ចំពោះ​ការវិនិយោគ​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដែល​មិន​ធ្លាប់​កើតមាន​ពី​មក​នៅក្នុង​មូលដ្ឋាន​រស់នៅ​របស់​ពួកគាត់​ខណៈ​កម្រ​មាន​ពលរដ្ឋ​អ្នកដំណើរ​ទៅ​។​
​ទឹកដី​រស់នៅ​របស់​ព​ល​រដ្ឋ​ឃុំ​ព្រែក​ខ្សាច់​ភាគច្រើន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​ឆ្ងាយ​ដាច់​ស្រាល​មួយ​ពី​បណ្តា​ស្រុក​ដ៏ទៃទៀត​នៃ​ខេត្តកោះកុង​។​ប៉ុន្តែ​បច្ចុប្បន្ននេះ​ឃុំ​ព្រែក​ខ្សាច់​កំពុង​ប្រែ​មុខមាត់​ថ្មី​យ៉ាង​សន្ធឹក​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។​ការ​ប្រែ​មុខមាត់​ថ្មី​នេះ​ដោយសារ​តែមាន​ផ្លូវ​ធ្វើដំណើរ​ប្រវែង​៤៧​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤៨ សាលាឃុំ សាលារៀន និង​ប្រព័ន្ធ​ទូរស័ព្ទ​ទំនាក់ទំនង​។​

​កសាង​ឱ្យ​លេច​រូបរាង​ឡើងជា​បន្តបន្ទាប់​នៅក្នុង​មូលដ្ឋាន​ឃុំ​ព្រែក​ខ្សាច់ ក្រោម​ដំបូង​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ក្នុងប្រទេស រួមទាំង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​របស់ ក្រុមហ៊ុន SEZ​របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់​។​មិនយូរ​ទៀត​ទេ ខ្សែបណ្តាញ​មេ​អគ្គិសនី និង​ទឹកស្អាត ក៏​នឹង​មកដល់​ព្រម​គ្នា​ដែរ នាពេលខាងមុខ​។
អ្វីដែល​កើតមាន​នៅពេលនេះ ត្រូវបាន​អ្នកស្រី ហេង ឌៀប និង​លោក អ៊ឺ​ង ថេ​ម ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ បង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​កសាង​ជូន​ពួកគាត់ គ្រា​កន្លងទៅ តំបន់​ពួកគាត់​រស់ ទីកន្លែង​ដាច់​ស្រ​យោល​ខណ្ឌ​ចែក​ពី​រួម​ខេត្ត និង​បណ្តា​ស្រុក​ដ៏ទៃទៀត​។ កម្រ​មាន​មនុស្សម្នា​ធ្វើដំណើរ​ទៅដល់​ណាស់ ប្រសិន​ទៅ​លុះត្រាតែ ជិះទូក ជិះ​កប៉ាល រយៈ​ចម្ងាយ​ពី​ក្រុង​ខេមរភូមិន្ទ​ជាង​៥​ម៉ោង ទើប​ទៅដល់​។​

​ដើម្បី​តបស្នង​អរគុណ​ជូន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ ពលរដ្ឋ​ព្រែក​ខ្សាច់ សន្យាថា នឹង​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ​ជាដាច់ខាត ។​ពីព្រោះ​រដ្ឋាភិបាល​បាន​ជួយ​អភិវឌ្ឍន៍​ភូមិឋាន​ពួកគាត់​ជាច្រើន តាំងពី​មិនទាន់មាន​ផ្លូវ​ធ្វើដំណើរ សាលាឃុំ សាលារៀន ផ្ទះសំណាក់​គ្រូបង្រៀន ជាដើម​។​

​លោក​រាម​រុំ​មេឃុំ​ព្រែក​ខ្សាច់​បានឱ្យដឹង​ដែរ​ថា​បច្ចុប្បន្ន​មូលដ្ឋាន​ដែល​លោក​គ្រប់គ្រង​មាន​ប្រជាពលរដ្ឋ​សរុប​ជិត​២​ពាន់​គ្រួសារ ភាគច្រើន​ពួកគេ​ប្រកប​របរ​នេសាទ​សមុទ្រ និង​ខ្លះទៀត ដាំ​ដុះ​ដំណាំ​កសិកម្ម​បន្តិចបន្តួច​។ ចាប់តាំងពី​ក្រុមហ៊ុន​ចូលខ្លួន​មក​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​មក គឺ​អ្វីៗ​មានការ​ប្រែប្រួល​ច្រើន គ្រា​មុន​មិន​ខ្វះមុខខ្វះក្រោយ​ស្ទើរតែ​ទាំងអស់​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​។ បន្ថែម​លើ​នេះ​មេឃុំ​ព្រែក​ខ្សាច់​ក៏​ជំ​រុញឱ្យ​ក្រុមហ៊ុន​បន្ត​អភិវឌ្ឍន៍​បន្ថែមទៀត​ដើម្បី​ផ្តល់​អត្ត​ប្រយោជន៍​ទាំង​ពលរដ្ឋ និង​ក្រុមហ៊ុន​។​

លោក ស៊ិន ស​ត្ថា តំណាង​ក្រុមហ៊ុន​SEZ បានឱ្យដឹង​កាលពី​ថ្ងៃទី​៥ ខែកក្កដា ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​SEZ នឹង​ប្រែក្លាយ​តំបន់​ដាច់​ស្រ​យោល​មួយ​នេះ ឱ្យទៅជា​តំបន់​ពាណិជ្ជកម្ម​ពិសេស​មួយ​ដ៍​មាន​សក្តានុពល ខណៈ​ក្រុមហ៊ុន​កំពុង​យកចិត្តទុកដាក់​អភិវឌ្ឍន៍​ទៅតាម​តម្រូវការ​សេវាសាធារណៈ​របស់​ពល​រដ្ឋ​។

​បើតាម​លោក ស៊ិន ស​ត្ថា ១០​ទៅ​២០​ឆ្នាំមុន មូលដ្ឋាន​ឃុំ​ព្រែក​ខ្សាច់​នេះ​គ្មានអ្វី​ជាការ​អភិវឌ្ឍន៍​ធំដុំ​ឡើយ សូម្បីតែ​អ្នកដំណើរ​ក៏​មិន​ងាយ​មកដល់​ដែរ​។​លុះត្រា​ធ្វើដំណើរ​តាម​ទូក​ទាំង​ប្រថុយប្រថាន​ដោយ​ចំណាយ​៥​ម៉ោង​ពី​ក្រុង​ខេ​រម​ភូមិន្ទ​។​រីឯ​កម្រិតជីវភាពរ​ស់​នៅ​ពលរដ្ឋ​គឺ​ពឹងផ្អែក​លើ​ផល​នេសាទ​សុទ្ធសាត​តែម្តង​។

ជា​គោលដៅ​ដើម្បី​បន្ត​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន​SEZ កំពុង​សម្លឹងមើល​ការអភិវឌ្ឍន៍​បន្ថែម​ទៅតាម​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​ឃុំ​ព្រែក​ខ្សាច់ និង​ចង់​បង្កើត​ឱកាស​ការងារ​ជូន​ពលរដ្ឋ​ដាច់​ស្រ​យោល​នៅពេល​មាន​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល​នាពេល​អនាគត​៕S/

​ពលរដ្ឋ​ស្វាគមន៍​វត្តមាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ក្នុង​មូលដ្ឋាន​រស់នៅ​

ទីតាំងផ្សាយពាណិជ្ជកម្ម