ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា៖ពាក្យស្លោ ក«អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ»បានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើកនៅក្នុងដំណើរកសាងនិងការពារមាតុភូមិ។សម្តេចបញ្ជាក់ថាបើយើង រក្សាសន្តិភាពមិនបានយើងពិតជាមិនអាចទទួលសមិទ្ធផលគ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ ។

នៅក្នុងពិធីមីទ្ទីងរំឭកខួបលើកទី៤៤នៃទិវាជ័យជម្នះ៧ មករា(០៧.០១.១៩៧៩ -០៧.០១.២០២៣)ដែលបានប្រារព្ធធ្វើយ៉ាងមហោឡារិកនៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែនបានថ្លែថា៖ពាក្យស្លោក“អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ»បានលាន់រន្ទឺពាសពេញប្រទេសនិងបានក្លាយជាស្មារ តីនៃសង្គមជាតិ ដ៏ខ្លាំងក្លាយរស់រវើកនៅក្នុងដំណើរកសាងនិងការពារមាតុភូមិ ។ បើយើងរក្សាសន្តិភាពមិនបានយើងពិតជាមិនអាចទទួលសមិទ្ធផលគ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ពេលនេះយើងបានឈានចូលឆ្នាំ២០២៣ហើយដែលជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ។ នៅក្នុងឆ្នាំ ២០២២ ដែលទើបតែកន្លងផុតទៅនេះកម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀត លើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួនទោះបីជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុងនិងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិក្ដី ។សន្តិភាព ស្ថិរភាពនយោបាយនិង សន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនិងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនត្រូវបានការ ពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូលដែលបានរួមសាមគ្គី យ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០-២០២១ បានទទួលជោគជ័យតាម រយៈការដឹកនាំដ៏ត្រឹមត្រូវការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួចនានាប្រកបដោយប្រសិទ្ធភាពនិងការចូលរួមដ៏សកម្មរបស់ប្រជាជនដែលបានពង្រឹងខឿនការពារ សុខភាពរបស់ប្រជាជនធានាដល់ដំណើរការស្តារនិងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។ វិស័យសេដ្ឋកិច្ចបានងើបឡើងវិញយ៉ាងឆាប់ដោយសារការខិតខំ ប្រឹងប្រែងប្រកបដោយភាពបុរេសកម្មនិងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចទាន់ពេលជាបន្តបន្ទាប់។

លើមូលដ្ឋាននេះសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់៥,៥ភាគរយក្នុងឆ្នាំ២០២២និងត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន ៦,៦ភាគរយ នៅឆ្នាំ២០២៣ ។ ព្រមជាមួយនេះជីវភាពប្រជាជនរក្សាបានភាពនឹងនជាពិសេសប្រជាជនក្រីក្រនិងងាយរងគ្រោះដែលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រួមទាំងប្រជា ជនងាយរងហានិភ័យពីសម្ពាធនៃការឡើងថ្លៃទំនិញជាសាកលនិងប្រជាជនរងគ្រោះដោយទឹកជំនន់តាមរយៈការអនុវត្តកម្មវិធីនិងវិធានការអន្តរាគមន៍សង្គមកិច្ចនានា បានទាន់ពេល។ រាជការនិងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់បៀវត្សមួយកម្រិតទៀតនិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ, ដោយឡែកប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ក៏ត្រូវបានដំឡើងដល់ ២០០ ដុល្លារ រួមទាំងការបន្តទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សរបស់ កម្ពុជាកំពុងបន្តទៅមុខតាមគន្លងនីតិរដ្ឋជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ។

សម្តេចតេជោបន្តថា ជាមួយគ្នានេះគ្រប់កិច្ចការនិងសកម្មភាពរបស់គណបក្សនយោបាយនានាក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក៏កំ ពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ។ ទន្ទឹមនឹងសមិទ្ធផលខាងលើកិត្យានុភាពកម្ពុជាកាន់តែបានលើកកម្ពស់ឡើងលើឆាកអន្តរជាតិពិសេសឆ្លងតាមជោគជ័យដ៏ត្រចះត្រចង់ នៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន,ការប្រព្រឹត្តទៅនៃមហាសន្និបាតអន្តរ សភាអាស៊ាន(AIPA)នៅរាជធានីភ្នំពេញ,ការចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបនៅប្រទេសបែលហ្ស៊ិកនិងការប្រជុំអាស៊ាន-សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ៕