ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ,ស្ត្រេតថែមស៍) ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning)បាននិយាយកាលពីថ្ងៃសុក្រទី៦មករាថាចិនបានបញ្ជូនអ្នកជំនាញទៅកាន់រដ្ឋសមាជិកអង្គការសុខភាពពិភពលោក (WHO)ដើម្បីសង្ខេបជូនព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ WHOនិងប្រទេសដទៃទៀតលើពិភពលោកដើម្បីដោះស្រាយបញ្ហាប្រឈមកូវីដឱ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រីម៉ៅបានធ្វើការលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំក្នុងការឆ្លើយតបនឹងសំណួរពាក់ព័ន្ធ។
លោកស្រីបាននិយាយថា អាជ្ញាធរមានសមត្ថកិច្ចរបស់ចិនបានចែករំលែកព័ត៌មានអំពីជំងឺរាតត្បាតជាមួយសហគមន៍អន្តរជាតិក្នុងលក្ខណៈទាន់ពេលវេលា បើកចំហនិងតម្លាភាពស្របតាមច្បាប់និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ WHO ចាប់តាំងពីជំងឺកូវីដបានចាប់ផ្តើម។
លោកស្រីបាននិយាយថាតបតាមការអញ្ជើញរបស់ WHO ចិនបានបញ្ជូនអ្នកជំនាញកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់សន្និសីទសង្ខេបរបស់រដ្ឋជាសមាជិករបស់ WHO ដែលពួកគេពន្យល់ពីវិធានការឆ្លើយតប ការត្រួតពិនិត្យមេរោគបំប្លែង ការចាក់វ៉ាក់សាំង និងការថែទាំព្យាបាលរបស់ចិន និងមានអន្តរកម្មយ៉ាងសកម្មជាមួយរដ្ឋសមាជិកផ្សេងទៀត។
លោកស្រីម៉ៅបាននិយាយថា “យើងបានកត់សម្គាល់ឃើញថា WHOបាននិយាយថា ពួកគេបានឃើញទិន្នន័យបន្ថែមទៀតស្តីពីការញែកមេរោគដោយប្រទេសចិន និងបង្កើនការចូលរួមជាមួយ WHO ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះពីប្រទេសចិន” ដោយបន្ថែមថា ចិនត្រៀមខ្លួនជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយWHOនិងប្រទេសដទៃទៀតលើពិភពលោកដើម្បីដោះស្រាយបញ្ហាប្រឈមកូវីដឱ្យកាន់តែមានប្រសិទ្ធភាព និងការពារអាយុជីវិតនិងសុខភាពមនុស្សកាន់តែប្រសើរឡើង”។
ទន្ទឹមនេះដែរ ប្រភពបីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ចិនកំពុងពិភាក្សាជាមួយក្រុមហ៊ុន Pfizer Inc ដើម្បីទទួលបានអាជ្ញាប័ណ្ណមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកផលិតឱសថក្នុងស្រុកផលិតនិងចែកចាយថ្នាំប្រឆាំងកូវីដរបស់ក្រុមហ៊ុនអាម៉េរិក Paxlovid នៅក្នុងប្រទេសចិន។
ប្រភពមួយក្នុងចំណោមនោះដែលដឹងអំពីបញ្ហានេះបាននិយាយថា និយតករផលិតផលវេជ្ជសាស្ត្ររបស់ចិន គឺ រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិ (NMPA) បានដឹកនាំកិច្ចពិភាក្សាជាមួយក្រុមហ៊ុន Pfizer តាំងពីចុងខែមុនមក។
ប្រភពដដែលបានបន្តថា រដ្ឋាភិបាលក្រុងប៉េកាំងចង់សម្រេចឱ្យរួចរាល់នូវលក្ខខណ្ឌកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ នៅមុនថ្ងៃចូលឆ្នាំថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែមករា៕
ចិនកំពុងពិភាក្សាជាមួយក្រុមហ៊ុន Pfizer Inc ដើម្បីទទួលបានអាជ្ញាប័ណ្ណមួយដើម្បីផលិតនិងចែកចាយថ្នាំ Paxlovid នៅក្នុងប្រទេសចិន