ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្រុមហ៊ុន Ant Group បាននិយាយនៅថ្ងៃសៅរ៍ទី៧មករានេះថា ស្ថាបនិកក្រុមហ៊ុន Ant Group លោក ជែក ម៉ានឹងលែងគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិជ្ជាហិរញវត្ថុយក្សរបស់ចិននេះទៀតហើយ បន្ទាប់ពីម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនបានយល់ព្រមអនុវត្តការកែតម្រូវជាបន្តបន្ទាប់ ដែលនឹងធ្វើឱ្យគាត់បោះបង់ចោលសិទ្ធិបោះឆ្នោតភាគច្រើនរបស់គាត់។
ចំណាត់ការនេះគឺជាការវិវឌ្ឍដ៏ធំមួយទៀតបន្ទាប់ពីអាជ្ញាធរចិនធ្វើការបង្ក្រាបផ្នែកបទប្បញ្ញត្តិ ដែលបានកម្ទេចចោល IPOរបស់ក្រុមហ៊ុន Antចំនួន ៣៧ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២០ហើយបាននាំឱ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញដោយបង្ខំលើក្រុមហ៊ុនបច្ចេកវិជ្ជាហិរញ្ញវត្ថុនេះ។
ខណៈលោកម៉ាកាន់កាប់ភាគហ៊ុនត្រឹមតែ ១០ ភាគរយនៅក្នុងក្រុមហ៊ុន Ant ដែលជាសាខារបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Alibaba Group Holding Ltdគាត់បានប្រើប្រាស់ការគ្រប់គ្រងលើក្រុមហ៊ុននេះតាមរយៈអង្គភាពពាក់ព័ន្ធ នេះបើយោងតាមសៀវភៅណែនាំ IPO របស់ក្រុមហ៊ុន Antដែលបានដាក់ជាមួយផ្សារហ៊ុននៅឆ្នាំ ២០២០។
សៀភៅណែនាំនោះបង្ហាញថា ក្រុមហ៊ុន Hangzhou Yunbo ដែលជាការវិនិយោគខាងយានជំនិះសម្រាប់លោកម៉ា មានការគ្រប់គ្រងលើអង្គភាពពីរផ្សេងទៀត ដែលមានភាគហ៊ុន ៥០,៥ភាគរយនៃក្រុមហ៊ុន Ant រួមបញ្ចូលគ្នា។
ក្រុមហ៊ុន Ant បាននិយាយថា លោកម៉ានិងម្ចាស់ភាគហ៊ុនធំចំនួនប្រាំបួនរូបផ្សេងទៀតរបស់ខ្លួនបានយល់ព្រមថានឹងលែងធ្វើសកម្មភាពនៅក្នុងកិច្ចព្រមព្រៀងនៅពេលអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេហើយនឹងបោះឆ្នោតដោយឯករាជ្យតែប៉ុណ្ណោះ។
លោកម៉ាពីមុនមានសិទ្ធិបោះឆ្នោតជាង ៥០ ភាគរយនៅក្រុមហ៊ុន Ant ប៉ុន្តែការផ្លាស់ប្តូរនេះនឹងមានន័យថា ភាគហ៊ុនរបស់គាត់ធ្លាក់ចុះមកនៅត្រឹម ៦,២ ភាគរយ នេះបើយោងតាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
Ant ក៏និយាយដែរថា ខ្លួននឹងបន្ថែមនាយកឯករាជ្យទី៥ទៅក្នុងក្រុមប្រឹក្សាភិបាលរបស់ខ្លួន ដូច្នេះ ពួកនាយកឯករាជ្យនឹងមានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។ បច្ចុប្បន្នក្រុមហ៊ុនមានប្រធានក្រុមប្រឹក្សាចំនួនប្រាំបីរូប។
ក្រុមហ៊ុននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “ជាលទ្ធផលនឹងលែងមានស្ថានភាពដែលម្ចាស់ភាគហ៊ុនដោយផ្ទាល់ឬដោយប្រយោល មានការគ្រប់គ្រងរួមគ្នាលើក្រុមហ៊ុន Ant Group ទៀតហើយ”៕
លោកម៉ានឹងបោះបង់ចោលការគ្រប់គ្រងក្រុមហ៊ុន Ant Group