ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ដ្រូន ដែលហោះក្នុងល្បឿន ១៤៥ គីឡូម៉ែត្រក្នុងមួយម៉ោងឆាប់ៗនេះអាចនឹងផ្តល់ជំនួយសង្គ្រោះជីវិតក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
ប្រតិបត្តិករសង្គ្រោះបន្ទាន់នឹងត្រូវបានបណ្តុះបណ្តាលដើម្បីបញ្ជូនដ្រូន ដែលផ្ទុកជាមួយឧបករណ៍ EpiPens ឬឧបករណ៍សង្គ្រោះដង្ហើមភ្លាមៗនៅពេលដែលមាននរណាម្នាក់តេទៅលេខ ៩៩៩។
ក្រុមហ៊ុនអាម៉េរិក Blueflite បាននិយាយថា ដ្រូនរបស់ខ្លួន ដែលកំពុងហោះសាកល្បងនៅឡើយ គឺមានបំណងសម្រាប់ “ការចែកចាយបានទាន់ចិត្តភ្លាមៗ”។
ដោយហោះក្នុងកម្ពស់ប្រហែល ៤០ ម៉ែត្រ ដ្រូនបើកស្វយ័តនេះអាចរុករកផ្លូវរបស់វាទៅកាន់អ្នកជំងឺក្នុងរង្វង់១៦គីឡូម៉ែត្រ។
នៅពេលមកដល់ ពួកវានឹងហោះសំកាំងរួចទម្លាក់ឧបករណ៍ទៅអ្នកជំងឺ ដែលពួកវានឹងកំណត់អត្តសញ្ញាណដោយកាមេរ៉ាមួយ។
ក្រុមហ៊ុន Blueflite បានប្រកាសនៅក្នុងកម្មវិធីតាំងពិព័រណ៍ CES ក្នុងទីក្រុងឡាសវេហ្គាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Acadian Ambulanceដែលជាក្រុមហ៊ុនដឹកជញ្ជូនវេជ្ជសាស្ត្រឯកជនដ៏ធំបំផុតមួយនៅក្នុងសហរដ្ឋអាម៉េរិក។
ប្រធានផ្នែកបច្ចេកវិជ្ជា លោក ជែមស៍ ម៉ាក្លៀរិន (James McClearen) បានប្រាប់កាសែត Daily Mail ថា ក្រុមហ៊ុនក៏កំពុងបង្ហើយកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមួយនៅក្នុងប្រទេសអៀរឡង់ផងដែរ ហើយសង្ឃឹមថានឹងបញ្ជូនដ្រូននេះទៅកាន់ចក្រភពអង់គ្លេសនាពេលអនាគត៕
ដ្រូនដុកទ័ររបស់ក្រុមហ៊ុន Blueflite នឹងចែកចាយថ្នាំនិងឧបករណ៍សង្គ្រោះជីវិតក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ