ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃសៅរ៍ ទី៧​ ខែមករា​ ឆ្នាំ​២០២៣​ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត​ និងជាប្រធានក្រុមការងារ គណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតី ភាព​ក្នុងពិធីប្រកាសបញ្ចូលសមាជិក ចំនួន ១.០៣៤ នាក់​មកពីគណបក្សផ្សេងៗ នៅក្នុងស្រុកភ្នំស្រុក​ដែលចូលមករួមរស់ជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ។

ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី​ទាំង ១.០៣៤ នាក់នេះ បានធ្វើឡើងនៅភោជនីយ៍ដា្ឋនលីក្រុះ​ នៃទីរួមស្រុកភ្នំស្រុក ដោយមានការអញ្ជេីញ ចូលរួមពីសំណាក់លោក លោកស្រីក្រុមការងារចុះជួយស្រុកភ្នំស្រុក​ប្រធានគណៈ កម្មការ​គណបក្សប្រជាជនកម្ពុជាស្រុក​សមាជិក​-សមាជិកា​បក្ស នៅមូលដ្ឋាន​ផងដែរ ។

តំណាងសមាជិក សមាជិកា ទាំង ១.០៣៤ នាក់​ ដែលប្តូរទស្សនៈស្ម័គ្រចិត្ត រួមរស់ជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា បាននិយាយថាៈ​ ដោយបានមេីល ឃើញយ៉ាងច្បាស់ នូវគោលនយោបាយ និងការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសន្តិភាព ពេញលេញ ជូនមាតុភូមិ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ ឱ្យមានការរីកចំរើន ប្រែប្រួល ឆាប់រហ័ស គួរជាទីមោទនភាព។

ដោយពិនិត្យឃើញជាក់ច្បាស់យ៉ាងដូច្នេះ ពួកគាត់មានជំនឿជឿជាក់ លើការដឹកនាំ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានសម្រេច ចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ ជារៀងរហូត។

នាឱកាសនោះ លោក បោន ប៊ិន ក៏បានថ្លែងនូវអំណរគុណ ចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្ត​រួមរស់ជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នា នោះ លោកបានរំលឹកពីប្រវត្តិការតស៊ូរបស់កម្ពុជា​ ដែលបានហែលឆ្លងកាត់ សង្រ្គាមដ៏រុំារៃ ការកាប់សម្លាប់ជាតិសាសន៍ឯង យ៉ាងសាហាវព្រៃជាទីបំផុត។

លោក បោន ប៊ិន បានបញ្ជាក់ថាៈ ដោយមានស្មារតីជ័យជម្នះ ៧​ មករា​ គឺជាការផ្តល់កំណេីតទី២ របស់ប្រជាជនកម្ពុជា​ បានធ្វេីឱ្យបងប្អូន មានឱកាសជួប ជុំបងប្អូន​យ៉ាងសប្បាយរីករាយ គ្មានការភ័យខ្លាច​ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង​ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ដែលបានតស៊ូរំដោះ ជាតិមាតុភូមិ ចេញពីរបបដ៏ខ្មៅងងឹត​ ជូនប្រជាជនកម្ពុជា​ ដែលចងចាំមិនភ្លេច នូវសោកនាដកម្ម ដ៏សាហាវព្រៃផ្សៃ​។ ចំណុចទាំងអស់នេះហើយ បេីគ្មានសុខ សន្តិភាព​នោះទេ​ ពិតណាស់របបដ៏ខ្មៅងងឹត ក៏មិនអាចរលត់ទៅវិញនោះ​ដែរ។

សូមបញ្ជាក់ថា​ សមាជិក-សមាជិកា​ ដែលបានស្ម័គ្រចិត្តរួមរស់ជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ​ទាំង ១.០៣៤ នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ ២៥ គីឡូក្រាម សារុង ១​ រួមនឹងថវិកាចំនួន ២ ម៉ឺនរៀល​ ។ ក្រុមការងារមូលដ្ឋានស្រុក ចំនួន ២៦ នាក់ ក្នុងម្នាក់ៗ ទទួលបានសារុង១, ទឹកក្រូច១យួរ,​ មី១កេស, ថវិកាចំនួន ៤ ម៉ឺនរៀល ។ ដោយឡែក ក្រុមការងារមូលដ្ឋានឃុំ-ភូមិចំនួន ៧១ នាក់ ក្នុងម្នាក់ៗ ទទួលបានទឹកភេសជ្ជៈប៉ូវកម្លាំង ចំនួន១កេស, សារុង១, ទឹកក្រូច ១យួរ, ​មី១កេស,​ថវិកា ៤ ម៉ឺនរៀល និងក៏ឧបត្ថម្ភថវិកាពីខ្ទង់ ការធ្វើបច្ចុប្បន្នភាពសមាជិក ដល់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ទាំង ៦ ឃុំ ដោយ ១ឃុំ បាន ១,២ លានរៀល​៕/V/R