​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អ៊ីរ៉ង់​នៅ​ថ្ងៃ​សៅរ៍​ទី​៧​មករា​នេះ​បាន​ព្យួរ​ក​សម្លាប់​បុរស​ពីរ​នាក់ ចំពោះ​ទោស​សម្លាប់​មន្ត្រី​សន្តិសុខ​ម្នាក់​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​ទូទាំងប្រទេស​ក្រោយ​ការស្លាប់​ស្ត្រី​ម្នាក់​​នៅ​កន្លែង​ឃុំឃាំង​របស់​ប៉ូលីស​វិន័យ​កាលពី​ថ្ងៃ​១៦​កញ្ញា ឆ្នាំ​២០២២​។​

​បុរស​ទាំង​ពីរ​ដែល​ត្រូវបាន​ប្រហារជីវិត​កាលពី​ថ្ងៃ​សៅរ៍ ត្រូវបាន​ដាក់ទោស​ចំពោះ​ការសម្លាប់​សមាជិក​ម្នាក់​នៃ​កងជីវពល​បា​ស៊ី​ច​(Basij)និង​មនុស្ស​បី​នាក់​ទៀត​ក៏​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ក្នុង​​ករណី​ដូច​គ្នា​។​

​តុលាការ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​IRNA​ថា «​ម៉ូ​ហា​ម៉ា​ត មេ​ឌី កា​រ៉ា​មី​(Mohammad Mehdi Karami)​និង សេ​យ​យ៉េត ម៉ូ​ហា​ម៉ា​ត​ ហូ​ស​សេ​នី​(Seyyed Mohammad Hosseini) មេក្លោង​ឧក្រិដ្ឋកម្ម​ត្រូវ​បាន​ព្យួរ​ក​សម្លាប់​នៅ​ព្រឹក​នេះ​»​។​

​ការប្រហារជីវិត​ចុងក្រោយ​នេះ​នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ពី​ការប្រហារជីវិត​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កើន​ដល់​បួន​នាក់​ក្រោយ​ការប្រហារជីវិត​ដូច​គ្នា​លើ​បុរស​ពីរ​នាក់​កាលពីដើម​ខែ​ធ្នូ​ឆ្នាំ​​មុន​។​

សូមបញ្ជាក់ថា ​អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​រាប់ពាន់​នាក់​ក្នុងអំឡុង​និង​ក្រោយ​បាតុកម្ម​ពាសពេញ​ប្រទេស​ដែល​បាន​ចាប់ផ្តើម​នៅ​ខែ​កញ្ញា​ក្រោយ​ការស្លាប់​មនុស្ស​នាង​អា​មី​នី​(Amini)​អាយុ​២២​ឆ្នា​ក្រោយ​ត្រូវ​ប៉ូលីស​​ចាប់​ខ្លួន​ដោយសារ​មិន​ពាក់​ស្បៃ​រុំ​មុខ​តាមក្រិតច្បាប់ដ៏តឹងរឹងរបស់សាធារណរដ្ឋអ៊ីស្លាម។​ចាប់តាំងពី​ពេលនោះ​តុលាការ​ក៏​បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស​១៤​នាក់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​។​

​ក្រៅ​ពី​ជន​បួន​នាក់​ត្រូវបាន​ប្រហារជីវិត​រួចហើយ មនុស្ស​ពីរ​នាក់​ទៀត​ក៏​ត្រូវ​តុលាការ​កំពូល​រក្សា​ទោស​ប្រហារជីវិត​របស់គេ ខណៈ​ប្រាំមួយ​នាក់​ទៀត​រង់ចាំ​សវនាការ​ថ្មី និង​ពីរ​នាក់​ទៀត​ប្តឹង​ឧទ្ធរណ៍​៕

​ម៉ូ​ហា​ម៉ា​ត មេ​ឌី កា​រ៉ា​មី​និង សេ​យ​យ៉េត ម៉ូ​ហា​ម៉ា​ត ហូ​ស​សេ​នី ត្រូវបាន​ប្រហារជីវិត​កាលពី​ថ្ងៃ​សៅរ៍​

​មនុស្ស​រាប់ពាន់​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ការផ្ទុះ​ការតវ៉ា​ហិង្សា​ទាមទារ​សិទ្ធិ​ស្ត្រី​នៅ​អ៊ីរ៉ង់ ក្រោយ​ការស្លាប់​ស្ត្រី​អ៊ីរ៉ង់​ឃឺ​ដ​ម្នាក់​ក្នុង​កន្លែង​ឃុំ​ខ្លួន​របស់​ប៉ូលីស​