ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាៈ ត្រូវកំចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួក ដែលកំពុងរត់គេចខ្លួន នៅក្រៅប្រទេស ឲ្យអស់ពីទឹកដីកម្ពុជា និងបានព្រមានចាត់ វិធានការច្បាប់ ចំពោះជនណា ឬគណបក្សនយោបាយណា ដែលបម្រើនយោបាយ ជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ ដើម្បីធានាថា កម្ពុជាគ្មានសង្គ្រាម និងការបែក បាក់ជាតិ តទៅទៀត។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រារព្ធខួបលើកទី៤៤ «ទិវាជ័យជម្នះ ៧ មករា» (៧មករា ១៩៧៩-៧ មករា ២០២៣) នៅមជ្ឈមណ្ឌល កំសាន្តកោះពេជ្រ កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថាៈ “… យើងត្រូវកំចាត់នយោ បាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួក ដែលកំពុងរត់គេចខ្លួន នៅក្រៅប្រទេស ឲ្យអស់ពីសង្គមជាតិយើង។ មិនត្រូវទុកឲ្យវាបន្តបំពុលសង្គម បំផ្លាញដំណើរការរីកចំរើន និងបង្កការបែកបាក់ជាតិ ដែលនឹងនាំទៅដល់គ្រោះ មហន្តរាយ ជាថ្មីទៀត សម្រាប់ប្រជាជាតិយើង”។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានថាៈ “ ជនណា ឬគណបក្ស នយោបាយណា ដែលបម្រើនយោបាយ ជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិនោះ ត្រូវតែកែប្រែខ្លួន ឲ្យបានទាន់ពេលវេលា បើពុំនោះទេ នឹងត្រូវប្រឈមទៅនឹងវិធាន ការច្បាប់ជាធរមាន។ យើងទាំងអស់គ្នា ត្រូវតែប្តូរផ្តាច់កំចាត់ចោល នូវនយោបាយ ជ្រុលនិយម មិនថាឆ្វេង មិនថាស្តាំ ឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីធានាថា កម្ពុជា គ្មាន សង្គ្រាម និងការបែកបាក់ជាតិតទៅទៀត”។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថាៈ “ យើងទាំងអស់គ្នា ប្តេជ្ញាដាច់ ខាតការពារ សន្តិភាព និងឯកភាពជាតិ ដែលយើងសម្រេចបាន ដោយលំបាក បំផុតនេះ ឲ្យស្ថិតស្ថេរគង់វង្ស មិនឲ្យជនណា ឬអនុភាពណា មកបំផ្លាញបាន ឡើយ”។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថាៈ កម្ពុជា ប្រកាន់ ខ្ជាប់ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់ បទដ្ឋាន ព្រមទាំងគោលការណ៍ ទាំងឡាយ ដែលត្រូវបានទទួលស្គាល់ជាសាកល ហើយជំទាស់ដាច់ខាត ចំពោះ ការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យ មួយ។ ចំពោះបញ្ហាសង្គ្រាម និងសន្តិភាព ឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់ ដែលកម្ពុជា បានជួបរួចមកហើយនោះ យើងយល់ថា សង្រ្គាមមិនអាចបញ្ចប់ ដោយសង្រ្គាម បានឡើយ មានតែការដោះស្រាយជម្លោះ ដោយសន្តិវិធី តាមរយៈការសន្ទនា និងពិគ្រោះយោបល់ប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសន្តិភាព ប្រកបដោយ ចីរភាពបាន៕ V / N