ដោយៈពៅនិមល/ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានកាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២៣បានចេញសេចក្តីជូនដំណឹងរួមគ្នាស្តីពីវិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈដែលនៅរដូវប្រាំងនឹងឈានចូលមកដល់ដែលជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។
សេចក្តីជូនដំណឹងបានណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ ក្រោមជាតិ មន្ទីរកសិកម្ម មន្ទីរបរិស្ថាន រួមទាំងសហគមន៍ ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នេសាទ សហគមន៍កសិកម្មនិងអ្នកពាក់ព័ន្ធដើម្បីអនុវត្តវិធានការដូចខាងក្រោម៖
១-អប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាសហគមន៍ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅ-ព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផលអនុផលព្រៃឈើជាដើម។
២-ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំ កសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា នៅក្នុងឬជុំវិញសហគមន៍ព្រៃ
៣-ក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ឈើព្រៃ ក្រោម គោលបំណងដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀត ត្រូវជូនដំណឹងដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថានរាជធានី ខេត្តសាមី ដែលជាសមត្ថកិច្ច ដើម្បីណែនាំអនុវត្តវិធានការ បច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ។
៤-ការរុករកផល អនុផលព្រៃឈើជាប្រពៃណី និងសកម្មភាពផ្សេងទៀតដែលចាំបាច់ត្រូវប្រើភ្លើង ជាមធ្យោបាយ(ដុតរណ្តៅជ័រ) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន ត្រូវធ្វើការណែនាំ អ្នកពាក់ព័ន្ធឱ្យពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាកចេញពីដើមឈើក្បោះជ័រ ឬទីតាំងដែលប្រើភ្លើងនោះ។
៥-ត្រូវរៀបចំផ្លូវភ្លើងព្រៃ ដើម្បីការពារការឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត និងចូលរួម ចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងករណីមានភ្លើងឆេះព្រៃជាយថាហេតុ។ ៦-ក្នុងករណីកើតមានភ្លើងឆេះព្រៃ ត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ហើយគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវដឹកនាំបញ្ហាផ្ទាល់ក្នុងការប្រើកម្លាំងសរុបរួមមាន ប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ល។ ដែលឈរជើង នៅក្នុងមូលដ្ឋាននោះ ដើម្បីរួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។
៧-ក្រោមការដឹកនាំរបស់ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី ខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន ត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាដែលបានកាប់រុករាន ដុតព្រៃ និងកាន់កាប់ដីព្រៃឈើដែលឆេះ ដោយអនាធិបតេយ្យដែលផ្ទុយនឹងច្បាប់ និងបទបញ្ជានានារបស់ រាជរដ្ឋាភិបាល។
៨-ត្រូវសហការជាមួយអាជ្ញាធរដែនដីក្នុងការហាមឃាត់ការចូលប្រើប្រាស់ដីព្រៃឈើ និងព្រៃលិចទឹក ដែលបានឆេះរួច ដើម្បីទុកលទ្ធភាពឱ្យរុក្ខជាតិដុះឡើងវិញតាមលក្ខណៈធម្មជាតិ ឬដាំស្តារព្រៃឈើឡើងវិញ។
សេចក្តីជូនដំណឹងបានភា្ជប់ជាមួយការរំលឹកព្រមានថា ជនណាដែលបានប្រព្រឹត្ត ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវ ផ្តន្ទាទោសក្រោម – បទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំទៅ១០ឆ្នាំ ឬពី៣ឆ្នាំ ទៅ៥ឆ្នាំ។ ដោយឡែក តាមមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានចែងថា ការបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ជាបទល្មើសធនធានធម្មជាតិ ថ្នាក់ទី៤ ដែលត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ និងផាកពិន័យជាប្រាក់ពី១៥លានរៀល ដល់១៥០លានរៀល៕សរន