ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២៣បានចេញសារាចរស្តីពីការពង្រឹងបន្ថែមលើការងារគ្រប់គ្រងសកម្មភាពមីន។
សារាចរបានលើកឡើងថាព្រះរាជាណាចក្រកម្ពុជាបានកំណត់នូវចក្ខុវិស័យយ៉ាងច្បាស់លាស់ថា ប្រទេសកម្ពុជាជាប្រទេសដែលគ្មានមីន ការគំរាមកំហែងដោយសំណល់ ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមាហើយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍមនុស្សអាចប្រព្រឹត្តទៅដោយសុវត្ថិភាព»។ដើម្បីសម្រេចបានជោគជ័យតាមផែនការយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានណែនាំចំនួនប្រាំពីរចំណុចមាន៖
១-ស្នើបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែកបច្ចេកទេស ថវិកា និងសម្ភារ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការ សម្រេចបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ និងការសម្រេច បានគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥។
២-ក្រសួង ស្ថាប័ន ដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ ត្រូវសហការជាមួយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ដើម្បីពិគ្រោះយោបល់អំពីស្ថានភាពនៃការគម្រាមដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើទីតាំងដែលត្រូវអនុវត្តគម្រោង ក៏ដូចជាកំណត់នូវវិធានការចាំបាច់ និងវិធីសាស្ត្រដើម្បីបញ្ចៀសនូវហានិភ័យនានាដែលអាចកើតមាន។ ការចុះកិច្ចសន្យា ត្រូវធ្វើឡើងតែជាមួយប្រតិបត្តិករបោសសម្អាតមីន ដែលមានអាជ្ញាបណ្ណ និងបណ្ណទទួល ស្គាល់នៅមានសុពលភាពពីអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីនប៉ុណ្ណោះ ដើម្បីលើកកម្ពស់ និងធានានូវការគោរពស្តង់ដានៃការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពី សង្គ្រាម ប្រកបទៅដោយគុណភាព និងធានាបាននូវសុវត្ថិភាពពេញលេញ។
៣-គ្រប់ក្រុមហ៊ុនអាជីវកម្ម និងអ្នកសាងសង់គម្រោងឯកជន ត្រូវសហការនិងពិភាក្សាជាមួយអាជ្ញាធរ កម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ដើម្បីកំណត់អត្តសញ្ញាណពិត ប្រាកដនៃទីតាំងដែលមានការគម្រាមដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម និងចាំបាច់ត្រូវបោស សម្អាតជាមុន មុននឹងចាប់ផ្តើមអនុវត្តការសាងសង់ឬធ្វើសកម្មភាពនានារបស់ខ្លួន។
៤-សូមលើកទឹកចិត្តដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខាភិបាលនិងព្យាបាលជំងឺដោយឥតគិតថ្លៃប្រកបដោយវិជ្ជាជីវៈដល់ប្រតិបត្តិករបោសសម្អាតមីន។ ៥-អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ត្រូវកែសម្រួល
លិខិតបទដ្ឋានគតិយុត្តនិងឯកសារពាក់ព័ន្ធនានា ដើម្បីធានានូវសុខដុមនីយកម្មរចនាសម្ព័ន្ធនៃការគ្រប់គ្រង សកម្មភាពមីន និងត្រូវបន្តអនុវត្ត យន្តការភូមិអស់មីន ឱ្យបានជោគជ័យ។
៦-ប្រតិបត្តិករបោសសម្អាតមីនជាតិ អន្តរជាតិ ត្រូវសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ក្នុងការពង្រឹងបន្ថែមលើការងារគ្រប់គ្រង សកម្មភាពមីន និង ការបញ្ជូនកងកម្លាំងដែលជាជនជាតិខ្មែរក្នុងការងារ សកម្មភាពមីនទៅបំពេញបេសកកម្មនៅក្រៅប្រទេស។
៧-អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ត្រូវធ្វើការសិក្សា អំពីលទ្ធភាពនៃការកាត់បន្ថយផ្ទៃដីដែលមានការគំរាមដោយសារមីន តាមវិធីសាស្ត្រមិនបច្ចេកទេសប្រកប ទៅដោយសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលឱ្យបានពេញលេញតាមតែអាចធ្វើទៅបាន សំដៅបង្កើន ល្បឿនការបោសសម្អាតមីននៅកម្ពុជា។
គួររំលឹកថា កាលពីពេលកន្លងទៅនេះលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ម.ស.មក) បានឱ្យដឹងថា គិតចាប់តាំងពីខែមករា រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២នេះ ស៊ីម៉ាក់បានបោសសម្អាតផ្ទៃដីចំនួន ១៦៩.២៥៧.២៨១ ម៉ែត្រការ៉េ រកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៤.៩០៦គ្រាប់។ឆ្លើយតបសំណើរចំនួន២.៩៦៣លើក។អប់រំផ្សព្វផ្សាយយល់ដឹងពីមីនចំនួន១.១០៨.១៥២នាក់។ ស្រាវជ្រាវចម្ការមីន/គ្រាប់ចំនួន៧១.២១៨.៩៦៨ ម៉ែត្រការ៉េ ។ស្រាវជ្រាវចម្ការមីនថ្មីចំនួន ៤១៥ និងបោះស្លាកចម្ការមីនប្រវែង៥៧.១៨៥ម៉ែត្រ។
ដោយឡែកនៅក្នុងឆ្នាំ២០២៣នេះគម្រោងសព្វថ្ងៃមានការគាំទ្រពីម្ចាស់ជំនួយ មានដូចជាប្រទេសជប៉ុន ប្រទេសចិន ប្រទេសអាម៉េរិក ប្រទេសន័រវេស,អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនិងគម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ៕សរន