ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងថា៖ «ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ – ៧ មករា ២០២៣ ជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ របស់បន ប៉ុល ពត បើកទំព័រប្រវត្តិសាស្រ្ត សង្រ្គោះជាតិ និងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះ បានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើង នូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម»។

បញ្ជាក់ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៌លើកទី៤៤ (៧ មករា ១៩៧៩-៧ មករា ២០២៣) នៅស្នាក់ការគណបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោក អ៊ាង សុផល្លែត បានឱ្យដឹងថា៖ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាអគ្គមគ្គុទេសដ៏ឆ្នើម ក្នុងស្មារតីស្រឡាញ់សន្តិភាព ដ៏ជ្រាលជ្រៅ និងគិតពីឧត្តមប្រយោជន៍ជាតិជាធំសម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចរចាស្វែងរកសន្តិភាព នៅឆ្នាំ១៩៨៧ នៅពេលនោះតួអង្គសំខាន់ ដែលបានផ្ដួចផ្ដើមការចរចា រកសន្តិភាពគឺ សម្ដេចតេជោ ហ៊ុន សែន និងព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

លោកបានបន្តថាៈ អ្វីដែលយើងអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញ នូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិ ក្នុងការស់រានមានជីវិត ក៏គ្មានផង។

គួរបញ្ជាក់ថា កម្ពុជា ដែលពីមុនជាប្រទេស ត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងខាង នយោបាយ និងសេដ្ឋកិច្ច ឥឡូវ បានក្លាយជាប្រទេសមួយ ដែលកំពុងសមាហរណខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេស ដែលកំពុងតែដើរតួនាទី យ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ជាក់ស្តែង នៅឆ្នាំ២០២២ កម្ពុជា សម្រេចបានសមិទ្ធផលធំៗ តាមរយៈដូចជា៖

១-ការរក្សាបាននូវសុខសន្តិភាពស្ថេរភាពនយោបាយ រយៈពេល ជាង ៣០ ឆ្នាំ មកនេះ។

២-ជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណិត្តទី៥ ឆ្នាំ២០២២ ។

៣-ជោគជ័យ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងបើកដំណើរការប្រទេស ក្នុងប្រក្រតីភាពឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចជាតិ។

៤-រក្សាបាននូវស្ថេរភាព លំនឹងសេដ្ឋកិច្ច ឱ្យមានកំណើន ទោះបីកម្ពុជាជួបវិបត្តិកូវីដ។

៥-គោលជំហររបស់កម្ពុជា គឺអនុវត្តគោលនយោបាយការបរទេស ឯករាជ្យ។ អនុលោមតាមច្បាប់ ចំពោះការឈ្លានពាន របស់ប្រទេសរុស្សី ចំពោះអ៊ុយក្រែន ។

៦-ជោគជ័យក្នុងនាមជា ប្រធានអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលសម្រេចបាននូវរបាយការណ៍ ចំនួនជាង១០០។

៧-ភាពលេចធ្លោក្នុងកិច្ចការងារបរិស្ថាន ដែលប្រទេសមហាអំណាច បានកោតសរសើរ តាមរយៈ ការដាក់នូវរបាយការណ៍អធ្យាក្រឹតកាបូន និង កិត្យានុភាពរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេស ។

ព្រមជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានបន្តថាៈ ក្នុងនាមថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ប្តេជ្ញាចិត្ត ប្ដូរផ្តាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួន មិនអនុញ្ញាតឱ្យអនុភាពខាងក្រៅណា ធ្វើឲ្យបរាជ័យបានឡើយ ដូច្នេះ ត្រូវរួមគ្នាថែរក្សាពូនជ្រុំ រាល់សមិទ្ធផលដ៏ថ្លៃថ្លា នៃសង្គមជាតិ ឲ្យបានគង់វង្ស និងរឹងមាំឡើង នៅគ្រប់កាលៈទេសៈ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នា ប្តេជ្ញាដាច់ខាតការពារសន្តិភាព និងឯកភាពជាតិ ដែលយើងសម្រេចបានមក ដោយលំបាកបំផុតនេះ ឲ្យស្ថិតស្ថេរ គង់វង្សជានិច្ច មិនឲ្យជនណា ឬអនុភាពណា មកបំផ្លាញបានឡើយ ៕/V