ដោយៈ បាយ័ន / សៀមរាបៈ នៅចុងសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៣ នេះ នៅសាលាខេត្តសៀមរាប មានពិធីសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូ ដើម្បីលើកទឹកចិត្ត ដល់សិស្សានុសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២១-២០២២ ដែលទទួលបាននិទ្ទេស A ចំនួន ១១១ នាក់ នៅខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលសៀមរាប សមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានខេត្តសៀមរាប និងប្រតិភូក្រសួងការពារជាតិ ព្រមទាំងសមាជិកក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាព និងអាណាព្យាបាលសិស្ស ផងដែរ។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ឲ្យដឹងថាៈ សម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១.២០២២ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១៤ មណ្ឌល ស្មើនឹង ៤១៨ បន្ទប់ ដែលមានបេក្ខជនប្រឡង សរុប ១០.៣៧៣ នាក់ ស្រី ៥.៩៣៣ នាក់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ៥ មណ្ឌល ស្មើនឹង ១៣១ បន្ទប់ ចំនួន ៣.២៣៣ នាក់ ស្រី ២.០៥១ នាក់ និង វិទ្យាសាស្ត្រសង្គម មាន ៩ មណ្ឌល មាន ២៨៧ បន្ទប់ មានចំនួន ៧.១៤០ នាក់ ស្រី ៣.៨៨២ នាក់ ។ ក្នុងនោះ បេក្ខជនមកប្រឡង សរុបចំនួន ១០.២២៩ នាក់ ស្រី ៥.៨៦១ នាក់ ថ្នាក់វិទ្យាសាស្ត្រ សរុប ៣.២១៣ នាក់ ស្រី ២.០៣៨ នាក់ , ថ្នាក់វិទ្យាសាស្ត្រសង្គម សរុប ៧.០១៦ នាក់ ស្រី ៣.៨២៣ នាក់ ។ បេក្ខជនចំណេះទូទៅ ៩.០៣៥ នាក់ ស្រី ៣.៨២៣ នាក់ , បេក្ខជនស្វ័យរិនចំណេះទូទៅ សរុប ៩០៥ នាក់ ស្រី ៤៧៨ នាក់ , បេក្ខជនបំពេញវិជ្ជា ១៣២ នាក់ ស្រី ៦៦ នាក់ , បេក្ខជនស្វ័យរិនបំពេញវិជ្ជា ១៥៧ នាក់ ស្រី ៦៨ នាក់ ។
ជាលទ្ធផលនៃការប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ ទូទាំងខេត្ត សរុប ៨.១១១ នាក់ ស្រី ៤.៨៤២ នាក់ ដែលមានសិស្ស ជាប់និទ្ទេស A ចំនួន ១១១ នាក់ ស្រី ៦១ នាក់ , និទេ្ទស B ចំនួន ៦៥៤នាក់ ស្រី ៤៣៦ នាក់ , និទ្ទេស C ចំនួន ១.៧៧៦ នាក់ ស្រី ១.១២៣ នាក់ , និទ្ទេស D ចំនួន ២.៨៨១ នាក់ ស្រី ១.៧៧៣ នាក់ និងនិទ្ទេស E ចំនួន ២.៦៨៩ នាក់ ស្រី ១៤៣ នាក់។
មានប្រសាសន៍សំណេះសំណាលនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ នយោបាយឈ្នះ ឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិក សន្តិភាព ស្ថិតក្រោមម្លប់សន្តិភាព នៃកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ពិសេសខេត្តសៀមរាប មានការអភិវឌ្ឍន៍លើ គ្រប់វិស័យ ក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចូលមកទស្សនា កម្សាន្ត នៅតាមតំបន់រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានធម្មជាតិ ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានវាយតម្លៃខ្ពស់ ចំពោះចៅៗ ជាសិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និងមាតាបិតា អាណាព្យាបាលសិស្ស ទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បានល្អនៅកម្ពុជា សំខាន់ក្នុងខេត្តសៀមរាប ទាំងនៅគ្រឹះស្ថានរដ្ឋ និងឯកជន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថាៈ ដោយសារវិបត្តិជំងឺកូវីដ-១៩ វិស័យអប់រំ បានបង្រៀនតាមបែបឌីជីថល ដូចនេះចូរក្មួយៗ ខិតខំសិក្សាស្វែងយល់ ឱ្យទាន់ នាសម័យទំនើបនេះ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិនេះ ក្មួយៗ ចៅៗ ត្រូវបន្តនូវថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យ នូវមុខវិជ្ជាដែលខ្លួនចង់បាន ពីព្រោះក្មួយៗ ចៅៗ ជាសរសស្តម្ភដ៏រឹងមាំ និងជាធនធានមនុស្សបន្តវេន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ឱ្យមានការរីកចំរើន ដូចបណ្តាប្រទេសជឿនលឿន លើសកលលោក។ ម្យ៉ាងទៀត ក្មួយៗ ចៅៗទាំងអស់ ពេលបើកបរ ត្រូវគោរព ច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដោយចៅៗទាំងអស់ ជាមូលដ្ឋានគ្រឹះ នៃប្រទេសជាតិ ទៅអនាគត ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភដល់សិស្សានុសិស្ស ជាប់និទ្ទេស A ទាំង ១១១ នាក់ សិស្សម្នាក់ៗ ទទួលបានម៉ូតូម៉ាកហុងដា វ៉េវ ១គ្រឿង ភ្ជាប់ដោយ ស្លាកលេខ មួកសុវត្ថិភាព ១ ប្រេងសាំង ៥០ លីត្រ និង លិខិតសសើរ ផងដែរ ៕/V