ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ផ្កាយដុះកន្ទុយដែលទើបរកឃើញថ្មីមួយអាចអោយគេមើលឃើញដោយភ្នែកទទេនៅពេលវាធ្វើដំណើរកាត់ផែនដីនិងព្រះអាទិត្យនៅប៉ុន្មានសប្តាហ៍ខាងមុខជាលើកដំបូងក្នុងរយៈពេល៥០.០០០ឆ្នាំមកនេះ នេះបើតាមការបញ្ជាក់ពីពួកតារាសាស្ត្រ។
ផ្កាយដុះកន្ទុយឈ្មោះC/2022 E3 (ZTF)ត្រូវបានសង្កេតឃើញហោះកាត់ភពព្រះហស្បតិ៍(Jupiter)ជាលើកដំបូងកាលពីខែមីនាឆ្នាំ២០២២។ក្រោយពីធ្វើដំណើរពីតំបន់ទឹកកកនៃប្រព័ន្ធព្រះអាទិត្យ វានឹងចូលមកកៀកព្រះអាទិត្យបំផុតនៅថ្ងៃ២១មករា និងធ្វើដំណើរកាត់លំហក្បែរផែនដីបំផុតនៅថ្ងៃ០១កុម្ភៈ។
ផ្កាយដុះកន្ទុយComet C/2022 E3 (ZTF) នឹងហោះមកកៀកផែនដីបំផុតនៅថ្ងៃ១កុម្ភៈ ដែលអាចអោយមនុស្សលើផែនដីមើលឃើញវាដោយភ្នែកទទេ
វានឹងងាយមើលឃើញបំផុតដោយប្រើកែវយឹត និងអាចមើលឃើញដោយភ្នែកទទេបើផ្ទៃមេឃពេលយប់ល្អមិនបាំងពពក ឬកុងនឹងពន្លឺភ្លើងទីក្រុងឬពន្លឺព្រះចន្ទ។
សាស្ត្រាចារ្យរូបវិទ្យាម្នាក់នៅវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា បាននិយាយថា«វានឹងភ្លឺខ្លាំងបំផុតពេលហោះមកកៀកផែនដី»។
ផ្សំឡើងដោយទឹកកកនិងធូលីនិងបញ្ចេញពន្លឺបៃតង ផ្កាយនេះទំនងជាមានអង្កត់ផ្ចិតប្រមាណមួយគីឡូម៉ែត្រ នេះបើតាមលោកបណ្ឌិត នីកូឡាស ប៊ីវើ អ្នករូបវិទ្យានៅមជ្ឈមណ្ឌលអង្កេតមើលផ្កាយប៉ារីអប់ស៊ែរវ៉ាតូវី។
ទំហំនេះធ្វើអោយវាតូចជាងផ្កាយនីអូវ៉ាយស៍(Neowise)ជាផ្កាយដុះកន្ទុយចុងក្រោយដែលមនុស្សអាចមើលឃើញដោយភ្នែកទទេនៅឆ្នាំ២០២០ និងផ្កាយហេលបប់(Hale-Bopp)ដែលបានហោះកាត់ផែនដីនៅឆ្នាំ១៩៩៧ ដែលវាមានអង្កត់ផ្ចិតដល់ទៅ៦០គីឡូម៉ែត្រ។តែផ្កាយដុះកន្ទុយថ្មីនេះហោះកាន់តែជិតផែនដីជាងផ្កាយមុនៗ៕