ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ ក្រោយចំណាយពេលរាប់ទសវត្សរ៍រស់នៅក្នុងទីក្រុងបុរាណ ធួន ធៀន វ៉េ(Thua Thien Hue) គ្រួសារវៀតណាមរាប់ពាន់ឥឡូវកំពុងរង់ចាំរើទៅកាន់កន្លែងតាំងទីលំនៅថ្មី។
សូមបញ្ជាក់ថា ក្រោយសង្គ្រាមវៀតណាមចប់នៅឆ្នាំ១៩៧៥ ប្រជាជនរាប់ពាន់គ្រួសារបានចូលមករស់នៅក្នុងបុរាណស្ថាននេះ។ហេដ្ឋារចនាសម្ពន្ធនិងតំបន់នៅខាងក្នុងទីតាំងដែលត្រូវការពារមិនអាចកែប្រែផ្លាស់ប្តូរបានទេ មានន័យអ្នកដែលចូលទៅរស់នៅក្នុងតំបន់នេះមិនអាចសាងសង់ផ្ទះថ្មីនៅទីនោះបានទេទោះជាកើតកូនពូនជាចៅក៏ដោយ។
ឥឡូវអាជ្ញាធរមានផែនការរើការតាំងទីលំនៅអ្នកនៅទីនោះ ដោយត្រូវចំណាយប្រាក់ជាង៤ទ្រីលានដុង(១៧០លានដុល្លារ) ដោយ២,៨ទ្រីលានដុងចំណាយលើការរានសម្អាតនិងពង្រាបដីនិងសល់ពីនេះគឺការសាងសង់ហេដ្ឋារចនាសម្ពន្ធចាំបាច់សំរាប់តំបន់តាំងទីលំនៅថ្មីលើផ្ទៃដី៧៣ហិចតានៅក្នុងស្រុកពីរ។
តាមពិតចាប់តាំងពីឆ្នាំ២០១៩មក អាជ្ញាធរបានរើចេញមនុស្សប្រមាណ២.០០០គ្រួសាររួចហើយនៅក្នុងដំណាក់កាលទីមួយនៃគំរោងរើប្រជាជនទៅកាន់ទីតាំងលំនៅថ្មី។ទីក្រុងវ៉េ ឥឡូវកំពុងអនុវត្តផែនការដំណាក់កាលទីពីរ។
ផ្ទះរាប់ពាន់ត្រូវរើចេញពីសង្កាត់ធួន ហ័រ(Thuan Hoa)នៅជុំវិញបុរាណស្ថានមួយដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៨០៦។
តំបន់នេះឥឡូវមានមនុស្សរស់នៅប្រមាណ១.០០០គ្រួសារ។តំបន់ផ្លូវទឹកមួយនៅច្រកចូលខាងនិរតីនៃទីក្រុងបុរាណនេះ ក៏ពោរពេញដោយផ្ទុះប្រជាជន។ប្រឡាយទឹកនេះត្រូវបានជីកស្របាលគ្នានឹងការសាងសង់ទីក្រុងនេះដែរគឺចន្លោះ១៨០២និង១៨៣២ ។វាជាផ្នែកនៃបន្ទាយបុររាណវ៉េ ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ថាជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩៣។មនុស្សជាង១.៧០០គ្រួសារនៅទីនេះ ក៏នឹងត្រូវរើចេញដែរ។
នៅប៉ុន្មានទសវត្សរ៍មកនេះ បរិស្ថានជុំវិញតំបន់ប្រឡាយទឹករងការពង្រាយសម្រាម រីឯផ្ទះក៏ត្រូវបានសាងសង់ទន្ទ្រានចូលតំបន់ប្រឡាយទឹកបុរាណ។បឹងចំនួនពីរដែលជាផ្នែកនៃទីក្រុងបុរាណនេះក៏ត្រូវបានទន្ទ្រានកាន់កាប់ជាហេតុនាំអោយបឹងរួមតូច។នៅទីនេះ មនុស្សជាង២០០គ្រួសារក៏ត្រូវរើចេញ។
អាជ្ញាធរខេត្តធួ ធៀន វ៉េ បាននិយាយថាការរើប្រជាជនចេញពីបុរាណដ្ឋាននេះជាគោលដៅសំខាន់មួយ និងជាផ្នែកនៃផែនទីបង្ហាញផ្លូវមួយដើម្បីប្រែក្លាយធួ ធៀន វ៉េ ទៅជាទីក្រុងគ្រប់គ្រងដោយរដ្ឋាភិបាលកណ្តាល៕
មនុស្សរាប់ពាន់គ្រួសារបានចូលមករស់នៅរាប់សិបឆ្នាំនៅក្រុងបុរាណវ៉េ តែពួកគេមិនត្រូវបានអនុញ្ញាតអោយសាងសង់ផ្ទះថ្មីនិងកំពុងប្រឈមការរើចេញទៅកាន់កន្លែងតាំងទីលំនៅថ្មី