ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប្រធានាធិបតីចូ បៃដិន នឹងស្វះស្វែងរកជំនួយដើម្បីដោះស្រាយលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ ជាពិសេបញ្ហាថ្នាំញៀន ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកចាប់ពីថ្ងៃអាទិត្យសំរាប់ជំនួបកំពូលនៃក្រុមមេដឹកនាំអាម៉េរិកខាងជើងមួយ។
ក្នុងបំណងសម្រាលការរិះគន់ចំពោះអ្វីដែលលោកហៅថា «ការបំពាន»ប្រព័ន្ធអន្តោប្រវេសន៍ លោកបៃដិន នឹងឈប់សំចតនៅរដ្ឋតិចសាស់សំរាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ព្រំដែនមួយដែលជោរជន់ដោយជនអន្តោប្រវេសន៍និងអ្នកស្វះស្វែងរកសិទ្ធិជ្រកអាស្រ័យ។
ប្រធានាធិបតីអាម៉េរិកនឹងបន្តទៅកាន់ម៉ិកស៊ិចក្រោយឈបសំចតនៅរដ្ឋតិចសាស់ កន្លែងដែលជួបលំហូរជនអន្តោប្រវេសន៍មកពីម៉ិកស៊ិច
បញ្ហាអន្តោប្រវេសន៍ស្ទើរតែប្រាកដជាស្ថិតក្នុងរបៀបវារៈកំពូលនៃកិច្ចពិភាក្សាពេលលោកបៃដិន ជួបប្រធានាធិបតីម៉ិកស៊ិច លោកអង់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាឌ័រ(Andres Manuel Lopez Obrador)នៅថ្ងៃចន្ទ មុនជំនួបកំពូលត្រីភាគីជាមួយនាយករដ្ឋមន្ត្រីកាណាដា។
អាទិភាពមួយទៀតសំរាប់លោកបៃដិនគឺបង្កើនកិច្ចខិតខំរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរនិងលួចនាំថ្នាំញៀនចូលសហរដ្ឋអាម៉េរិក។
ម៉ៃឃើល ស៊ីហ្វធឺ (Michael Shifter)នៅក្រុមទីប្រឹក្សាInter-American Dialogueបាននិយាយថា« ម៉ិកស៊ិចពាក់ព័ន្ធខ្លាំងនិងសំខាន់ក្នុងការដោះស្រាយបញ្ហាស្រួចស្រាល់ទាំងពីរនេះ ដែលវាបានក្លាយជាបញ្ហានយោបាយសំរាប់បៃដិន»។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ខ្លួននឹងអនុញ្ញាតអោយជនអន្តោប្រវេសន៍គុយបា ហៃទី នីការ៉ាហ្ក័រនិងវេណេស៊ុយអេឡាអាចចូលអាម៉េរិចបានមួយខែ៣០.០០០នាក់បើសិនជាពួកគេមកដល់តាមយន្តហោះ។ការកំណត់កូតានេះមានបំណងទប់ស្កាត់ការហូរចូលជនអន្តោប្រវេសន៍តាមព្រំដែនគោកដោយខុសច្បាប់ ។
ជនស្វះស្វែងរកការស្នាក់អាស្រ័យនៅអាម៉េរិក ប្រគល់ខ្លួនអោយកងល្បាតព្រំដែនក្រោយឆ្លងមកពីខាងម៉ិកស៊ិចកាលពីថ្ងៃ២មករា
សូមបញ្ជាក់ថាមនុស្សរាប់ពាន់នាក់កំពុងជាប់នៅក្នុងប្រទេសម៉ិកស៊ិច ដោយសារតែច្បាប់ចម្រូងចម្រាសមួយអនុវត្តក្រោមរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ ជាវិធានការសុខាភិបាលដើម្បីកាត់បន្ថយការហូរចូលជនអន្តោប្រវេសន៍ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩។
អំពីថ្នាំញៀន លោកបៃដិននឹងស្វះស្វែងសុំជំនួយពីម៉ិកស៊ិចដើម្បីរាំងស្កាត់ការហូរចូលថ្នាំញៀនហ្វង់តានីល( fentanyl)ដែលជាថ្នាំញៀនខ្លាំងជាងហេរ៉ូអ៊ីនដល់ទៅ៥០ដង។ក្រុមហ៊ុនជួញដូរនិងរត់ពន្ធថ្នាំញៀនធំៗនៅម៉ិកស៊ិច ជាអ្នកដើរតួសំខាន់ក្នុងការផលិតនិងជួញដូរថ្នាំហ្វង់តានីល ដែលរដ្ឋបាលបង្ក្រាបថ្នាំញៀនអាម៉េរិកDEAចាត់ទុកថាជា«សារធាតុគំរាមអាយុជីវិត»ដល់ពលរដ្ឋអាម៉េរិក។
បើតាមទីភ្នាក់ងារDEA នៅក្នុងឆ្នាំ២០២២តែមួយ ថ្នាំញៀនហ្វង់តានីលត្រូវបានរឹបអូសកាន់តែច្រើនឡើង ហើយបរិមាណរបស់វាអាចសម្លាប់ប្រជាពលរដ្ឋអាម៉េរិកទាំងមូល៕