ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្ស ចុះមូលដ្ឋានខេត្តស្វាយរៀង បានមានប្រសាសន៍ថាៈ យើងត្រូវរួមគ្នាអនុវត្តកម្មវិធី នយោបាយ របស់គណបក្សប្រជាជនកម្ពុជា ឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើ ផលប្រយោជន៍ជាតិ និងប្រជាជន។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបែបនេះ នៅពេលលោកស្រី បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមការងារគណបក្ស ខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២២ និងទិសដៅ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសនោះ លោកស្រី បានកោតសរសើរ និងវាយយតម្លៃខ្ពស់ ចំពោះ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង-ស្រុក ប្រធាន គណបក្សខេត្ត សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រួមជាមួយក្រុមការងារ គ្រប់ថ្នាក់ ជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ទោះបីជាក្នុងដំណាក់កាលកូវីដ ១៩ ក៏គ្រប់ថ្នាក់បានយកចិត្តទុកដាក់យ៉ាងសកម្ម សហការបំពេញភារកិច្ច សម្រេចបាន ជោគជ័យ ជាបន្តបន្ទាប់ ជូនខេត្តស្វាយរៀង គួរជាទីមោទនៈ ។
លោកស្រី បានបន្តទៀតថាៈ ក្រុមការងារគណបក្សគ្រប់ថ្នាក់ និងគណបក្សគ្រប់ថ្នាក់ ត្រូវបន្តសហការរួមគ្នាប្រើប្រាស់ ឱ្យអស់លទ្ធភាពទាំងកម្លាំងសរុប មធ្យាបាយសរុប ក្នុងការចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចលេខ ៣៣៣ / ០៨២២/សស.គក របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងផែនការ សកម្មភាព លេខ ០០១/២២ ផក.គខ របស់ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។
លោកស្រី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសាខាបក្ស មន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្ស ក្រុង ស្រុក គ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រី សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា សូមបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្ដីសម្រេចនានា របស់គណបក្ស ឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម របស់ជាតិ និងប្រជាជន៕/V