ដោយៈ ភ្នំស្វានៅយ / បន្ទាយមានជ័យៈ អគារទីស្នាក់ការថ្មី និងសមិទ្ធផលនានា នៃគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧបនាយករដ្ឋមន្រី្ក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់ កណ្តាលគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីហេមវន្ត អគ្គសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ និងចូលរួមដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្តបន្ទាយមាន ជ័យ និងមន្ត្រីដឹកនាំ មន្ត្រី កងកម្លាំង ។
លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត បានឱ្យដឹងថាៈ អាគារស្នាក់ការគណបក្សក្រុងប៉ោយប៉ែត មានទីតាំងចាស់ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល លើផ្ទៃដី ៥.០០០ ម៉ែត្រការ៉េ ។ ដោយទីតាំងនេះ មានលក្ខណៈតូចចង្អៀត ចន្លោះផ្លូវជាតិលេខ៥ និងផ្លូវរថភ្លើង ហើយពុំអាចធ្វើពិធីជួបជុំសមាជិកបក្ស បានចំនួនច្រើនៗបាន ទាំងអាគារធ្វើការ មានទំហំតូច និងទីធ្លាតូច ទើបគណបក្សក្រុង និងដោយមានការ អនុញ្ញាតពីថ្នាក់ដឹកនាំបក្ស សម្រេចផ្លាស់ប្ដូរទៅទីតាំងថ្មី ដែលមានបរិវេណធំទូលាយ និងមានសំណង់ហេដ្ឋារចនាសម្ព័ន្ធធំទូលាយ។
នេះជាការអនុវត្តតាមស្មារតីលិខិត លេខ២៩២/២១ លស,ហគក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ របស់គណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្ដាល ដែលអនុញ្ញាតឱ្យគណបក្សក្រុងប៉ោយប៉ែត ធ្វើការដោះដូរ និងសង់អាគារទីស្នាក់ការ ថ្មី ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សាកណ្ដាល និងបានរៀបចំបញ្ចុះបឋម សិលាសាងសង់អាគារទីស្នាក់ការថ្មី នៅថ្ងៃបន្ទាប់ ក្រោមអធិបតីភាពលោក ប្រធានគណៈកម្មាធិការបក្សខេត្ត (អ៊ុំ រាត្រី) ដោយមានការចូលរួមពីមន្ត្រីគណបក្ស គ្រប់ជាន់ថ្នាក់។
អាគារថ្មីនេះ ត្រូវបានស្ថាបនាឡើង នៅលើផ្ទៃដី ទំហំ ៨.០០០ ម៉ែត្រក្រឡា ទទឹង ៨០ ម៉ែត្រ បណ្ដោយ ១០០ ម៉ែត្រ តាមគំរូប្លង់ ដែលមានរចនាបទខ្មែរ។ ឯអាគារ មានទំហំ ១.៩៨០ ម៉ែត្រក្រឡា ទទឹង ៣៦ ម៉ែត្រ បណ្ដោយ ៥៥ ម៉ែត្រ កម្ពស់ ២ ជាន់ ចំណាយថវិការសាងសង់ ចំនួន ១.៣១៧.៩៨១ ដុល្លារ ដោយក្រុមហ៊ុន អ៊ី អិល អេច (E L H) ដែលមានអ្នកស្រី ឡៅ សូលី ជានាយិកា។
អាគារស្នាក់ការនេះ មានរៀបចំជាការិយាល័យធ្វើការរបស់គណ:កម្មាធិការ គណបក្សក្រុង បន្ទប់ធ្វើការរបស់ប្រធាន អនុប្រធាន បន្ទប់គណៈចំណុះ បន្ទប់ក្រុមការងារយុវជន បន្ទប់រងចាំ សាលប្រជុំតូច និងមានបន្ទប់អនាម័យ គ្រប់បន្ទប់។ ផ្នែកសាលប្រជុំធំ អាចទទួលសមាជិកចូលរួម បាន ១.០០០ នាក់ និងមានបន្ទប់អនាម័យ ចំនួន ៤ បន្ទប់ ហើយផ្នែកខាងក្រោយ មានអាគារដាច់ ដោយឡែក មានបន្ទប់ស្នាក់នៅ ៤ បន្ទប់ បន្ទប់ឃ្លាំងសម្ភារៈ បន្ទប់ផ្ទះបាយ បំពាក់ប្រព័ន្ធទឹកភ្លើង ម៉ាស៊ីនត្រជាក់កង្ហារ ។
លោកបានបន្តថាៈ បរិវេណទីធ្លា បានចាក់សាបបាត មានដងទង់ជាតិ ទង់បក្ស នៅខាងមុខ និងបំពាក់សញ្ញាគណបក្ស រចនាអំពីស្ពាន់ដាក់តាំងនៅផ្នែកលើជើងទម្រ ស្ថិតនៅចំពាក់កណ្ដាលទ្វារចូល ទាំងសងខាង។ ឡដុតសំរាម និងបន្ទប់ទឹក សាធារណៈ ចំនួន ៨ បន្ទប់ ស្ថិតនៅប៉ែកខាងក្រោយ រួមជាមួយប្រព័ន្ធលូរំដោះទឹក ជាប់របងសួនច្បារ ព័ទ្ធជុំវិញ ប្រវែង ៣៦០ ម៉ែត្រ ។
សូមបញ្ជាក់ថា អាគារទីស្នាក់ការគណបក្សក្រុង និងហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ បានសាងសង់ឡើង តាមស្ថាបត្យកម្ម ដោយអនុវត្តតាមកិច្ចសន្យា រវាងគណៈកម្មា ធិការបក្សក្រុង និងក្រុមហ៊ុន អ៊ី អិល អេច និងធ្វើពិធីប្រគល់-ទទួលជាផ្លូវការ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។
លោក គាត ហ៊ុល បានបន្តថាៈ អំពីការគ្រប់គ្រង ដឹកនាំរបស់គណបក្សក្រុង គឺ ក្រុងនេះមានពលរដ្ឋ ចំនួន ២៤.៧៤៨ គ្រួសារ មនុស្សរាយចំនួន ១០២.៦១២ នាក់ ស្រី ៥១.៦៦៨ នាក់ អាយុ១៨ឆ្នាំឡើង ចំនួន ៦២.៧០៩ នាក់ ។
ការគ្រប់គ្រងសមាជិកគណបក្ស គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងមក សមាជិកគណបក្សដែលបានកសាងបាន សរុបចំនួន ៣៣.០៥៤ នាក់ ។ សមាជិកគណបក្សចាស់ ដែលបានបញ្ចូលក្នុងប្រព័ន្ធរួច សរុបចំនួន ២៧.៩១៥ នាក់ និងសមាជិកគណបក្សថ្មី ដែលបានកសាង ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត ចំនួន ៥.១៣៩ នាក់ ហើយបានបញ្ចូលក្នុងប្រព័ន្ធចំនួន៤២០នាក់ នៅសល់ ៤.៧១៩ នាក់ បន្តបញ្ចូល ។
ក្នុងនោះ លោកប្រធានគណ:កម្មាធិការ គណបក្សខេត្ត បានដឹកនាំក្រុមការងារ ប្រារព្ធពិធីបញ្ចូលសមាជិកថ្មី ដែលបានកសាង ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត លើ ៥ សង្កាត់ ជំហានទី១ បានចំនួន ១.៧៧៣ នាក់ នៅសល់ ៣.៣៦៦ នាក់ ធ្វើពិធីបញ្ចូលនៅពេលបន្ទាប់ ។ សមាជិកគណបក្សថ្មី ដែលបានធ្វើប័ណ្ណសមាជិក ជូនបានចំនួន ២.២៩៤ នាក់ និងពុំទាន់បានប័ណ្ណចំនួន២.៨៤៥នាក់ ។ សមាជិក គណបក្ស ធ្វើចំណាកស្រុក សរុបចំនួន ១.៨៩៨ នាក់ ។ សមាជិកគណបក្ស មានអត្តសញ្ញាណបណ្ណ ចំនួន ២៨.៩១៥ នាក់ និងគ្មានអត្តសញ្ញាណបណ្ណ ចំនួន ៤.១៣៩ នាក់ ។ ឯការងារចាត់តាំង អនុវត្តតាមការចង្អុលបង្ហាញ និងអនុសាសន៍ ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោកប្រធានគណបក្សខេត្ត និងកិច្ចសហការជាមួយក្រុមការងារ ចុះជួយមូលដ្ឋានក្រុង សង្កាត់ និងដោយផ្អែក លើសំណូមពរ ជាសារវ័ន្ត ដែលគណ:កម្មាធិការកណ្តាល បានដាក់ចុះ ” សមាជិក គណបក្សម្នាក់ គឺជាសន្លឹកឆ្នោតគាំទ្រគណបក្ស ១សន្លឹក ” គណបក្សក្រុង បានរៀបចំផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ឱ្យជោគជ័យ តាមការប្តេជ្ញាចិត្តរបស់គណបក្សទាំងមូល ។
លោកឧបនាយករដ្ឋមន្រី្ក កែ គឹមយ៉ាន ក្នុងឱកាសនោះ បានកោតសរសើរ និង អបអរសាទរជាមួយគណបក្សក្រុង ដែលឈានដល់ការស្ថាបនា និងសម្ពោធដាក់ឱ្យ ប្រើប្រាស់ នូវអគារ និងសមិទ្ធផលនានា របស់ស្នាក់ការគណបក្សថ្មី ក្រុងប៉ោយប៉ែត ដែលធំ ទូលាយ និងសមស្រប សម្រាប់ឱ្យមន្ត្រីគណបក្ស ងាយស្រួលបំពេញការ ឆ្ពោះទៅឆ្លើយតបដំណោះស្រាយ សំណូមពរ សមាជិកគណបក្សនិងប្រជាជន ព្រមទាំងជួយអោយគណបក្សធានាបានជ័យជម្នះថ្មីបន្ថែមទៀត។ លោកក៏ឆ្លៀតថ្លែង អំណរគុណ ចំពោះលោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ ដែលបានផ្តល់ដីសម្រាប់ កសាងអាគារទីស្នាក់ការគណបក្សក្រុងចាស់ ។
លោកឧបនាយករដ្ឋមន្រី្ក កែ គឹមយ៉ាន បានកោតសរសើរដែរ ដល់ការប្តេជ្ញាចិត្ត របស់លោក គាត ហ៊ុល ប្រធានគណបក្សក្រុង និងមន្ត្រីដែលបានរាយការណ៍ និងប្តេជ្ញាចិត្តលើការងារគណបក្ស ដែលជឿជាក់ថា គណបក្សនឹងមានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ ៕/V