ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ បុរសអ៊ីរ៉ង់អាយុ៣២ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅអាល្លឺម៉ង់ ពីបទសង្ស័យថារៀបចំផែនការវាយប្រហារដោយប្រើសារធាតុគីមី នេះបើតាមមន្ត្រីអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអាទិត្យ។
ប៉ូលីសនិងរដ្ឋអាជ្ញាបាននិយាយថា បុរសអ៊ីរ៉ង់និងមនុស្សម្នាក់ទៀតត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសៅរ៍នៅទីប្រជុំជនកាសត្រូប-រ៉ូសែល(Castrop-Rauxel)ភាគពាយព្យក្រុង ដតម៉ុន(Dortmund)។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ពួកគេបាននិយាយថា ក្រោមការជំរុញទឹកចិត្តដោយភាពជ្រុលនិយមអ៊ីស្លាម ជនសង្ស័យមានផែនការវាយប្រហារធំមួយដោយប្រើសារធាតុគីមីពុលស៊ីយ៉ានីតនិងរីស៊ីន។
ទីភ្នាក់ងារសារព័ត៌មានdpaអាល្លឺម៉ង់បានរាយការណ៍ថា អ្នកឯកទេសក្នុងឈុតសម្លៀកបំពាក់ប្រឆាំងសារធាតុពុល បានចូលឆែកឆេរផ្ទះជនសង្ស័យ នៅពេលកាសែតBildបាននិយាយថា អាជ្ញាធរអាល្លឺម៉ង់បានទទួលព័ត៌មានសម្ងាត់មួយមកពីទីភ្នាក់ងារស៊ើបការណ៍របស់សម្ពន្ធមិត្ត អំពីផែនការវាយប្រហារដោយប្រើសារធាតុគីមីពុលនេះ។
រំលឹកថា កាលពីប្រាំឆ្នាំមុន ប៉ូលីសអាល្លឺម៉ង់ក៏បានចាប់ខ្លួនបុរសទុយនេស៊ីម្នាក់និងប្រពន្ធរបស់គាត់ ចំពោះការសង្ស័យថាបានរៀបចំផែនការវាយប្រហារដោយប្រើសារធាតុគីមី រីស៊ីន(ricin)តាងនាមអោយក្រុមរដ្ឋអ៊ីស្លាម។ពួកគេក្រោយមកត្រូវបានរកឃើញកំហុស និងត្រូវបានកាត់ទោសអោយជាប់គុក១០ឆ្នាំ៕
ប្រតិបត្តិការឆែកឆេរផ្ទះជនសង្ស័យធ្វើឡើងដោយប៉ូលីសនិងផ្នែកអគ្គិភ័យបានរកឃើញសារធាតុពុលកាលពីល្ងាចថ្ងៃ៧មករានៅ ទីប្រជុំជនកាសត្រូប-រ៉ូសែល