ដោយៈ សរិទ្ធ / ភ្នំពេញៈ រថយន្តកុងតឺន័រ បានបើកបុកម៉ូតូកម្មករសំណង់ម្នាក់ ពីក្រោយ កិនអូសជាច្រើនម៉ែត្រ បណ្តាលឱ្យបែកក្បាល ធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូរបស់ជនរងគ្រោះវិញ ត្រូវកៀបជាប់ក្រោម រថយន្ត ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១:៣០នាទី យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ យឹម អាត ភេទប្រុស អាយុជាង ៣០ ឆ្នាំ ជាកម្មករ សំណង់ ។
បើយោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថាៈ មុនកើតហេតុ គេឃើញម៉ូតូម៉ាកហុងដា ឌ្រីម សង់ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ ង 8901 .ភព1 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៦A ក្នុងទិសដៅពីខាងកើត មកខាងលិច ក្នុងល្បឿនមធ្យម លុះមកដល់ ចំណុច កើតហេតុខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A1831 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា ពីខាងកើត មកខាងលិច ក្នុងល្បឿនលឿន។
លុះមកដល់ចំណុចកើតហេតុ ពុំដឹងថា មានបញ្ហាអ្វីនោះទេ ក៏ជាន់ហ្គែរ ទៅបុកម៉ូតូ ពីក្រោយ យ៉ាងពេញទំហឹង រួចកិនពីលើបុរសរងគ្រោះ ចំក្បាល បណ្តាលឱ្យបែកខួរ ខ្ទាតពេញផ្លូវស្លាប់មួយរំពេច ចំណែករថយន្តបង្កបន្តល្បឿន បើករត់ទៅមុខទាំងម៉ូតូ អូសជាប់ក្រោមរថយន្ត ជាច្រើនម៉ែត្រ ទើបកម្លាំងសមត្ថកិច្ច ប្រដេញពីក្រោយ ឃាត់បានតែរថយន្ត ចំណែកតៃកុង បានរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកលៀប បានចុះមកដល់ រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍បន្ត ដើម្បីឱ្យចុះមក វាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំឲ្យភាគីម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ។ ចំណែកឯសព សមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារ មកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចជំនាញ បានអំពាវនាវថា សូមបើកបរដោយការប្រុងប្រយ័ត្ន គ្រប់ពេលវេលា គោរពជីវិតអ្នកដទៃ ឲ្យដូចគោរពស្រលាញ់ជីវិតខ្លួនឯង៕/V