ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំពិធីបើកការប្រកួតកីឡាអុកចត្រង្គ ជើងឯកអាស៊ីអាគ្នេយ៍ (SEAOUK CHAKTRANG CHAMPIONSHIP) ឆ្នាំ២០២៣ ដើម្បីជាពិសោធន៍ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខនេះ។

ពិធីបើកការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក សេង ប៊ុនសុង តំណាងគណៈ
កម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ព្រមទាំងប្រតិភូប្រទេសចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់នេះ រួមមាន ម្ចាស់ផ្ទះកម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលមានប្រតិភូ អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីចូលរួមសរុប ៦២ នាក់ ។

លោក គុជ គីមឡុង បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានប្រតិភូកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមការប្រកួត ព្រោះនេះជាលើកដំបូងហើយ ដែលសហព័ន្ធ រៀបចំការប្រកួតថ្នាក់តំបន់ ក្រោយពីបានទទួលបានការអនុញ្ញាត និងគាំទ្រពី គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នោះ ។
គោលបំណង នៃការប្រកួតនេះ ដើម្បីផ្សព្វផ្សាយអំពីបទបញ្ជាបច្ចេកទេស លក្ខន្ដិកៈដល់អាជ្ញាកណ្ដាល ចៅក្រម កីឡាករ កីឡាការិនីអន្តជាតិក៏ដូចជា មានការប្រកួតលក្ខណៈមិត្តភាព កីឡាអុកចត្រង្គ រវាងកីឡាករ កីឡាការិនីរបស់កម្ពុជាជាមួយកីឡាករ កីឡាការិនីរបស់ប្រទេស ដែលចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងបង្កើនបទពិសោធន៍ ដល់មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម ក្នុងការត្រៀមរៀបចំការប្រកួត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ SEA OUK CHAKTRANG CHAMPIONSHIP 2023 នេះ នឹងធ្វើឡើងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការឧបត្ថម្ភគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ CAMSOC ៕/V-PC