ដោយៈ យោធិន / ភ្នំពេញៈ នៅរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ កម្ពុជា បញ្ជូនកងទ័ពមួកខៀវ ចំនួន ៤៨ នាក់បន្ថែមទៀត នៃចំនួនសរុប ១៤៤ នាក់ នៃកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ទៅចូលរួមបំពេញ បេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិក្នុងតំបន់បេសកកម្ម នៅសាធារណរដ្ឋម៉ាលី ដើម្បីជាការប្តូរវេនកងកម្លាំងចាស់ ដែលបាន បញ្ចប់រយៈពេល ១ឆ្នាំ ដោយជោគជ័យ។

កញ្ញា ឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករង តំណាង នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងក្នុងពិធីជូនដំណើរកងកម្លាំងមួកខៀវ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយបញ្ជាក់ថាៈ កម្ពុជាបានរួមចំណែក បញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយដល់បណ្តាប្រទេស ដែលកំពុងប្រឈម និងរងគ្រោះដោយសារជម្លោះប្រដាប់អាវុធ និងបញ្ហាមីន រួមនិងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងចូលរួមធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការថែទាំងអាកាសយានដ្ឋាន ក្នុងគោលដៅបញ្ចប់នូវរាល់វិនាសកម្ម ដើម្បីឈានទៅសន្តិភាព។

កញ្ញា ឧត្តមសេនីយ៍ទោ អគ្គនាយករងមជ្ឈមណ្ឌលរក្សាសន្តិភាព បានថ្លែងបន្តថាៈប្រតិបត្តិការ ដើម្បីស្វែងរកសន្តិភាព គឺជាគោលការណ៍សកល ដែលបាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ តាមរយៈការចូលរួម ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ សំដៅប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរ ដោយសារភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេស ក្នុងការស្តារនីតិសម្បទាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍ អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ា ឆ្ពោះទៅកាន់ពិភពលោកមួយ ដែលមានសន្តិភាព និងវឌ្ឍនភាព។

ប្រទេសកម្ពុជា បានក្លាយជាប្រទេសឈានមុខគេមួយ ក្នុងការបញ្ជូនអ្នកដោះមីនរបស់ខ្លួន ទៅសម្រាលទុក្ខលំបាក របស់ប្រជាជនដទៃទៀតដែលរងផលប៉ះពាល់ ដោយសង្គ្រាម។ នេះបើតាមការបញ្ជាក់បន្ថែម ពីសំណាក់កញ្ញាឧត្តមសេនីយ៍ទោ អគ្គនាយករង មជ្ឈមណ្ឌលរក្សាសន្តិភាព មុនពេលចេញដំណើររបស់កងយោធាមួកខៀវកម្ពុជា នាពេលអធ្រាត្រថ្ងៃដដែលនេះ តាមជើងហោះហើរអេត្យូពៀន អ៊ែរឡាញ ដែលចាត់ចែង ដោយអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថាៈ ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៣ នេះ កម្ពុជា បានបញ្ជូនកងយោធាមួកខៀវ ចូលរួមក្នុងបេសកកម្ម រក្សាសន្តិភាពសកល ជាមួយបណ្តាប្រទេសបរិច្ចាគកម្លាំង សរុបចំនួន ៨.៥២៣ នាក់ នៅក្នុងប្រទេសចំនួន៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និង យេម៉ែន។

បច្ចុប្បន្ន កងកម្លាំងយោធាមួកខៀវកម្ពុជា ចំនួន ៨០១ នាក់ នៅតែបំពេញកាតព្វកិច្ចរបស់ខ្លួន នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋអាហ្វ្រិកកណ្តាល ផងដែរ៕/V-PC