ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖រុស្ស៊ីនិងអ៊ុយក្រែនបានធ្វើការដោះដូរអ្នកទោសម្ខាងៗ៥០នាក់កាលពីថ្ងៃអាទិត្យ ក្នុងកិច្ចព្រមព្រៀងមួយដែលភាគីទាំងសងខាងបានស្វាគមន៍ ទោះជាពួកគេកំពុងប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែនក្តី។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហានរុស្ស៊ី៥០នាក់បានវិលមកវិញនិងត្រូវបញ្ជូនទៅកាន់ទីក្រុងមូស្គូដើម្បីពិនិត្យសុខភាពនិងស្តារចិត្តសាស្ត្រឡើងវិញ។
វាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«នៅថ្ងៃ៨មករា ជាលទ្ធផលនៃការចរចា ទាហានរុស្ស៊ី៥០នាក់ត្រូវបានប្រគល់និងវិលមកពីទឹកដីកាន់កាប់ដោយរបបដឹកនាំទីក្រុងគៀវ»។
អ៊ុយក្រែនក៏បានបញ្ជាក់ព័ត៌មានខាងលើនិងបាននិយាយថា រុស្ស៊ីបានដោះលែងទាហានអ៊ុយក្រែន៥០នាក់ផងដែរ ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរអ្នកទោស។
អង់ឌ្រីយ យែម៉ាក(Andriy Yermak)នាយកការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានសរសេរបង្ហោះថា «មានការដោះដូរឈ្លើយសឹកដ៏ជោគជ័យមួយទៀត។ទាហានអ៊ុយក្រែន៥០នាក់បានវិមកវិញ។នឹងមានបន្តទៀត យើងត្រូវតែនាំប្រជាជនយើងទាំងអស់មកស្រុកវិញ »។
លោកយែម៉ាក បានបង្ហោះរូបទាហានអ៊ុយក្រែនកាន់ស្បោងអាហារនៅក្បែររថយន្តក្រុងមួយ ដែលពួកគេត្រូវជិះ និងវីដេអូមួយដែលពួកគេបានច្រៀងចំរៀងជាតិ៕