ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីលលោក ជែរ បូលសូណារ៉ូ (Jair Bolsonaro) ដែលបដិសេធមិនទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតរបស់គាត់ បានសម្រុកចូលសភា តុលាការកំពូល និងវិមានប្រធានាធិបតីក្នុងរដ្ឋធានីកាលពីថ្ងៃអាទិត្យទី៨មករា គឺមួយសប្តាហ៍បន្ទាប់ពីការស្បថកាន់អំណាចរបស់គូប្រជែងឆ្វេងនិយមរបស់គាត់គឺប្រធានាធិបតី ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva) ។
បាតុកររាប់ពាន់នាក់បានឆ្លងកាត់របាំងសន្តិសុខ ឡើងលើដំបូល វាយកម្ទេចបង្អួច និងលុកលុយអគារទាំងបី ដែលគេជឿថានៅទំនេរភាគច្រើន ហើយអង្គុយនៅលើទីលានអំណាចទាំងបី (Three Powers Square) ដ៏ធំរបស់រដ្ឋធានីប្រាស៊ីលីយ៉ា (Brasilia)។
ពួកគេមួយចំនួនបានអំពាវនាវឱ្យមានអន្តរាគមន៍យោធាដើម្បីស្តារលោកបូលសូណារ៉ូស្តាំនិយមឱ្យឡើងកាន់អំណាចឡើងវិញ ឬ មិនអ៊ីចឹងបណ្តេញលោកលូឡាចេញពីតំណែងប្រធានាធិបតី។
នៅក្នុងសន្និសីទសារព័ត៌មានពីរដ្ឋសៅប៉ូឡូ លោកលូឡាបាននិយាយថា លោកបូលសូណារ៉ូបានលើកទឹកចិត្តដល់ការបះបោរដោយក្រុមមនុស្ស ដែលលោកហៅថា “ពួកជ្រុលនិយមហ្វាស៊ីស”ហើយលោកបានអានក្រឹត្យដែលទើបចុះហត្ថលេខាថ្មីថ្មោងសម្រាប់រដ្ឋាភិបាលសហព័ន្ធដើម្បីគ្រប់គ្រងសន្តិសុខនៅក្នុងរដ្ឋធានី។
លោកលូឡាបាននិយាយថា “វាគ្មានហេតុការណ៍ជាគំរូសម្រាប់អ្វីដែលពួកគេបានធ្វើនោះទេ ហើយមនុស្សទាំងនេះត្រូវតែទទួលទោស”។
ប៉ុស្តិ៍ទូរទស្សន៍ Globo News បានបង្ហាញក្រុមបាតុករពាក់ខោអាវពណ៌បៃតងនិងលឿងនៃទង់ជាតិប្រេស៊ីល ដែលបានក្លាយជានិមិត្តរូបនៃចលនាអភិរក្សនិយមរបស់ប្រទេសផងដែរនិងត្រូវបានយកមកប្រើប្រាស់ដោយអ្នកគាំទ្រលោកបូលសូណារ៉ូ។
អតីតប្រធានាធិបតីរូបនេះបានវាយប្រហារម្តងហើយម្តងទៀតលើចៅក្រមតុលាការកំពូល ហើយបន្ទប់ដែលពួកគេធ្វើសវនាការត្រូវបានកម្ទេចចោលដោយក្រុមកុបករ។ ពួកគេបានបាញ់បំពង់ពន្លត់អគ្គិភ័យនៅក្នុងអគារសភា និងវាយកម្ទេចការិយាល័យនៅវិមានប្រធានាធិបតី។ បង្អួចបានខូចខាតនៅក្នុងអគារទាំងអស់។
លោកបូលសូណារ៉ូ ដែលហោះទៅរដ្ឋផ្លរីដានៅមុនថ្ងៃស្បថកាន់អំណាចរបស់លោកលូឡា មិនបានធ្វើអត្ថាធិប្បាយលើព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យនោះទេ។
ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីដណ្តើមអគារមកវិញ ហើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ផ្លាវីអូ ឌីណូ (Flavio Dino)បាននិយាយនៅក្នុងសន្និសីទកាសែតថា មកទល់ក្បាលព្រលប់ថ្ងៃអាទិត្យ ការគ្រប់គ្រងអគារនានាត្រូវបានស្តារឡើងវិញហើយ ដោយមនុស្សប្រហែល ២០០ នាក់ត្រូវបានចាប់ខ្លួនហើយក្រុមមន្ត្រីបន្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបន្ថែមទៀតដើម្បីបណ្តេញក្រុមអ្នកតវ៉ាសេសសល់ចេញពីតំបន់នោះ៕
បាតុករអុកឡុកអគារសភា តុលាការកំពូល និងវិមានប្រធានាធិបតីក្នុងរដ្ឋធានីកាលពីថ្ងៃអាទិត្យទី៨មករា