​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី ម៉ាក​គី សាល (Macky Sall) បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ទី​៨​មករា​ថា មនុស្ស​ចំនួន ៣៩ នាក់​បាន​ស្លាប់ និង​ជាង ១០០ នាក់​ផ្សេងទៀត​បាន​រងរបួស នៅពេល​ដែល​រថយន្តក្រុង​ពីរ​គ្រឿង​បុក​គ្នា​ទាំង​យប់​នៅលើ​ផ្លូវ​សំខាន់​មួយ​ក្នុង​តំបន់​កាហ្វ​ហ្វ្រ៊ី​ន (Kaffrine) ភាគ​កណ្តាល​ប្រទេស​សេណេ​ហ្គាល់​។​

​រូបភាព​នៃ​ឧបទ្ទវហេតុ​នេះ​បានបង្ហាញ​ផ្នែក​ខាង​មុខ​នៃ​រថយន្តក្រុង​ពណ៌​ស​ទាំងពីរ​ខ្ទេច​អស់ ដោយ​មាន​ឈាម​ប្រឡាក់​ពេញ​កៅអី​របស់របរ​ផ្ទាល់ខ្លួន​និង​ស្បែកជើង​បាន​ខ្ទាត​ចេញ​ពាសពេញ​ទីតាំង​កើត​​ហេតុ​។​

​អ្នកជំនាញ​បាន​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​គឺជា​រឿង​ធម្មតា​នៅក្នុង​ប្រទេស​សេណេ​ហ្គាល់ ដែល​ភាគច្រើន​គឺ​ដោយសារតែ​កំហុស​របស់​អ្នកបើកបរ ផ្លូវ​មិនល្អ និង​យានជំនិះ​ចាស់ៗ​ប៉ុន្តែ​គ្រោះមហន្តរាយ​​ចុងក្រោយ​បំផុត​នេះ​បាន​បណ្តាលឱ្យ​បាត់បង់​អាយុជីវិត​ធ្ងន់ធ្ងរ​បំផុត​ពី​ឧបទ្ទវហេតុ​តែ​មួយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន លោក​សាល​បានកែតម្រូវ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​មុន​នេះ ដែល​ដាក់​តួលេខ​អ្នកស្លាប់ ៤០ នាក់ ដោយ​លើកឡើង​ពី​ការរាប់​ខុស​នៅឯ​កន្លែង​រក្សា​សព​។​

​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះ បន្ទាប់​ពី​ចុះទៅ​មើល​កន្លែង​កើតហេតុ​នៅលើ​ផ្លូវជាតិ​លេខ ១ នៅ​ក្រៅ​ភូមិ​ស៊ី​គីឡូ (Sikilo)​និង​និយាយ​ជាមួយ​អ្នករងរបួស​មួយចំនួន​នៅ​មន្ទីរពេទ្យ​ក្នុង​​តំបន់​ក្នុង​ទីប្រជុំជន​កាហ្វ​ហ្វ្រ៊ី​ន​ក្បែរ​នោះ​។​

​លោក​សាល​បាន​និយាយថា “​យើង​កត់សម្គាល់​ដោយ​ការឈឺចាប់​និង​ការ​សោកសៅ​យ៉ាងខ្លាំង​ចំពោះ​ការស្លាប់​មនុស្ស ៣៩ នាក់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ជិត​ទីប្រជុំជន​កាហ្វ​ហ្វ្រ៊ី​ន​”​។​

​លោក​បាន​បន្ថែមថា “​យើង​បាន​បាត់បង់​មនុស្ស​វ័យក្មេង​ជាច្រើន​នាក់​ក្នុង​គ្រោះថ្នាក់​នេះ ហើយ​ថ្ងៃស្អែក​នាយករដ្ឋមន្ត្រី​នឹង​កោះប្រជុំ​ក្រុមប្រឹក្សា​អន្តរក្រសួង ដែល​ពាក់ព័ន្ធ​នឹង​ពិភព​នៃ​ការដឹកជញ្ជូន ក៏​ដូចជា​អ្នក​ដឹកជញ្ជូន អ្នកបើកបរ អ្នកធានារ៉ាប់រង និង​សេវា​សន្តិសុខ ដើម្បី​ពិនិត្យមើល​វិធានការ​ដែល​ត្រូវអនុវត្ត​”​។​

​រដ្ឋាភិបាល​បាន​ប្រកាស​កាន់ទុក្ខ​ជាតិ​ចំនួន​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ ដោយ​ទង់ជាតិ​នឹងត្រូវ​បង្ហូត​ពាក់កណ្តាល​ដង​នៅ​ទូទាំង​ប្រទេស​៕

​រថយន្តក្រុង​ពីរ​គ្រឿង​បុក​គ្នា​កាលពី​ថ្ងៃអាទិត្យ​បណ្តាលឱ្យ​ស្លាប់ ៣៩ នាក់ និង​របួស​ជាង ១០០ នាក់