ដោយៈ សុវណ្ណកុម្ភៈ / ព្រះសីហនុ ៖ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សហព័ន្ធកីឡាទូក ក្តោងកម្ពុជា បានបញ្ចប់ការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្តមនាវីទោ នួន សុធី មេបញ្ជាការរង នៃបញ្ជាការដ្ឋានមូលដ្នាន សមុទ្រ និងមានការចូលរួមពីសំណាក់ លោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ ជាតំណាងលោក ថោង រដ្ឋសក្តិ ប្រធានស្តីទី នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅឆ្នេររាម ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សម្រាប់ការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ គណៈកម្មការរៀបចំការប្រកួត បានរៀបចំវិញ្ញាសា ចំនួន ៥ ដោយមានកីឡាករ -កីឡាការិនី ចូលរួមសរុបចំនួន ២៧ រូប ដូចជា វិញ្ញាសា Windsurfing Open វិញ្ញាសា Windsurfing Techno Open វិញ្ញាសា ILCA Boat វិញ្ញាសា Byte Boat និងវិញ្ញាសា Optimist Boat ។

ឆ្លងកាត់ការប្រកួតដោយស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអស់ ពីសមត្ថភាព បច្ចេកទេស ឈរលើស្មារតីសាមគ្គីភាព ព្រមទាំងអនុវត្តបាន តាមគោលការណ៍ ដោយយុត្តិធម៌ ( Fair Play ) ជាលទ្ធផលនៃការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២២ ដែលមានរយៈពេល ២ថ្ងៃ ដែលចាប់តាំងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ លើវិញ្ញាសា ចំនួន ៥ ប្រភេទ រួមមានៈ វិញ្ញាសា Windsurfing Open មេដាយមាស បានទៅលើកីឡាករ កែវ ភារុណ មេដាយប្រាក់ បានទៅលើកីឡាករ ប៉ាល់ សិលា និងមេដាយសំរិទ្ធ បានទៅលើកីឡាករ កែវ ភានុន ។

ចំណែកវិញ្ញាសា Windsurfing Techno Open មេដាយមាស បានទៅលើកីឡាករ គង់ សំរេច មេដាយប្រាក់បានទៅលើកីឡាករ ព្រំ វណ្ឌី និងមេដាយសំរិទ្ធបានទៅលើកីឡាករ ម៉ុញ ផាន់ណះ ។ វិញ្ញាសា ILCA Open មេដាយមាស បានទៅលើកីឡាករ ញ៉ូវ ចាន់ មេដាយប្រាក់ បានទៅលើកីឡាករ ស៊ុន ចាន់ឌឿន និងមេដាយសំរិទ្ធ បានទៅលើកីឡា ការិនី សម្បត្តិ ចនសាន់ ។

រីឯវិញ្ញាសា Byte Boat Open មេដាយមាស បានទៅលើកីឡាករ ចាន់ សុខវាសនា មេដាយប្រាក់ បានទៅលើកីឡាករ ធុច លីអ៊ីង និងមេដាយសំរិទ្ធ បានទៅលើកីឡាករ មាច ឫទ្ធីវង្ស និងវិញ្ញាសា Optimist Open មេដាយមាស បានទៅលើកីឡាករ ទិត សុវណ្ណា មេដាយប្រាក់ បានទៅលើកីឡាករ បូ សំអ៊ី និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី ធឿន ដាវីត។

ការប្រកួតនេះ គឺជាការប្រកួត ដ៏មានសារសំខាន់មួយ សម្រាប់ការបន្តកសាងសមត្ថភាព គុណភាព ទេពកោសល្យ និងវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនី ជាពិសេស គឺជាការវាស់ ស្ទង់សមត្ថភាព របស់មន្រ្តីបច្ចេកទេស និងចៅក្រមរបស់សហព័ន្ធ ក្រោមការជួយគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យកីឡាទូកក្តោង នៅកម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ៕ V / N