ដោយ: ភ្នំខៀវ / បាត់ដំបងៈ សមត្ថកិច្ច បានឃាត់ខ្លួនបុរសកំណាចម្នាក់ បន្ទាប់ពីបានវាយ អតីតប្រពន្ធ ពីរខ្នងពូថៅ ត្រង់ក្បាល បណ្តាលឱ្យស្លាប់ យ៉ាងវេទនា។

នគរបាលស្នងការខេត្ត បានប្រាប់ឲ្យដឹងថាៈ ការឃាត់បុរសជាប្តី ចិត្តមាម្នាក់នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីបានផ្ទុះអំពើហិង្សា កាលថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី១២ ក្នុងភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យ ឈ្មោះ ខុន សុខណា ភេ​ទប្រុស អាយុ ៣៨ ឆ្នាំ ស្រុកកំណើត នៅខេត្តព្រៃវែង បានមកស្នាក់នៅក្នុងមូលដ្ឋាន ស្រុកមោងឫស្សី បណ្តោះអាសន្ន។ នៅព្រលប់ថ្ងៃកើតហេតុ ដោយជនសង្ស័យ បានសុំរស់នៅជាមួយប្រពន្ធ ដូចធម្មតាវិញ ប៉ុន្តែជនរងគ្រោះ ឈ្មោះ ហួម ទីម ភេទស្រី អាយុ ២៨ ឆ្នាំ មិនព្រម ស្រាប់តែជនបង្ក យកពូថៅវាយសំពង លើអតីតប្រពន្ធផ្ទួនៗ ចំនួន ២ខ្នងពូថៅ ចំត្រង់ក្បាល ចំហៀងខាងស្តាំ បណ្ដាលឱ្យរងរបួស ធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ហើយក៏ស្លាប់តែម្តង នៅវេលារំលងអធ្រាត្រថ្ងៃដដែល។

នគរបាល បានបន្តថាៈ ករណីហិង្សាធ្ងន់ធ្ងរនេះ អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ក្រោយសាកសួរ បានបញ្ជូនសំណុំរឿង មកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាន គរបាលខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕/V-PC