ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ុយមីអូ គីស៊ីដា ចាប់ផ្តើមដំណើរទស្សនកិច្ចពេញមួយសប្តាហ៍នៅថ្ងៃចន្ទនេះ ដើម្បីពង្រឹងទំនាក់ទំនងយោធាជាមួយអឺរ៉ុបនិងអង់គ្លេស ហើយផ្តោតលើសម្ពន្ធភាពជប៉ុន-អាម៉េរិកនៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈជប៉ុនបានបំបែកការអត់ធ្មត់របស់ខ្លួនក្រោយសង្គ្រាមលោកដើម្បីទទួលយកតួនាទីវាយលុកបន្ថែមទៀត ដោយចិននៅក្នុងក្រសែភ្នែក។
កិច្ចពិភាក្សារបស់លោកគីស៊ីដាជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃដិន នៅថ្ងៃសុក្រនឹងបង្ហាញពីដំណើរទស្សនកិច្ចប្រាំប្រទេសរបស់គាត់ ដែលនាំគាត់ទៅកាន់ប្រទេសបារាំង អ៊ីតាលី អង់គ្លេសនិងកាណាដាផងដែរ ដែលខ្លះជាក្រុមប្រទេស G7ដែលជប៉ុនបានបង្កើនទំនាក់ទំនងផ្នែកការពារជាតិ។
ការឈប់សំចតទីមួយរបស់គាត់គឺទីក្រុងប៉ារីសនៅថ្ងៃចន្ទ។
លោកគីស៊ីដាបាននិយាយថា កិច្ចប្រជុំកំពូលរបស់គាត់ជាមួយលោកបៃដិននឹងគូសបញ្ជាក់ពីភាពរឹងមាំនៃសម្ពន្ធភាពជប៉ុន-អាម៉េរិកនិងរបៀបដែលប្រទេសទាំងពីរអាចធ្វើការកាន់តែជិតស្និទ្ធនៅក្រោមយុទ្ធសាស្ត្រសន្តិសុខនិងការពារជាតិថ្មីរបស់ជប៉ុន។
ជប៉ុនកាលពីខែធ្នូបានអនុម័តកំណែទម្រង់សន្តិសុខនិងការពារជាតិសំខាន់ៗ រួមទាំងសមត្ថភាពវាយបកវិញ ដែលធ្វើឱ្យជប៉ុនបំបែកចោលនូវគោលការណ៍ស្វ័យការពារផ្តាច់មុខរបស់ខ្លួន។ ជប៉ុននិយាយថា ការដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់មីស៊ីលនាពេលបច្ចុប្បន្ន មិនគ្រប់គ្រាន់ដើម្បីការពារខ្លួនពីអាវុធរីកចម្រើនយ៉ាងឆាប់រហ័សរបស់ចិននិងកូរ៉េខាងជើងនោះទេ។
លោកគីស៊ីដាបាននិយាយថា លោកនឹងពន្យល់ដល់លោកបៃដិននូវយុទ្ធសាស្ត្រថ្មី ដែលក្នុងនោះជប៉ុនក៏នឹងពង្រឹងការការពារនៅកោះភាគនិរតីរបស់ខ្លួននៅជិតកោះតៃវ៉ាន់ផងដែរ រួមទាំងកោះយ៉ូណាហ្គូនី (Yonaguni) និង អ៊ីស៊ីហ្គាគី (Ishigaki) ជាកន្លែងដែលមូលដ្ឋានថ្មីកំពុងត្រូវបានសាងសង់។
លោកគីស៊ីដាបានប្រាប់ទូរទស្សន៍ជាតិ NHK កាលពីថ្ងៃអាទិត្យដោយសំដៅលើចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការសន្តិសុខជាតិនិងសេដ្ឋកិច្ច ដែលប្រទេសទាំងពីរជំរុញដើម្បីប្រឆាំងនឹងឥទ្ធិពលយោធានិងសេដ្ឋកិច្ចរបស់ចិនថា “យើងនឹងពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនៃសម្ពន្ធភាពជប៉ុន-អាម៉េរិក និងរបៀបដែលយើងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលបើកចំហដោយសេរី”។
ក្រោមយុទ្ធសាស្ត្រថ្មី ជប៉ុនគ្រោងនឹងចាប់ផ្តើមដាក់ពង្រាយនៅឆ្នាំ២០២៦នូវកាំជ្រួចមីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយដែលអាចបាញ់ដល់គោលដៅក្នុងប្រទេសចិនគឺជិតទ្វេដងនៃថវិកាការពារជាតិរបស់ខ្លួនក្នុងរយៈពេលប្រាំឆ្នាំធៀបនឹងស្តង់ដារណាតូប្រហែល ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបពី ១ ភាគរយបច្ចុប្បន្ន និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអ៊ីនធឺណិតនិងចារកម្ម។
គំនិតនេះគឺត្រូវតែធ្វើឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងរយៈពេលខ្លី ខណៈអ្នកជំនាញមួយចំនួនមើលឃើញហានិភ័យកើនឡើងដែលប្រធានាធិបតីចិន ស៊ី ជីនភីង អាចនឹងចាត់វិធានការប្រឆាំងនឹងតៃវ៉ាន់ ដែលរដ្ឋាភិបាលក្រុងប៉េកាំងអះអាងថាជាផ្នែកនៃទឹកដីរបស់ខ្លួន។
លោក គ្រីស្តូហ្វើ ចនស្តូន (Christopher Johnstone)ទីប្រឹក្សាជាន់ខ្ពស់និងជាប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ បាននិយាយថា”នេះគឺជាឱកាសមួយដើម្បីគិតឡើងវិញនិងធ្វើបច្ចុប្បន្នភាពរចនាសម្ពន្ធនិងយន្តការនៃសម្ពន្ធភាពដើម្បីឆ្លុះបញ្ចាំងពីដៃគូដែលមានសមត្ថភាពកាន់តែខ្ពស់ ដែលនឹងមកដល់ឆាប់ៗ”។
ទោះយ៉ាងណា លោកបាននិយាយថា ការផ្តោតអារម្មណ៍របស់ជប៉ុនលើសមត្ថភាពវាយប្រហារនិងថវិកាគឺជាការស្វាគមន៍ ប៉ុន្តែជា “របៀបវារៈដ៏គួរឱ្យភ័យខ្លាច” ដែលនឹងតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការច្រើនឡើងជាមួយសហរដ្ឋអាម៉េរិក៕
លោកគីស៊ីដាចាកចេញពីតូក្យូកាលពីយប់ថ្ងៃអាទិត្យ