ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី លោកអាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim)បានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទទី៩មករា ក្រោយទទួលបានការជឿទុកចិត្តក្នុងការបោះឆ្នោតក្នុងសភានិងពង្រឹងអំណាចរបស់លោកកាលពីខែមុនក្រោយការបោះឆ្នោតសកលមួយ ដែលមិនបានផ្តល់អោយនរណាម្នាក់ឈ្នះដាច់។
លោកអាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាមេដឹកនាំប្រឆាំងយូរអង្វែងម្នាក់នៅម៉ាឡេស៊ី បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីទីដប់របស់ម៉ាឡេស៊ីកាលពីថ្ងៃ២៤វិច្ឆិកាដើម្បីដឹកនាំរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយក្នុងការចងសម្ពន្ធភាពមិនជាមាំទាំមួយជាមួយគណបក្សជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដែលធ្លាប់ជាគូប្រជែងនយោបាយរបស់លោក។
លោកបានជួបប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ(Joko Widodo)ដើម្បីពិភាក្សាគ្នានៅវិមានប្រធានាធិបតីនៅក្រុងបូហ្គ័រ(Bogor)នៅខាងត្បូងក្រុងហ្សាការតា ។
លោកអាន់វ៉ា និងភរិយា ចេញដំណើរទៅកាន់ឥណ្ឌូនេស៊ី ក្នុងដំណើរចេញក្រៅប្រទេសលើកដំបូងរបស់លោក
មេដឹកនាំទាំងពីរត្រូវរំពឹងថានឹងពិភាក្សាបញ្ហាតំបន់និងសកល រួមមានពាណិជ្ជកម្ម ឧស្សាហកម្មដូងប្រេង ជម្លោះព្រំដែននិងស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ។
ពួកលោកក៏នឹងពិភាក្សាសិទ្ធិរបស់កម្មករចំណាកស្រុកក្រោយពីឥណ្ឌូនេស៊ីកាលពីឆ្នាំមុនបានដាក់បំរាមបណ្តោះអាសន្នមួយលើការបញ្ជូនកម្មករពលករទៅកាន់ម៉ាឡេស៊ី ក្រោយមានសេចក្តីរាយការណ៍អំពីការរំលោភសិទ្ធិកម្មករពលករពីសំណាក់និយោជកនិងម្ចាស់ផ្ទះម៉ាឡេស៊ី។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុនម៉ាឡេស៊ីចំនួនប្រាំបីក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានទឹកប្រាក់ដល់ទៅ១,៦៦ពាន់លានរីងហ្គីត៕