ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ ក្រុមហ៊ុនអង់គ្លេសមួយបានបង្កើតត្រាក់ទ័រដំបូងគេក្នុងពិភពលោកដែលប្រើលាមកគោទាំងស្រុង។
ត្រាក់ទ័រ T7 ដើរដោយឧស្ម័នមេតានរាវ ត្រូវគេនិយាយថាជាត្រាក់ទ័រប្រើថាមពលបែបនេះដំបូងគេ និងអាចសម្គាល់ចំណុចរបត់នៃការផ្គត់ផ្គង់ថាមពលប្រកបដោយប្រសិទ្ធភាពនៅក្នុងកសិដ្ឋានរបស់ចក្រភពអង់គ្លេស។
ត្រាក់ទ័រ ដែលមានកម្លាំង ២៧០ សេះនេះដំណើរការដោយឥន្ធនៈដែលប្រមូលបានពីលាមកសត្វកសិដ្ឋាន ហើយត្រូវគេនិយាយថាត្រូវគ្នាម៉ាច់នឹងដំណើរការនៃម៉ាស៊ីនប្រើម៉ាស៊ូតស្តង់ដារដែរ។
វាដំណើរការដោយការប្រមូលលាមកពីហ្វូងសត្វគោរហូតដល់ ១០០ ក្បាលទៅក្នុងកន្លែងស្តុកជីវមេតាននៅកសិដ្ឋាន។
ឧស្ម័នមេតាននោះបន្ទាប់មកត្រូវបានព្យាបាល បង្ហាប់ និងប្រែទៅជាឥន្ធនៈបំភាយទាប។
ធុងផ្ទុកសារធាតុ Cryogenic ដែលបំពាក់នៅលើត្រាក់ទ័រ គឺរក្សាឧស្ម័នមេតានក្នុងទម្រង់រាវនៅសីតុណ្ហភាពដក ១៦២ ដឺក្រេ ដោយផ្តល់ឱ្យត្រាក់ទ័រនូវថាមពលច្រើនដូចប្រេងម៉ាស៊ូតដែរ ប៉ុន្តែបំភាយផ្សែងតិចតួចបំផុត។
ម៉ាស៊ីនដំបូងគេបំផុតនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Cornish Bennamann ដែលកំពុងស្រាវជ្រាវនិងអភិវឌ្ឍផលិតកម្មជីវមេតានអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
ត្រាក់ទ័រនេះត្រូវបានដាក់ដំណើរការក្នុងអំឡុងពេលបើកបរសាកល្បងនៅកសិដ្ឋានមួយក្នុងខេត្តខនវ៉ល (Cornwall) កន្លែងដែលការបំភាយកាបូនឌីអុកស៊ីតត្រូវបានកាត់បន្ថយពី ២.៥០០ តោនមកត្រឹម ៥០០ តោនក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។
លោក គ្រីស ម៉ាន (Chris Mann) សហស្ថាបនិកក្រុមហ៊ុន Bennamann បាននិយាយថា “ត្រាក់ទ័រប្រើមេតានរាវ T7 គឺជាត្រាក់ទ័រពិតប្រាកដដំបូងគេបង្អស់នៅលើពិភពលោក និងជាជំហានមួយទៀតឆ្ពោះទៅរកការលុបបំបាត់ការបញ្ចេញកាបូនក្នុងឧស្សាហកម្មកសិកម្មពិភពលោក និងសម្រេចបាននូវសេដ្ឋកិច្ចវិលជុំ”៕
ត្រាក់ទ័រ T7 ដើរដោយឧស្ម័នមេតានរាវ ដែលចម្រាញ់ពីអាចម៍គោ