ដោយៈប.ខុន/ភ្នំពេញៈ កង្វះទឹកស្អាតសម្រាប់ប្រើប្រាស់នៅកណ្តាលក្រុងព្រះសីហនុដែលកើតមានឡើងបន្ទាប់ពីបាក់ទំនប់អាងទឹកទី២ ដែលជាប្រភពទឹកសាបសម្រាប់ផ្គត់ផ្គង់ដល់ស្ថានីយផលិតទីក ស្អាតទី៣នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ឡើងវិញនៅយប់នេះ(៩មករា)ឬព្រឹកស្អែកក្រោយពីក្រុមការងារដែលដឹកនាំផ្ទាល់រយៈពេលពីរយប់ពីរថ្ងៃដោយលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទប់ទំនប់ដែលបាក់និងរៀបចំក្បាលបូមយកទឹកឆៅពីអាងទី១ត្រូវបានធ្វើរួចនៅល្ងាចថ្ងៃទី៩ខែមករានេះ។


លោកគួច ចំរើន បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៩ខែមករាឆ្នាំ២០២៣ថាទំនប់អាងទឹកទី២ដែលបានបាក់ហូរនាំយកក្បូលបូមទឹកឆៅទៅជាមួយអាចបិទតភ្ជាប់បានវិញនៅល្ងាចថ្ងៃនេះ(៩មករា)ជាមួយនឹងការតបណ្តាញថ្មី ដើម្បីបូមទឹកឆៅពីអាងទី១បញ្ជូនទៅស្ថានីយផលិតទឹកស្អាតទី៣សម្រាប់ផ្គត់ផ្គង់ដល់តំបន់កណ្តាលក្រុងព្រះសីហនុ ដែលពេលនេះក្រុមការងារគ្រប់ផ្នែកបានខិតខំទាំងយប់ទាំងថ្ងៃធ្វើយ៉ាងណាឱ្យការបញ្ជូនទឹកឆៅបានទៅដល់ស្ថានីយផលិតទឹកទី៣ឆាប់បំផុត។
ក្រោយពីទទួលបានដំណឹងស្តីពីករណីទំនប់អាងទឹកទី២ដែលជាប្រភពទឹកឆៅសម្រាប់បូមផ្គត់ផ្គង់ដល់ការផលិតទឹកស្អាតនៅស្ថានីយទី៣បានបាក់កាលពីយប់ថ្ងៃទី៧មករាដោយហូរនាំយកបណ្តាញអគ្គិសនីនិងក្បាលបូមទឹក ឆៅចេញពីក្នុងអាងទី២ទៅជាមួយជាហេតុនាំឱ្យខ្វះទឹកសម្រាប់ផលិតទឹកស្អាតនៅស្ថានីយទី៣រួចមកលោកគួច ចំរើន បានដឹកនាំក្រុមការងារចុះទៅពិនិត្យនិងបែងចែកការងារឱ្យក្រុមនីមួយៗចាប់ផ្តើមធ្វើជាបន្ទាន់ ដោយក្រុមទី១ធ្វើការជួសជុលក្បាលបូមទឹកឆៅឡើងវិញ, ក្រុមទី២រៀបចំបណ្តាញភ្លើងអគ្គិសនីឡើងវិញ,ក្រុមទី៣ធ្វើការទប់ទំនប់ដែលបាក់ឡើងវិញនិងក្រុមទី៤រៀបចំតបំពុងទឹកសម្រាប់បូមទឹកពីអាងទី១ដើម្បីបញ្ជូនទឹកឆៅទៅស្ថានីយ ផលិតទឹកស្អាតទី៣។
លោកគួច ចំរើន ត្រូវបានគេឃើញមានវត្តមាននៅកន្លែងទំនប់អាងទឹកដែលបាក់នេះចំនួន២យប់ពីរថ្ងៃមកហើយដើម្បីដឹកនាំបញ្ជាក្រុមការងារធ្វើយ៉ាងណាដើម្បី ឱ្យមានទឹកឆៅបានបញ្ជូនទៅដល់ស្ថានីយផលិតទឹកស្អាតនៅស្ថានីយទី៣ដើម្បីលិតទឹកស្អាតបញ្ជូនទៅផ្គត់ផ្គង់ដល់តំបន់កណ្តាលក្រុងព្រះសីហនុដែលកំពុងខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់បន្ទាប់ពីទំនប់ អាងទឹកទី២បានបាក់រួចមក។
នៅក្នុងឱកាសដឹកនាំក្រុមការងារទប់ទំនប់ខាងលើនេះលោកគួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុឱ្យប្រើប្រាស់ទឹកដោយការសន្សំសំចៃចំពោះកន្លែងទំនាប់ដែលនៅមានទឹកប្រើនិងក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋរស់នៅតំបន់ខ្ពស់នៃកណ្តាលក្រុងព្រះសីហនុដែលពុំមានទឹកស្អាតប្រើប្រាស់នៅក្នុងរយៈពេលខ្លីនេះ។
លោកគួច ចំរើន បញ្ជាក់ថាទោះបីទំនប់អាងទឹកទី២ដែលបាក់មិនទាន់ទប់ជាប់ ក៏យើងនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ឡើងវិញនៅយប់នេះ(៩មករា)ឬព្រឹក ស្អែកបន្ទាប់ពីរៀបចំបណ្តាញភ្លើងនិងក្បាលបូមទឹកនៅអាងទឹកទី១បានធ្វើរួច ដែលមានចម្ងាយប្រមាណជា២០០ម៉ែត្រពីអាងទី២ដែលបាក់នៅមានទឹកគ្រប់គ្រាន់សម្រាប់បូម។ ឯអាងទី៣និងអាងទី៤នៅមានទឹកច្រើនសម្រាប់យកទៅផលិតទឹកស្អាតមិនខ្វះទេ។
គួរនិយាយឱ្យដឹងថាទឹកស្អាតសម្រាប់ប្រើប្រាស់នៅក្រុងព្រះសីហនុសព្វថ្ងៃផ្គត់ផ្គង់ដោយក្រុមហ៊ុនឯកជន ដោយបានកសាងអាងទឹកចំនួន៤សម្រាប់ស្តុកទឹកបញ្ជូន ទៅផលិតទឹកស្អាតនៅស្ថានីយទី១បញ្ជូនទៅប្រើប្រាស់នៅតំបន់ស្ទឹងហាវ ស្ថានីយទី៣បូមទឹកឆៅពីអាងទី២បញ្ជូនទៅផ្គត់ផ្គង់នៅតំបន់កណ្តាលក្រុង អាងទី៣បញ្ជូនទៅស្ថានីយ ទី២សម្រាប់ផ្គត់ផ្គង់ដល់តំបន់មួយចំនួននៅស្រុកព្រៃនប់និងផ្នែកខ្លះនៃក្រុងព្រះសីហនុ។
លោក ចម ប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ នៅព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០២៣បានអញ្ជើញទៅពិនិត្យទំនប់អាងទឹកលេខ២ជាប្រភពទឹកឆៅសម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់ដល់ក្រុងព្រះសីហនុ ដែលបានបាក់កាលពីថ្ងៃទី៧មករា ធ្វើឱ្យខ្វះទឹកស្អាតសម្រាប់ប្រាស់នៅកណ្តាលក្រុង ព្រះសីហនុ៕ N