ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ៖ គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យនិងក្រុងនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ បានរៀបចំ មិទ្ទិញខួបអនុស្សាវរីយ៍លើកទី ៤៤ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩-២០២៣ និងសម្ភោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនថ្មី នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សពង្រឹងចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជាអធិបតី ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ចូលរួមដោយលោកស្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត/អភិបាលរងខេត្ត បន្ទាយមានជ័យ និងមន្ត្រីដឹកនាំ មន្ត្រីរាជការ កងកម្លាំង យុវជននៃគណបក្ស ប្រមាណ១.០០០នាក់។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអានសារលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានមានប្រសាសន៍ថា ជាការពិត ការរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៤ នៃទិវាជ័យជំម្នះ ៧ មករា គឺផ្សារភ្ជាប់គ្នា នៃដំណើរប្រវត្តិសាស្ត្រ ២០ មិថុនា ១៩៧៧ នៅកោះថ្ម ជាថ្ងៃដែល សម្ដេចតេជោធ្វើដំណើរឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូផ្នែកយោធារំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍
ប៉ុល ពត។
សារបានពន្លេចថា : នៅសល់រយៈពេល ៧ ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តិការជាតិប្រវត្តិសាស្ត្រមួយ មានអត្ថន័យយ៉ាងធំធេង ចំពោះជោគវាសនារបស់ជាតិ និងប្រជាជនកម្ពុជា ។ ប្រជាជនដែលបានឆ្លងកាត់ការបោះឆ្នោតសកលថ្នាក់ជាតិចំនួន ៦លើក និងការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ចំនួន ៥ លើក រួចមកហើយនោះ ពិតជាមានការយល់ដឹង និងមានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីធានាការការពារសន្តិភាព ជំរុញការអភិវឌ្ឍនិងលើកស្ទួយជីវភាពឱ្យបានកាន់តែប្រសើរឡើង។

សារសម្តេចតេជោបន្តថា : “យើងត្រូវកំចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួក ដែលកំពុងរត់គេចខ្លួន នៅក្រៅប្រទេស ឲ្យអស់ពីសង្គមជាតិយើង។ មិនត្រូវទុកឲ្យបន្តបំពុលសង្គម បំផ្លាញដំណើរការរីកចំរើន និងបង្កការបែកបាក់ជាតិ ដែលនឹងនាំទៅដល់គ្រោះ មហន្តរាយ ជាថ្មីទៀត សម្រាប់ប្រជាជាតិយើង”។

ឯរយ:ពេលកន្លងមក សារបានបញ្ជាក់ថា :ឆ្លងកាត់ រយៈពេល៤៤ឆ្នាំមកនេះបានបង្ហាញច្បាស់ថាផ្ដើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជាបាននិងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅដ៏ត្រឹមត្រូវដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ជាដើម ។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានថ្លែងថា នេះជាប្រវត្តិសាស្ត្រដែលតភ្ជាប់គ្នា ជាមួយនឹងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ គឺរចនាសម្ព័ន្ធអង្គការចាត់តាំងខាងយោធាកើតមុន និងអង្គការចាត់តាំងខាងនយោបាយកើតក្រោយ ។

លោកបន្ថែម ដោយរំលឹកគុណកងទ័ពស្ម័គ្រចិត្តវៀតណាម បក្ស រដ្ឋនិងប្រជាជន ដោយបញ្ជាក់ថា :ស្មារតី៧មករា បានកើតឡើងពីការផ្សំគ្នារវាងកងទ័ពវៀតណាមក្នុងភារកិច្ចសាមគ្គីភាពអន្តរជាតិនិងរណសិរ្ស២ធ្នូ ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ជំនួសមុខឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាទាំងមូល ខ្ញុំសូមថ្លែងអំណរគុណដ៍ស្មោះស្ម័គ្រ ចំពោះប្រជាជនទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានចូលរួមតាមគ្រប់មធ្យោបាយ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិយើង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដ៍ឆ្នើមរបស់ជាតិយើង។

ម្យ៉ាងទៀត ក្នុងឱកាសដ៏ថ្លៃថ្លនេះ ខ្ញុំក៏សូមកោតសរសើរដ៍ស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ក្នុងការបម្រើប្រជាជននៅក្នុងវិស័យនានា នៃដែនសមត្ថកិច្ចរបស់ខ្លួន ។
ចំពោះប្រសាសន៍សម្តេចតេជោត្រង់ចំណុចត្រូវកំចាត់មនោគមន៍វិជ្ជានយោបាយជ្រុលនិយមទាំងឆ្វេង ទាំងស្តាំ គឺត្រូវកម្ចាត់ចោលទាំងអស់នោះ មិនមែនមានន័យត្រូវកម្ទេចនិងកម្ចាត់អ្វីៗដូចប៉ុល ពត ដាក់គោលនយោបាយដែលនាំទៅរករបបប្រល័យពូជសាសន៍នោះឡើយ ។
ពោលគឺលោកបានផ្តាំផ្ញើ៩ចំណុចសំខាន់ៗ ដែលន័យការពារស្មារតី៧មករានិងសមិទ្ធផលពីសន្តិភាពកុំអោយនរណាក៏ដោយបំផ្លើស បំភ្លៃ បំភ្លេចនិងបំផ្លាញ ហើយធ្វើយ៉ាងសម្រេចអោយបានជ័យជម្នះភ្លូកទឹកភ្លូកដី ជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ខាងមុខ ។ N