ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការឆាលហ្វាន់ (Child Fund) បានរៀបចំគម្រោងរួមគ្នាមួយ ស្តីពីការលើកកម្ពស់អក្ខរកម្ម ឌីជីថល សម្រាប់គ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា ចំណេះទូទៅសាធារណៈ។

ពិធីនេះ បានធ្វើឡើងរវាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Prashant Verma នាយកអង្គការឆាលហ្វាន់ (Child Fund) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា គម្រោងនេះ មានគោលដៅ ឱ្យសាលារៀនគោលដៅ ចង្អុលបង្ហាញ តួនាទីដ៏សំខាន់ នៃអក្ខរកម្មឌីជីថល ក្នុងការសិក្សា ដើម្បីរួមចំណែកក្នុងការធ្វើ ឌីជីថលនីយកម្ម ក្នុងការអប់រំនៅកម្ពុជា ដោយឡែក កុមារនៅក្នុងសាលារៀន គោលដៅ សម្រេចបាននូវជំនាញ ក្នុងសតវត្សរ៍ទី២១ ដោយបានរៀនពីជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ ជាមូលដ្ឋាន ចំណេះដឹងឌីជីថល ជំនាញអក្ខរកម្មហិរញ្ញវត្ថុ ជំនាញការគិតប្រកបដោយការត្រឹះរិះពិចារណានិងការច្នៃប្រឌិត ទៅតាមកម្រិតថ្នាក់ រៀងៗខ្លួន។

មិនតែប៉ុណ្ណោះ គម្រោងមានគោលដៅជួយពង្រឹងប្រព័ន្ធរដ្ឋាភិបាលពីថ្នាក់ជាតិ ដល់សាលារៀន ដើម្បីអាចអនុម័ត គាំទ្រ និងអនុវត្តបានល្អបំផុត ក្នុងការធ្វើឌីជីថល នីយកម្ម ក្នុងការអប់រំ ព្រមទាំងពង្រឹងយន្តការផ្លូវការ និងក្រៅផ្លូវការ ស្តីពីសុវត្ថិភាពកុមារ តាមអ៊ីនធឺណិត នៅក្នុងសាលារៀនគោលដៅ និងសហគមន៍។

តាមរយៈបទបង្ហាញ ស្តីពីការសិក្សាស្រាវជ្រាវ ដោយតំណាងអង្គការខេប លោក បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានគាំទ្រឱ្យមានការរៀបចំ និងអនុវត្តគម្រោងអក្ខរកម្ម ឌីជីថល ដែលមានរយៈពេល ៣ ឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សាគោលដៅ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោកបណ្ឌិតសភាចារ្យ បានផ្តល់នូវធាតុចូលមួយចំនួន ដើម្បីជាមូលដ្ឋាន ក្នុងការរៀបចំគម្រោង និងបានផ្តល់អនុសាសន៍ឱ្យអង្គការឆាលហ្វាន់ ពិភាក្សាជាមួយ ក្រុមការងារដែលជាអង្គភាពជំនាញ របស់ក្រសួងអប់រំ ដោយធ្វើយ៉ាងណាឱ្យ ការអនុវត្តគម្រោងនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រមទាំងធានាបាន នូវនិរន្តរភាព៕ V / N