ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ អមដំណើរដោយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រះសង្ឃ អស់លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួម ក្នុងពិធីមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (៧-០១-១៩៧៩ – ៧-០១-២០២៣) នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ ។

នៅក្នុងកម្មវិធីនេះ លោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអានសុន្ទរកថារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ។

ឆ្លៀតនៅក្នុងឱកាសនេះ លោកបណ្ឌិត ជា ចាន់តូ បានបញ្ជាក់ថាៈ ឆ្លងកាត់រយៈ ពេល ៤៤ ឆ្នាំ មកនេះ បានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខ ឥតឈប់ឈរ តាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជន។ កម្ពុជា បានប្រែក្លាយ ពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពី ការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយ ដែលខឿនសេដ្ឋកិច្ចជាតិ ត្រូវបំផ្លាញខ្ទេចខ្ទី ទៅជាទឹក ដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍ លើគ្រប់វិស័យ។ ប្រជាជនគ្រប់រូប បានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

លោកបណ្ឌិត បានបន្តទៀតថាៈ ភាពពិតជាក់ស្ដែងទាំងនេះ បានបញ្ជាក់ច្បាស់ អំពី ការផ្លាស់ប្តូរដ៏ធំធេង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលកើតពីការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីការចូលរួម របស់ប្រជាជនគ្រប់ស្រទាប់ វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ ពីការចូលរួមនៃវិស័យឯកជន និងសង្គមស៊ីវិល ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភ ដ៏ស្មោះសរពីសំណាក់ បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។

សម្រាប់សហភាពសហព័ន្ធយុវជន ខេត្តកំពង់ធំ ក៏បានឡើងប្ដេជ្ញាចិត្តថាៈ ដើម្បីជា សក្ខីភាពនៃការដឹងគុណូបការៈ នៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ យើងខ្ញុំសូមធ្វើការ សច្ចា និងប្ដេជ្ញាចិត្តដូចតទៅ ប្ដេជ្ញាការពារស្មារតី៧មករា រាជរដ្ឋាភិបាលស្របច្បាប់ និងបុព្វការីថ្ងៃជ័យជម្នះ៧មករា ជារៀងរហូត។ ការពារសមិទ្ធផល៧មករា ការពារឯករាជ្យ អធិបតេយ្យជាតិ សន្តិភាព ស្ថិរភាព ឲ្យបានជាដាច់ខាត។ ចូលរួមយ៉ាងសកម្ម ស្មោះត្រង់ ដោយស្មារតីមុតស្រួច ក្នុងការកែទម្រង់ដ៏ស៊ីជម្រៅ ក្រោមអភិក្រមទាំងប្រាំ(ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)។ គាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីគេជោ ហ៊ុន សែន បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស យូរអង្វែងតទៅ៕ V/ N