ដោយ៖ដេប៉ូ/ភ្នំពេញ៖សត្វត្រដក់ធំជាសត្វដ៏កម្រ និងស្ទើរផុតពូជនៅលើពិភពលោក ប៉ុន្តេសត្វនេះកំពុងមានវត្តមាននៅប្រទេសកម្ពុជា ព្រមជាមួយនឹងកំពុងទទួលបានយកចិត្តទុកដាក់ការការពារយ៉ាងតឹងរឹងពីសំណាក់ក្រសួងបរិស្ថាន អង្គការដៃគូ សហគមន៍មូលដ្ឋាននិងភាគីពាក់ព័ន្ធដទៃទៀត។

ត្រដក់ធំ មានឈ្មោះជាភាសា អង់គ្លេស Greater Adjutant និងឈ្មោះវិទ្យាសាស្រ្ត Leptoptilos dubius៖ ត្រដក់ធំ ជាប្រភេទសត្វស្លាបជិតផុតពូជលើពិភពលោក ដែលមាននៅក្នុងបញ្ជីក្រហមរបស់IUCN ។ យោងតាមទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៣ថា៖សត្វត្រដាក់ធំប្រភេទនេះ មានវត្តមាននៅប្រទេសកម្ពុជា បង់ក្លាដេស នេប៉ាល់ ភូមា ថៃ វៀតណាម និង មានកន្លែងបន្តពូជតែនៅប្រទេសឥណ្ឌា និង កម្ពុជាប៉ុណ្ណោះ។ ចំនួនសរុបសត្វប្រភេទនេះមានក្នុងពិភពលោក ត្រូវបានប៉ានប្រមាណក្នុងចន្លោះ៨០០ទៅ១.២០០ក្បាល (ភាគច្រើនមានក្នុងប្រទេសឥណ្ឌា និងកម្ពុជា ) ។ វាមាន ប្រវែងខ្លួន ១៤៥-១៥០ស.ម សត្វពេញវ័យ៖ បណ្តោយដងខ្លួនធំ ឆ្នូតផ្ទាំងស្លាបលើពណ៌ប្រផះ មានរោមសនៅគល់ក។

ពេលបន្តពូជ៖ មានពណ៌ខ្មៅគល់ចំពុះ និងកពណ៌ស្លាទុំ។ ទីជម្រក ៖ ព្រៃរនាម(ព្រៃលិចទឹកតាមរដូវ) តំបន់ដីសើម និងព្រៃល្បោះ មានបនា្ទយពងកូនយ៉ាងធំនៅតំបន់រ៉ាមសា រ ព្រែកទាល់ ដែលជាតំបន់ស្នូលនៃឋបនីយជីវមណ្ឌលបឹងទន្លេសាបប្រទេសកម្ពុជា និងជាបនា្ទយពងកូនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាបន្ទាយពងកូនធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីតំបន់អាសាម ប្រទេសឥណ្ឌា។

លក្ខណៈជីវសាស្ត្រ៖ ស៊ីត្រី កណ្តុរ កង្កែប និងជួនកាលស៊ីគំរង់ និងស៊ីកូនសត្វស្លាបដទៃនៅរដូវបន្តពូជម្តងម្កាល។ រដូវបន្តពូជ៖ ចាប់ពីខែវិច្ឆិកា ដល់ខែមេសា មានពងចំនួនពី២-៤។ បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប ប្រភេទនេះបាននាំកូនចៅផ្លាស់ទី ទៅកាន់តំបន់ ដីសើមផ្សេងៗទៀតក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងដើម្បីរស់នៅ និងរកចំណី។

ជាក់ស្តែងត្រដក់ធំតែងមានវត្តមានជាប្រចាំនៅអាហារដ្ឋានត្មាតក្នុងដែនជម្រកសត្វព្រៃសៀម ប៉ាងក្នុងខេត្តស្ទឹងត្រែងចាប់ពីខែសីហា ដល់ខែកញ្ញា និងមានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវចន្លោះចាប់ពីខែមិថុនា ដល់ខែសីហា។ សត្វនេះ ត្រឡប់មកកាន់តំបន់បឹងទន្លេ សាប វិញ នៅរដូវបន្តពូជ។

កត្តាគំរាមកំហែងសំខាន់ៗ ទៅលើប្រភេទនេះគឺ៖ ការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការជួញដូរ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាពមនុស្ស។ ប្រភេទត្រដក់ធំនេះ ត្រូវបានការពារយ៉ាងតឹងរឹង នៅតាមតំបន់ការពារធម្មជាតិ ដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ជាពិសេសកន្លែងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខេត្តបាត់ដំបង ហើយក៏បាននិងកំពុង អនុវត្តកម្មវិធីពិនិត្យ អង្កេតតាមដាន ពីបម្រែបម្រួលចំនួនប្រភេទនេះផងដែរ ដែលបច្ចុប្បន្នមានចំនួនសរុប២០០គូដែលចំនួននេះស្មើនឹងប្រមាណជា៥០ភាគរយនៃចំនួនសរុបទូទាំងពិភពលោក៕/R